វិភាគ៖ តើ​ការ​កេង​ចំណេញ​នយោបាយ​លើ​សព​បុគ្គល​សំខាន់ៗ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ដូចម្ដេច​អំពី​សង្គម​កម្ពុជា?

លោក សុខ អាន កាលពីពេលកន្លងទៅ

បើ​គេ​ក្រឡេក​មើល​ត្រឹម​រយៈ​ពេល ៣​ឆ្នាំ​ចុង​ក្រោយ​នេះ ឥស្សរជន​នយោបាយ ឬ​បុគ្គល​សំខាន់ៗ​មិន​ក្រោម ៥​រូប​ទេ បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ ឬ​ដោយសារ​ជរា​ពាធ និង​រឹត​តែ​គួរ​ឲ្យ​សង្វេគ​នោះ គឺ​បុគ្គល​សំខាន់​ខ្លះ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​យ៉ាង​សហាវ ​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ។

នៅ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច និង​ដឹកនាំ​រដ្ឋាភិបាល​នោះ ពួកគេ​បាន​បាត់​បង់​ឥស្សរជន​សំខាន់ៗ​ដែល​ជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ ដូច​ជា ប្រធាន​គណបក្ស​កាន់​អំណាច លោក ជា ស៊ីម តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​តាកែវ និង​ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ លោក សូរ ឃុន រដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ និង​សាសនា លោក មិន ឃិន ហើយ​ថ្មីៗ​នេះ ពួកគេ​បាត់​បង់​លោក សុខ អាន ដែល​ជា​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​តាកែវ ជា​​ឧបនាយករដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី។ មិន​ត្រឹម​តែ​ជា​មនុស្ស​សំខាន់​ម្នាក់​នៅ​ក្នុង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​ទេ លោក សុខ អាន ក៏​ជា​ដន្លង​ជាមួយ​លោក​​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ផង​ដែរ។

ចំណែក​ខាង​គណបក្ស​ប្រឆាំង​វិញ ពួកគេ​បាន​បាត់​បង់​តំណាង​រាស្ត្រ​ម្នាក់ គឺ​លោក ប៉ែន សុវណ្ណ ដែល​បាន​ទទួល​មរណភាព​កាល​ពី​ចុង​ខែ​តុលា​ឆ្នាំ​មុន បន្ទាប់​ពី​ទ្រាំ​ទ្រ​នឹង​ជំងឺ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ មិន​ត្រឹម​តែ​ជា​តំណាង​រាស្ត្រ​នោះ​ទេ លោក ប៉ែន សុវណ្ណ ក៏​ជា​អតីត​នាយករដ្ឋ​មន្ត្រី​កម្ពុជា​នៅ​ក្រោយ​ការ​ដួល​រលំ​ទៅ​នៃ​របប​ខ្មែរ​ក្រហម​ផង​ដែរ ពោល​គឺ​ជា​អតីត​មេ​ដឹកនាំ​​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។

ក្រៅ​ពី​ឥស្សរជន​នយោបាយ​នៅ​ក្នុង​គណបក្ស​ទាំង​ពីរ​នេះ អ្នក​សិក្សា​ស្រាវ​ជ្រាវ​បញ្ហា​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ​ដ៏​ល្បី​ល្បាញ លោក កែម ឡី ក៏​បាន​ស្លាប់​នៅ​ក្នុង​ឆ្នាំ​២០១៦​កន្លង​មក​នេះ ប៉ុន្តែ មិន​មែន​ស្លាប់​ដោយសារ​ជំងឺ ឬ​ជរា​ពាធ​នោះ​ឡើយ នោះ​ក៏​ព្រោះ​តែ​ការ​បាញ់​ប្រហារ​ពី​ខ្មាន់​កាំភ្លើង អំឡុង​ពេល​លោក​ពិសារ​កាហ្វេ​នៅ​ក្នុង​ម៉ាត ស្ថិត​ក្នុង​ការ៉ាស់​សាំង​កាល់តិច ម្ដុំ​ស្តុប​បូកគោ។

ជា​ការ​ពិត កើត​ចាស់​ឈឺ​ស្លាប់ គឺ​ជា​ដំណើរ​វិឌ្ឍន៍​តាម​ធម្មជាតិ​របស់​មនុស្ស​ជាតិ​ទៅ​ហើយ ប៉ុន្តែ មរណភាព​របស់​ឥស្សរជន​នយោបាយ ឬ​បុគ្គល​​សំខាន់ៗ បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​លេច​ធ្លោ​នៅ​លើ​ទំព័រ​សារព័ត៌មាន ឬ​ក៏​ក្លាយ​ទៅ​ជា​ប្រធាន​បទ​​ជជែក​វែក​ញែក​នៅ​ក្នុង​ចំណោម​​​អ្នក​តាម​ដាន​ស្ថានការណ៍​សង្គម និង​នយោបាយ​ប្រទេស​ជាតិ។

ឥស្សរជន​នយោបាយ ឬ​បុគ្គល​សំខាន់ៗ​ទាំង​នោះ បានលា​ចាក​លោក​ទៅ​ហើយ ប៉ុន្តែ អ្វី​ដែល​ជា​បញ្ហា​ដ៏​ចម្រូង​ចម្រាស់​នោះ គឺ​ថា មរណភាព​អ្នក​ទាំង​នោះ ត្រូវ​បាន​អ្នក​នៅ​រស់​រាន​មាន​ជីវិត​​​ប្រើ​ប្រាស់​ដើម្បី​វាយ​ប្រហារ លាប​ពណ៌ និង​បង្កាច់​បង្ខូច​​​គ្នា​ទៅ​វិញ។

ជុំ​វិញ​ការ​ប្រើ​ប្រាស់​មនុស្ស​ស្លាប់​សម្រាប់​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​នេះ សាស្ត្រ​ចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក សូរ ចន្ថា បាន​កត់​សម្គាល់​ឃើញ​ថា វា​ពិត​ជា​បាន​កើត​ឡើង​នៅ​ក្នុង​សង្គម​នយោបាយ​កម្ពុជា មិន​ថា​នៅ​ពេល​ឥស្សរជន​នយោបាយ​បក្ស​កាន់​អំណាច ឬ​បក្ស​ប្រឆាំង ឬ​បុគ្គល​ល្បី​ឈ្មោះ​ណា​មួយ ទទួល​មរណភាព​នោះ​ទេ។

​លោក សូរ ចន្ថា បញ្ជាក់ថា​៖ “ជុំ​វិញ​ការ​ប្រមាថ​ ឬ​ការ​លាប​ពណ៌​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​កម្ពុជា​យើង​នេះ យើង​ឃើញ​ថា មិន​មែ​នមាន​តែ​ឥស្សរជន​នយោបាយ​នៃ​គណបក្ស​នីមួយៗ​នោះ​ទេ ក៏​ប៉ុន្តែ មាន​ទាំង​ស្រទាប់ពលរដ្ឋ​តាំង​ពី​ថ្នាក់មូលដ្ឋាន​រហូត​ដល់​ថ្នាក់​ជាតិ មាន​ការ​លាប​ពណ៌​គ្នា”។

គេ​អាច​នៅ​ចាំ​បាន​ថា បន្ទាប់​ពី​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦​កន្លង​មក លោក កែម ឡី ត្រូវ​បាន​មហា​ជន​យ៉ាង​ច្រើន​សម្ដែង​ការ​សោក​ស្ដាយ និង​បាន​តម្រង់​ជួរ​គ្នា​ទៅ​អុជ​ធូប​អុជ​ទាន ព្រម​ទាំង​​គោរព​សព​អ្នក​វិភាគ​នយោបាយ​ដ៏​ល្បី​ល្បាញ​រូប​នេះ ប៉ុន្តែ មនុស្ស​មួយ​ក្រុម​ទៀត បែរ​ជា​និយាយ​វាយ​ប្រហារ និង​បន្តុះ​បង្អាប់លើ​អ្នក​វិភាគ​រូប​នេះ។

ខណៈ​ដែល​ប្រជា​ពលរដ្ឋ​ជាច្រើន សោក​ស្ដាយ និង​ថ្កោល​ទោស​លើ​ឃាតកម្ម​ដ៏​សហាវ​ទៅ​លើ​សារព័ត៌មាន Fresh News ដែល​គេ​ដឹង​ថា​គាំ​ទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ បាន​ចុះ​ផ្សាយ​អត្ថបទ​ជា​បន្ត​បន្ទាប់​ ជុំ​វិញ​ឃាតកម្ម​លើ​លោក កែម ឡី។ សារព័ត៌មាន​នេះ បាន​ចោទ​​ជា​សំណួរ​ថា តើ​អ្នក​ណា​ត្រេក​អរ​ទទួល​បាន​ផល​ពី​ឃាតកម្ម​នេះ ហើយ​ក៏​បាន​ឆ្លើយ​ផង​ដែរ​ថា គឺ​មាន​តែ​គណបក្ស​ប្រឆាំង​ទេ។ អត្ថបទ​របស់​សារព័ត៌មាន​នេះ បាន​ព្យាយាម​លាតត្រដាង​ថា លោក កែម ឡី ត្រូវ​បាន​គណបក្ស​ប្រឆាំង​រៀបចំ​ធ្វើ​ឃាត ដោយ​បាន​ភ្ជាប់​ខ្មាន់​កាំភ្លើង​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នោះ ថា ជា​អង្គរក្ស​ម្នាក់​ដែល​លោក ឡុង រី ជួល​ឲ្យ​ការពារ​លោក កឹម សុខា។

ជាង​នេះ​ទៅ​ទៀត សារព័ត៌មាន​ដើមអម្ពើល​របស់​លោក សយ សុភាព បាន​ចុះ​ផ្សាយ​​ថា លោក កែម ឡី មាន​ប្រពន្ធ ២​នាក់ទៀត ព្រម​ទាំង​កូន ៣​នាក់​ទៀត​នៅ​ឯ​ខេត្ត​តាកែវ។ សារព័ត៌មាន​នេះ បាន​ចុះ​ផ្សាយ​បន្ត​ថា អ្នក​វិភាគ​រូប​នេះ គឺ​ជា​ស្វាមី​ចិត្ត​ដាច់ ចុះ​ចោល​ក្រុម​គ្រួសារ​ទាំង​គ្មាន​ពាក្យ​ “លែង​លះ” ឬ​ពាក្យ “លា” និង​មិន​បាន​ជួយ​ទំនុក​បំរុង​កូន​ៗ​ទាំង​នោះ​ទេ។

ក្រៅ​ពី​យុទ្ធនាការ​ខាង​លើ​នេះ អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ បាន​​ចាត់​ទុក​ការ​ពន្យា​ពេល​ដង្ហែ​សព​លោក កែម ឡី ទៅ​បញ្ចុះ​ទៅ​ស្រុក​កំណើត​របស់​លោក​ថា ជាការ​កេង​ប្រវ័ញ្ច​នយោបាយ​ពី​សំណាក់​ក្រុម​មនុស្ស​មួយ​ក្រុម និង​អ្នក​នយោបាយ​ខ្លះ​ទៅ​វិញ។ ក្រៅ​ពី​មិន​ចង់​ឲ្យ​តម្កល់​សព​ធ្វើ​បុណ្យ​ដើម្បី​ឲ្យ​ពលរដ្ឋ​ចូល​ទៅ​គោរព​នោះ សាលា​រាជ​ធានី​ក៏​បាន​ហាម​ឃាត់​ការ​ដង្ហែ​សព​លោក កែម ឡី ដោយ​ថ្មើ​ជើង​ពី​សង្កាត់​ជ្រោយចង្វា ទៅ​កាន់​ខេត្ត​តាកែវ​ផង​ដែរ។

ខណៈ​ដែលរឿង​រ៉ាវ​ចម្រូង​ចម្រាស់​ជុំ​វិញ​សព​លោក កែម ឡី ហាក់​បាន​ស្ងប់​ស្ងាត់​ទៅ​វិញ​ខ្លះ ការ​ប្រើ​ប្រាស់​សព​ដើម្បី​កេង​ចំណេញ​នយោបាយ បាន​ផ្ទុះ​ឡើង​ជា​ថ្មី​ម្ដង​ទៀត បន្ទាប់​ពី​លោក ប៉ែន សុវណ្ណ បាន​ទទួល​មរណភាព​កាល​ពី​ខែ​តុលា​មុន។ ស្រប​ពេល​ដែល​បក្ស​ប្រឆាំង​កំពុង​កាន់​ទុក្ខ និង​រៀបចំ​បុណ្យ​សព​តំណាងរាស្ត្រ​រូប​នេះ ជា​ថ្មី​ម្ដង​ទៀត សារព័ត៌មាន Fresh News បាន​ចុះ​ផ្សាយ​ការ​បែក​ធ្លាយ​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក ប៉ែន សុវណ្ណ និង​នារី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បន្ទាប់​ពី​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ “រឿង​ពិត CNRP” បាន​បង្ហោះ​នូវសំឡេង​សន្ទនា​នោះ ដោយ​ដាក់​ចំណង​ជើង​ថា “លោក​តា ប៉ែន សុវណ្ណ បំផ្លាញ​អនាគត​ក្មេង​ស្រី​បម្រើ​ក្នុង​ផ្ទះ​ដែល​ជា​អនីតិជន”។

ជុំ​វិញ​មរណភាព​លោក ប៉ែន សុវណ្ណ នេះ​ដែរ សារព័ត៌មាន Fresh News បាន​ចុះ​ផ្សាយ​អត្ថបទ​ជា​ទស្សន​មិត្ត​អ្នក​អាន​​ថា បក្ស​ប្រឆាំង​កំពុង​ធ្វើ​អាជីវកម្ម​នយោបាយ​លើ​សព​លោក ប៉ែន សុវណ្ណ។ អត្ថបទ​នោះ បាន​ចោទ​ទៅ​បក្ស​ប្រឆាំង​ថា បាន​យក​សព​មនុស្ស​ស្លាប់ មាន​ដូចជា សព​លោក ជា វិជ្ជា លោក កែម ឡី ជា​ដើម ធ្វើ​ជា​ល្បែង​នយោបាយ ដើម្បីកេង​ចំណេញ​ប្រជា​ប្រិយភាព។

នៅ​ក្នុង​ជម្លោះ​ជាមួយ​អ្នក​ស្លាប់​នេះ បក្ស​ប្រឆាំង​បាន​ស្នើ​បូជា​សព​លោក ប៉ែន សុវណ្ណ នៅ​មុខ​វត្ត​បទុមវតី ដើម្បី​ឲ្យ​សម​នឹង​តម្លៃ​នឹង​អតីត​នាយករដ្ឋ​ខ្មែរ​ដំបូង​គេ​នៅ​ក្រោយ​របប​ខ្មែរ​ក្រហម​រូប​នេះ ប៉ុន្តែ រដ្ឋាភិបាល​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច បាន​បដិសេធ ដោយ​ថា ទីនោះ​សម្រាប់​តែ​បូជា​សពឥស្សរជន​ជាន់​ខ្ពស់។ ទីបំផុត​ទៅ សព​លោក ប៉ែន សុវណ្ណ ស្ទើ​តែ​រក​វត្ត​សម្រាប់​បូជា​មិន​បាន​ទៅ​វិញ បន្ទាប់​ពី​ដង្ហែ​ត្រឡប់​មក​ពី​ខេត្ត​តាកែវ។

បញ្ហា​ចម្រូង​ចម្រាស់​ជុំ​វិញ​មរណភាព​ឥស្សរជន​នយោបាយ​នេះ បាន​រំលង​ទៅ​មិន​បាន​យូរ​ទេ វា​បាន​វិល​ត្រឡប់​មក​ចូល​ក្នុង​រង្វង់​ទំនាស់​នយោបាយ​កម្ពុជា​ជា​ថ្មី​ម្ដង​ទៀត បន្ទាប់​ពី​លោក សុខ អាន ដែល​ជា​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​មួយ​រូប​របស់​បក្ស​កាន់​អំណាច បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី១៥ ខែ​មីនា​នេះ។ តាម​ពិត​ទៅ សូម្បី​តែ​ដំណឹង​នៃ​មរណភាព​របស់​លោក សុខ អាន ក៏​បាន​ក្លាយ​ជា​រឿង​មិន​ស៊ី​សង្វាក់​គ្នា​ទៅ​ហើយ បន្ទាប់​ពី​ពាក្យ​ចរចាម​អារ៉ាម ត្រូវ​បាន​គេ​ចែក​ចាយ​ត​គ្នា​នៅ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា លោក សុខ អាន បាន​ទទួល​មរណភាព​ប៉ុន្មាន​ថ្ងៃ​មុន នៅឯ​ប្រទេស​បារាំង។ ពាក្យ​ចរចាម​អារ៉ាម​នេះ ត្រូវ​បាន​លោក ផៃ ស៊ីផាន ចេញ​មក​បដិសេធ​ និង​ចាត់​ទុក​ថា ជា​ការ​ប្រមាថ​អាយុ​ជីវិត​ឥស្សរជន​ជាន់​ខ្ពស់​ម្នាក់។

បន្ទាប់​ពី​ដំណឹង​មរណភាព​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​ហើយ​នោះ រដ្ឋាភិបាល​ក៏​បាន​សម្រេច​ចាត់​ចែង​ថវិកា​ដល់​ទៅ ៧៥​ម៉ឺន​ដុល្លារ សម្រាប់​រៀបចំ​ពិធី​បុណ្យ​សព​លោក សុខ អាន ប៉ុន្តែ វា​បែប​ជា​ជំរុញ​ឲ្យ​មាន​ការ​រិះ​គន់​ពី​បក្ស​ប្រឆាំង​ទៅ​វិញ​ចំពោះ​ការ​ចំណាយ​ថវិកា​រដ្ឋ​ទៅ​លើ​បុណ្យ​សព​នោះ។ ដោយប្រឈម​នឹង​ការ​រិះគន់​បែប​នេះ គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ បាន​ប្រកាស​រ៉ាប់​រង​លើ​ការ​ចំណាយ​បុណ្យ​សព​លោក សុខ អាន និង​ស្នើ​ឲ្យ​បង្វែ​ថវិកា​នោះ​ជូន​រដ្ឋ​វិញ។

ចំណែក​ឯ​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​ពីរ​រូប គឺ​តំំណាង​រាស្ត្រ​លោក លឹម គឹមយ៉ា និង​អគ្គ​លេខាធិការ​រង​ព្រឹទ្ធ​សភា លោក ហ៊ី យឿន ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ “សីហា” ទម្លាយ​សំឡេង​សន្ទនា ហើយ​សារព័ត៌មាន Fresh News បាន​ចុះ​ផ្សាយ​បន្ត​ថា អ្នក​ទាំង​ពីរ​បាន​ប្រមាថ​មើល​ងាយ​ដល់​សព​លោក សុខ អាន និង​ទាម​ទារ​ឲ្យ​អ្នក​ទាំង​ពីរ​សុំ​ខមាលទោស​ជា​សាធារណៈ។ យ៉ាង​ណា​ក៏​ដោយ មន្ត្រី​បក្ស​ប្រឆាំង​ទាំង​ពីរ​រូប​នោះ បាន​ផ្ញើ​លិខិត​សុំ​ខមាលទោស តែ​មិន​បាន​ទៅ​អុជ​ធុប​សុំ​ខមាល​ទោស​នៅ​មុខ​មឈូស​សព​លោក សុខ អាន នោះ​ឡើយ។

ស្រប​ពេល​ដែល​បក្ស​កាន់​អំណាច​កំពុង​កាន់​ទុក្ខ​នោះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ វណ្ណា ហៃ បាន​បង្ហោះ​រូបថត​លោក សុខ អាន ពណ៌​ខ្មៅ អមទៅ​ដោយ​អក្សរ​ថា “Rest in Hell” ឬ​មាន​ប្រែ​ជា​ភាសា​ខ្មែរ​ថា “សូម​ទៅ​កាន់​ឋាននរក”។ លោក ផៃ ស៊ីផាន បាន​ចាត់​ទុក​ទង្វើ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​នោះ​ថា ជា​ការ​ប្រមាថ​មើល​ងាយ​ថ្នាក់​ដឹកនាំ​របស់​លោក ហើយ​លោក​ប្រកាស​ចាត់​វិធានការ​ច្បាប់​ ក្រោយ​ពិធី​បុណ្យ​សព​ចប់​រួច​រាល់។

សម្រាប់​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល បាន​មើល​ឃើញ​ថា​ ការ​ប្រមាថ​ចំពោះ​អ្នក​ស្លាប់ មិន​ថា​ជា​ឥស្សរជន​នយោបាយ​ខាង​គណបក្ស​ណា​នោះ​ទេ វា​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​សីលធម៌​របស់​បុគ្គល​ផ្ទាល់​ខ្លួន​តែ​ម្ដង។

លោក​ថា​៖ “បើ​យើង​មើល​ទៅ​លើ​សីលធម៌ ខ្ញុំ​ថា ការ​ជេរ​ប្រមាថ ឬ​ការ​មើល​ងាយ​ នៅ​ក្នុង​ខណៈ​ពេល​ដែល​បុគ្គល​ម្នាក់​លា​ចាក​លោក វា​មាន​លក្ខណៈ​ខ្វះ​សីលធម៌។ ប្រសិន​បើ​អ្នក​មាន​ក្រម​សីលធម៌ ប្រហែល​ជាមិន​អាច​ធ្វើ​អីចឹង​ទេ បើទោះ​ជា​គាត់​ស្អប់ ក៏ប្រហែល​ជា​លាក់​ទុក​ក្នុង​ចិត្ត​ដែរ”។

ដោយ​មើល​ធំ​ទូលាយ​ទៅ​លើ​សង្គម​ជាតិ​ទាំង​មូល​នោះ លោក សូរ ចន្ថា ផ្ដល់​ជា​មតិ​ថា អ្នក​នយោបាយ​កម្ពុជា មិន​ថា​បក្ស​ប្រឆាំង ឬ​បក្ស​កាន់​អំណាច​ទេ គួរ​តែ​ទុក​រឿង​នយោបាយ​មួយ​ឡែក​សិន ហើយ​សម្ដែង​សមាន​ចិត្ត​រំលែក​ទុក្ខ អំឡុង​ពេល​ដែល​ឥស្សរជន​នយោបាយ​ណា​មួយ បាន​ទទួល​មរណភាព។

បើ​តាម​លោក សូរ ចន្ថា ការ​សម្ដែង​សមាន​ចិត្ត​របស់​អ្នក​នយោបាយ​ចំពោះ​មរណភាព​បុគ្គល​នយោបាយ​នៃ​បក្ស​ផ្សេង វា​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ភាព​ចាស់​ទុំ​ផ្នែក​នយោបាយ ការ​ចាត់​ទុក​ខ្មែរ​ជា​ឈាម​រួម និង​ការ​ប្រកាន់​នយោបាយ​មិន​សង​សឹក​គ្នា​ទៅ​វិញ​ទៅ​មក។

​លោក សូរ ចន្ថា ប្រាប់​ថា​៖ “នៅ​ពេល​ដែល​អ្នក​នយោបាយ ទុក​រឿង​នយោបាយមួយ​ឡែក​សិន ហើយមាន​ការ​ចូល​រួម​មរណទុក្ខ ឬ​ចូល​រួម​សម្ដែង​នូវ​សមាន​ទុក្ខ​ជាមួយ​នឹង​គ្រួសារ​សព​ដែល​បាន​ចែក​ឋាន​ទៅ​នោះ ទី​១ វា​ឆ្លុះ​បញ្ចាំង​ថា អ្នក​នយោបាយ​នោះ មាន​ភាព​ចាស់​ទុំ​ផ្នែក​នយោបាយ មាន​ន័យ​ថា អ្នក​នយបាយ​នោះ មិន​មែន​ធ្វើ​នយោបាយ​តាម​អារម្មណ៍នោះ​ទេ ប៉ុន្តែ ជាការ​ធ្វើ​នយោបាយ​ទៅ​តាម​គោល​ការណ៍ ទៅ​តាម​ផែនការ គឺ​ការ​ធ្វើ​យ៉ាង​ណា​ឲ្យ​សង្គមមាន​ការ​រីក​ចម្រើន ហើយ​ជាតិ​មាន​ការ​ឯកភាព​គ្នា។ ចំណុច​ទី២ គឺ​វា​ឆ្លុះ​បញ្ចាំង​ថា អ្នក​នយោបាយ​នោះ បាន​ចាត់​ទុករឿង​ជាតិ គឺ​ជា​រឿង​រួម ហើយ​ចាត់​ទុក​ឈាម​ខ្មែរ​គឺ​ជា​ឈាម​រួម ដែល​ខ្មែរ​ទូទៅ​តែង​មាន​សមាន​ចិត្ត តែង​មាន​ការ​ឈឺ​ឆ្អាលគ្នា​ទៅ​វិញ​ទៅ​មក នៅ​ក្នុង​ការ​រស់​នៅ។ ហើយ​ចំណុច​ទី៣ វា​ឆ្លុះ​បញ្ចាំង​ថា អ្នក​នយោបាយ មិន​មាន​នយោបាយសង​សឹក ឬ​នយោបាយទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​ ឬ​ការ​គុំ​គួន​គ្នានោះ​ទេ”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ