ប្រធានគណបក្សថ្មីមួយ​បន្តប្តឹងលោក​ ហោ ណាំហុង​ ទៅ​ឧទ្ធរណ៍​ពី​បទបរិហារកេរ្តិ៍

រដ្ឋមន្រ្តីការបរទេស លោក ហោ ណាំហុង និង​លោក សួន សេរីរដ្ឋា

 

ប្រ​ធាន​គណបក្ស​ថ្មីមួយ​បាន​បន្ត​ប្តឹងរដ្ឋមន្ត្រីក្រ​សួងការបរទេសទៅសាលា​ឧទ្ធរណ៍​ចំពោះ​សំណុំរឿង​បរិហារកេរ្តិ៍​បន្ទាប់​ពី​សាលាដំបូង​រាជធានីភ្នំពេញ​សម្រេច​តម្កល់​ឥតចាត់​ការ​បណ្តឹង​មួយ​នេះ។

កាលពី​ថ្ងៃទី២៩ ខែ​មករា​ ឆ្នាំ២០១៦ ព្រះ​រាជអាជ្ញារង លោក មាស ច័ន្ទពិសិដ្ឋ បាន​ជូនដំណឹងទៅ​លោក​សួន ​សេរីរដ្ឋាពី​ការ​តម្កល់​ឥតចាត់​ការ​បណ្តឹង​របស់​លោកទាក់​ទងនឹងការប្តឹង​ចោទប្រ​កាន់រដ្ឋមន្ត្រីក្រ​សួងការបរទេសលោក ហោ ណាំហុង ពីបទបរិហារកេរ្តិ៍។ សាលាដំបូងបាន​ទុក​រយៈពេល​៦០ថ្ងៃសម្រាប់​លោក សួន សេរីរដ្ឋា ប្តឹងឧទ្ធរណ៍ទាស់នឹងការសម្រេចនេះ។

ប្រ​ធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន​ សេរី​រដ្ឋា ប្រាប់វីអូឌី(VOD)ថា​លោក​បាន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីព្រឹកមិញ ​ដើម្បី​បំពេញឯកសារប្តឹងឧទ្ធរណ៍​ទាស់​នឹង​ការសម្រេច​តម្កល់​បណ្តឹងរបស់​លោក​មិន​ចាត់ការ។ លោក​បន្ត​ថា​លោក​បាន​ផ្តិតមេដៃនិង​បំពេញ​សំណុំ​រឿង​នៅ​សាលាដំបូងដើម្បី​អនុ​ញ្ញាតឲ្យ​សាលាដំបូង​បញ្ជូន​សំណុំ​រឿងរបស់លោក​ទៅ​សាលាឧទ្ធរណ៍។

លោក សួន សេរីរដ្ឋា ឲ្យ​ដឹង​ទៀត​ថា​លោកប្តឹង​លោក​ ហោ ណាំហុង ពី​បទបរិហារកេរ្តិ៍នេះ គឺ​ដើម្បី​រក្សា​កិត្តិយស​របស់​គណបក្ស​ក៏​ដូច​ជា​សកម្មជន​របស់​គណបក្ស ដោយ​លោក​ថាគណបក្សនេះ​មិន​មាន​ជាភេរវជន ដូចការលើក​ឡើង​របស់​លោក ហោ ណាំហុង កាលពី​ដើម​ខែ​ធ្នូ ឆ្នាំ២០១៥ នោះទេ។ លោក​បន្តថា តុលាការកន្លងមក​បាន​ចាត់ការបណ្តឹង​បរិហារកេរិ៍​ជា​ច្រើន​សំណុំ​រឿង​ដែល​ប្តឹងដោយគណបក្ស​ប្រ​ជា​ជនកម្ពុជាប្រឆាំង​អ្នក​នយោបាយ​មួយ​​ចំនួន​នៅ​កម្ពុជា តែ​លោកដាក់​ជាចម្ងល់​ពី​មូលហេតុ​ដែល​តុលាការ​មិន​ចាត់​ការ​បណ្តឹង​របស់​លោក។

លោក​បន្ថែមថា៖ “ហើយកាលណាគណបក្សប្រ​ជា​ជនប្តឹង គឺតុលាការកាត់ក្តីហើយ ហើយកាត់ក្តីឲ្យគណបក្ស​ប្រ​ជាជន​ឬ អ្នក​ប្តឹងឈ្នះហើយ ប៉ុន្តែវាចំឡែកខ្ញុំ​ប្តឹងលោក ហោ ណាំហុង​ វិញហេតុអ្វីតុលាការ​អត់ហានយកមក​កាត់​ក្តី… ខ្ញុំ​ប្តឹងនេះគឺការអនុវត្តសិទ្ធិដែលមាន​ចែងនៅក្នុងច្បាប់ ហើយ​បើតុលាការ​អត់កាត់ទោស ឬតម្កល់រឿងទុកទៀត តុលាការនេះ​បង្ហាញឲ្យឃើញ​ថា​តុលាការជាឈ្នាន់របស់គណបក្ស​ប្រ​ជាជន​កម្ពុជាពិតប្រាកដ”

គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ លោក សួន សេរីរដ្ឋា បានដាក់ពាក្យបណ្តឹងទៅសាលាដំបូ​ងរាជធានីភ្នំពេញ ប្តឹងលោក ហោ ណាំហុង ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង។ បើតាមពាក្យបណ្ដឹង លោក សួន សេរីរដ្ឋា ទាមទារសំណងជំងឺចិត្តចំនួន៥០០លានរៀលដោយថានឹងយកថវិកាទាំងនេះជួយមន្ទីរពេទ្យគន្ធបុប្ផា។

យ៉ាងណាក៏ដោយ កន្លងទៅ មេធាវីការពារក្ដីឲ្យលោក ហោ ណាំហុង គឺលោក ការ សាវុត្ថ បានចេញលិខិតមួយច្បាប់ដោយលើកឡើងថាលោក ហោ ណាំហុង មិនបានបរិហាកេរ្តិ៍លោក សួន សេរីរដ្ឋា នោះទេ។ លោកបន្តថាកូនក្តីរបស់លោកគ្រាន់តែនិយាយអ្វីដែលតុលាការបានសម្រេចកាលពីកន្លងមក។ លិខិត​បានរៀបរាប់ថាសាលាឧទ្ធរណ៍តម្កល់ទុកជាបានការនូវសាលក្រមព្រហ្មទណ្ឌរបស់សាលាដំបូងរាជធានីភ្នំ​ពេ​ញចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ ដែលបានផ្តន្ទាទោសលោក សួន សេរីរដ្ឋា ដាក់ពន្ធនាគារ៧ឆ្នាំនិងពិន័យជាប្រាក់២៥លានរៀលពីបទញុះញង់ប្រព្រឹត្តបទក្រិដ្ឋជាអាទិ៍ រួមគំនិតក្បត់និងអំពើរារាំងប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោតនិងបង្កការរំខានមិនឲ្យដំណើរការបោះឆ្នោតបាន។ ករណីនេះ លោក សួន សេរីរដ្ឋា ត្រូវបានព្រះមហាក្សត្រលើកលែងទោស កាលពីខែកក្កដា ឆ្នាំ២០១៥៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ