ពលរដ្ឋខេត្តកោះកុង ខកចិត្តនឹងការសន្យាដោះស្រាយដីធ្លីដោយក្រសួងដែនដី

ពលរដ្ឋមានជម្លោះដីធ្លីនៅកោះកុង (ឃុត សុគន្ធ)

អ្នកមានជម្លោះដីធ្លីមកពីខេត្តកោះកុង នៅថ្ងៃអង្គារនេះ សំដែងការខកចិត្តនឹងការសន្យាដោះស្រាយដីធ្លីដែលបានអូយបន្លាយជាង១០ឆ្នាំមកនេះ ខណៈមន្រ្តីក្រសួងដែនដីបានកោះហៅពលរដ្ឋទៅជួបនៅព្រឹកនេះតែពលរដ្ឋថាមិនមានដំណោះស្រាយដដែល។

តំណាងពលរដ្ឋអ្នកស្រី ផាវ ញើង ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជួបជាមួយគណៈកម្មការផ្នែកដោះស្រាយ  បញ្ហាដីធ្លីថា ក្រសួងបានហៅពួកគាត់ទៅជួប ដើម្បីដោះស្រាយបញ្ហានេះ ប៉ុន្តែគ្មានលទ្ធផលអ្វីឡើយ។

អ្នកស្រីសម្ដែងការខកចិត្ត ដោយថាក្រសួងបានសន្យាជាមួយគាត់ថា នឹងដោះស្រាយបញ្ហាដីធ្លីនេះឲ្យបានចប់ក្នុងរយៈពេល៣សប្ដាហ៍ ប៉ុន្តែមកដល់ពេលនេះបែរជាអត់ទៅវិញ។

អ្នកស្រីថា «ខ្ញុំចង់បានឲ្យរដ្ឋាភិបាលទទួលខុសត្រូវនូវសំណងខូចទាំងអស់នេះឲ្យពួកយើងបានលឿនរហ័ស  សំណូមពួកខ្ញុំចុងក្រោយ គឺសូមឲ្យគាត់​ដោះស្រាយមុនឬក៏មុនចូលឆ្នាំខែ្មរ ប៉ុន្តែគាត់ថាមិនអាចកំណត់បានទេ ចឹងបានយើងអស់សង្ឃឹមកន្លែងនេះ»។

ពលរដ្ឋម្នាក់ទៀត អ្នកស្រី គេង ហន លើកឡើងថា កន្លងមក ក្រសួងបានសន្យាជាមួយពួកគាត់ជាច្រើនដងថានឹងពន្លឿការដោះស្រាយ ប៉ុន្តែមកដល់ថ្ងៃនេះនៅមិនទាន់ទទួលបានលទ្ធផលអ្វីឡើយ។ អ្នកស្រីថា ប្រសិនបើក្រសួងនិងស្ថាប័នពាក់ព័ន្ធនៅមិនព្រមដោះស្រាយឲ្យពួកគាត់ទេ ពួកគាត់នឹងនាំគ្នាតវ៉ានៅតាមស្ថាប័នផ្សេងៗដើម្បីឲ្យសហគមន៍ជាតិ និងអន្តជាតិបានឃើញពីភាពអយុត្តិធម៌នេះ។

អ្នកស្រីថា «គាត់នៅតែមានលេសខែនេះ ខែនោះ ថ្ងៃនេះ ថ្ងៃនោះ ចឹងបងប្អូនទាំងមានសង្ឃឹមអត់ លើក..ក្រោយគាត់ថា គាត់សុំ ៣ អាទិត្យ ដល់ពេលចុងបញ្ចប់អត់ដដែល  លូវគាត់ថាគាត់ឈប់សន្យាហើយ ព្រោះក្រុមហ៊ុន គេមិនព្រម​។ ចឹងពួកខ្ញុំនៅបន្តដើរទៀត ទោះដេញពួកខ្ញុំយ៉ាង ពួកខ្ញុំនឹងទៅយកដីពួកខ្ញុំទាំងអស់គ្នា។ បើទៅយកគេវាយ ធ្វើបាប ហើយបើស្លាប់ក៏ស្លាប់នៅនឹងកន្លែងហ្នឹងទៅ រស់នៅក៏គ្មានន័យដែល ប្រជាពលរដ្ឋខ្ញុំគ្មាន ដីធ្លី គ្មានស្រូវអង្ករ ហូប កូនក៏លំបាកមិនបានរៀន​ សុខចិត្តបើវាងាប់ចប់»។

គណៈកម្មការផ្នែកដោះស្រាយបញ្ហាដីធ្លីនៅក្រសួងដែនដី លោក ទេព ធន មានប្រសាសន៍ថា ក្រសួងនៅតែបន្តដោះស្រាយឲ្យប្រជាពលរដ្ឋ ហើយការដែលមិនកំណត់ពេលជាក់លាក់នេះ មិនមែនក្រសួងដកខ្លួនចេញឈប់ដោះស្រាយនោះទេ ដោយថាលោក បញ្ហាដីធ្លីនេះមានភាពស្មុគស្មាញ។

លោកថា «យើងមិនអាចសន្យាពីពេលវេលាកំណត់ជូនពួកគេបានទេ ពីព្រោះអ្វីដែលយើងធ្វើ មិនអាចធ្វើតែម្នាក់ឯងបានទេ វាពាក់ព័ន្ធគ្រប់ស្ថាប័នចម្រុះក្នុងរដ្ឋាភិបាលក៏ដូចជានៅក្នុងមូលដ្ឋាន។ ចឹងយើងមិនអាចថាមុនបានទេ ប៉ុន្តែគ្រាន់តែយើងមានឆន្ទៈក្នុងការដោះស្រាយបញ្ហាទាំងនេះហើយពួកគាត់បានជ្រាបអំពីដំណើររឿងនេះហើយ»។

ក្រុមពលរដ្ឋអះអាងថា ពួកគេជិត២០០គ្រួសារនៅស្រុកស្រែអំបិលនិងស្រុកបុទមសាគរខេត្តកោះកុងបាន​បាត់ បង់​ដីទំ​​ហំ​៨៤​១​​ហិកតាតាំងពីឆ្នាំ២០០៦និងខ្លះ២០០៩ ដែលអ្នកតវ៉ាចោទថាដីទាំងនោះ​​ត្រូវ​​បា​​ន​ក្រុមហ៊ុ​​ន​នៅខេ​ត្តនោះរំលោភយក គឺមានក្រុមហ៊ុនរបស់ លោក ហេង ហ៊ុយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ