លោកនាយរដ្ឋមន្ត្រីអំពាវនាវឲ្យស្ថានប័នរដ្ឋនិងឯកជន រួមទាំងប្រជាពលរដ្ឋថែរក្សាបរិស្ថាននៅតាមដងទន្លេឲ្យបានស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរ និងទុកជាមរតកដល់មនុស្សជំនាន់ក្រោយ។
ក្នុងសារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ចូលរួមអបអរបុណ្យទន្លេ ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែមីនានេះ លោកបានអំពាវនាវឲ្យប្រតិបត្តិករទេសចរណ៍ ជាតិ អន្តរជាតិ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចូលរួមថែរក្សាសោភ័ណភាព អនាម័យ បរិស្ថាននៅតាមដងទន្លេ។
លោកនាយករដ្ឋមន្ត្រីលើកឡើងទៀតថា ការរៀបចំបុណ្យទន្លេ ការថែរក្សាបរិស្ថាននឹងអាចជួយធ្វើឲ្យកម្ពុជាក្លាយទៅជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ដែលអាចផ្តល់ប្រាក់ចំណូល បង្កើនការងារ និងកាត់បន្ថយភាពក្រីក្រ។
លោក ហូ វណ្ឌី អគ្គលេខាធិការសម្ព័ន្ធទេសចរណ៍ជាតិកម្ពុជា មានប្រសាសន៍ថា ១០ឆ្នាំចុងក្រោយនេះវិស័យទេសចរណ៍ មានការីកចម្រើនខ្លាំង ប៉ុន្តែលោកថា អនាម័យទាំងលើគោក និង ក្នុងទឹកនៅតែចោទជាបញ្ហា។ លោក ជំរុញឲ្យអ្នកពាក់ព័ន្ធរៀបចំផែនការដោះស្រាយឲ្យបានច្បាស់លាស់។ លោកថា៖ «ក្នុងករណីអាជ្ញាធរថ្នាក់ក្រោមជាតិ លោកជួយជ្រោមជ្រែង មិនបាច់ធ្វើដល់១០០ភាគរយទេទាន! ត្រឹមតែ៣០ទៅ៥០ភាគរយ ចេញតែគំនិត កម្លាំងបន្តិចបន្តួចទេទានណា! មិនអស់លុយទេ! ការគៀងគរប្រជាជន ជាពិសេសអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ហ្នឹង លោកគ្រាន់តែជួយ តាមរោងចក្រក្តី ទីប្រជុំជន ផ្សារ ណាទានណា! ឲ្យគាត់រក្សាអនាម័យដោយខ្លួនគាត់រក្សាអនាម័យដោយខ្លួនគាត់ មួយខែឬពីរខែជុំគ្នាម្តងធ្វើអនាម័យរួមហ្នឹង ខ្ញុំជឿថាអាចធ្វើទៅរួច»។
លោក ហូ វណ្ឌី បន្តថា កាលពីឆ្នាំ២០១៤លោកធ្លាប់ស្នើសុំលោកនាយករដ្ឋមន្ត្រីឲ្យដាក់ផែនការណ៍តម្រូវឲ្យវិស័យរដ្ឋ និង ឯកជនជួយសហការសំអាតបរិស្ថានដើម្បី ទាក់ទាញភ្ញៀវទេសចរ។ លោកថា ពេលនោះមានការឯកភាព តែថា ការអនុវត្តធ្វើឡើងបានតែមួយពេលខ្លីប៉ុណ្ណោះ។
ការប្រារព្ធធ្វើបុណ្យទន្លេនៅឆ្នាំនេះ គឺជាលើកទី៣ ដែលរដ្ឋាភិបាលរៀបចំធ្វើឡើងនៅក្នុងខេត្តស្ទឹងត្រែង។ ប្រធានបទនៃបុណ្យទន្លេឆ្នាំនេះ ក្រោមប្រធានបទ ផ្សារភ្ជាប់ប្រជាជន ទេសចរណ៍ វប្បធម៌ និងបរិស្ថាន៕