លោកហ៊ុន សែនថ្កោលទោសករណីព្រួតគ្នាសម្លាប់ជនសង្ស័យតាមដងផ្លូវ

រូបភាពពី ហ្វេសប៊ុក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

ប្រមុខរដ្ឋាភិបាល បញ្ជាឲ្យបន្តតាមចាប់ជនសង្ស័យមួយចំនួនទៀតមកផ្តន្ទាទោស  ​ ករណីព្រួតគ្នាវា​យដំអ្នកបើ​កបរថយន្តម្នាក់ បង្ក​គ្រោះ​​​​​ថ្នាក់ចរាចរណ៍ឲ្យរងរបួសធ្ងន់នាពេលថ្មីៗនេះដោ​​​យថា កម្ពុជាមិនត្រូ​វឲ្យមានទង្វើព្រួត​គ្នាសម្លា​ប់មនុស្សតាម​​ដងផ្លូវ​ត​ទៅ​​​ទៀត​ទេ។

កាលពីថ្ងៃទី១១ខែមីនា មនុស្សមួយក្រុម បានព្រួតគ្នា ប្រើដុំឥដ្ឋ និងវត្ថុរឹងផ្សេងទៀត វាយដំអ្នកបើករថយន្តម្នាក់ ជាសាស្ត្រាចា​រ្យបង្រៀននៅសក​លវិទ្យាល័យមួ​យក្នុ​ងរាជធានីភ្នំពេញឲ្យរងរបួសធ្ងន់ មានឈាមហូរលើផ្ទៃមុខ ក្បាល និងស្ទើរពេញដងខ្លួន បុរសនោះ ក៏ត្រូវគេអះអាងថា បាន​បញ្ជូ​នទៅ​សង្គ្រោះបន្តាន់នៅមន្ទីរពេទ្យមួយ នៅប្រទេសវៀតណាម។

បើតា​មអាជ្ញាធរការផ្ទុះហិង្សាវាយនោះ ដោយសារតែអ្នកបើកបរ បង្កគ្រោះថ្នាក់ចរាចរណ៍ បើកបុកគេហើយព្យាយាមបើក រត់ មិនចុះ​ដោះ​​ស្រាយ ជាមួយជនរងគ្រោះ។

ប៉ុន្តែ លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន ក្នុងពិធីជួបកម្មករ នៅរាជធាណីភ្នំពេញ នាថ្ងៃនេះ បានថ្លែងថា ពលរដ្ឋមាន​ចំណែ​ក ចូលរួម ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ តែលោកថា ពួកគេមិនត្រូវប្រើហិង្សា លើជនង្ស័យនោះទេ។

លោក​ ហ៊ុន សែន បញ្ជាឲ្យស្ថាប័នពាក់ព័ន្ធ ចាត់វិធានការ ឲ្យបានម៉ឺងម៉ាត់ ទៅលើអ្នកវាយដំ អ្នកបើកបរដែលបង្កគ្រោះ​ថ្នាក់ច​រា​ចរ​ណ៍ ដោយថា ដើម្បីទប់ស្កាត់កុំ​ឲ្យមានការព្រួ​តគ្នា ស​ម្លាប់មនុស្ស តាមដងផ្លូវ ។

លោកថា៖«មិនគួរគប្បីកម្ពុជាយើង មានស្ថានភាពបែបនេះទេ ហើយបែបនេះ មិនមែនសីលធម៌របស់មនុស្សទេ តែនេះដែ​លជា​ប្រភេ​​ទដែលយើងត្រូវតែបញ្ជៀស កុំឲ្យក្លាយជាប្រទេសអាណាធិបតេយ្យ សម្លាប់មនុស្សក្រៅ​ប្រព័ន្ធច្បាប់បែប​នេះឲ្យសោះ​។​ចោ​​​​រលួច ចោរប្លន់​ក៏ដូចគ្នាដែរ យើងត្រឹមរួមចំណែកចាប់ ប៉ុន្តែយើងគ្មានសិទ្ធិវាយតបនិងសម្លាប់មនុស្សទេ»

ទោះជាយ៉ាងណា ក្រោយកើតហេតុ ជនង្ស័យ យ៉ាងតិច៣នាក់ ដែលគេស្គាល់តាមវីដូថតបានក្នុងព្រឹត្តិការណ៍ផ្ទុះហិង្សា ត្រូវ​បាន​ស​ម​ត្ថកិ​ច្ច​​ចា​ប់​ខ្លួន  ហើយពេលនេះតុលាការសម្រេចឃុំខ្លួន អ្នកទាំង៣នោះ បណ្តោះអាសន្ននៅពន្ធនាគារ។

មេធាវី​លោក សេក សោភ័ណ្ឌ ពន្យល់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ អ្នកបើកបរបុកគេ​បណ្តាល​ឲ្យរងរបួស ឬខូ​ចខាត​ទ្រព្យ​សម្បត្តិ អ្នកដទៃត្រូវ​ទទួលសុខត្រូវ​តាមច្បាប់ស្តីពីចរាចរណ៍ផ្លូវ​គោក។ ប៉ុន្តែ​លោកថា អ្នកដែលទៅវាយ​អ្នកបើកប​ង្កគ្រោះ​ថ្នាក់ច​រា​ចរ​​ណ៍​ ត្រូវ​មានទោសព្រហ្មទណ្ឌ ដោយថាច្បាប់មិនតម្រូវ​ឲ្យប្រជា​ពល​រដ្ឋ​​ធ្វើជា​​អ្នកកាត់ក្តីជំនួស​តុលាការឡើយ។

លោ​ក សោភ័ណ្ឌ ពន្យល់ទៀតថា ការបញ្ជាឲ្យចាត់វិធានការទៅលើអ្នកប្រើហិង្សាជារឿងមួយ ប៉ុន្តែលោកថា ប្រសិទ្ធិភាពជា​ងនេះ​ ត្រូវព​ន្យល់ពលរដ្ឋឲ្យល់ពីច្បាប់ និងធ្វើឲ្យពលរដ្ឋមានជំនឿលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជាឡើងវិញ។

លោកពន្យល់ថា «ជាទូទៅខ្ញុំក៏ធ្លាប់ឮហេតុការណ៍ដូចគ្នា បើសិនជាយើងសន្និដ្ឋាន​ថាម៉េច​បានពលរដ្ឋ​ប្រព្រឹត្តបែបហ្នឹង​ ទីមួ​យគា​ត់​អត់ដឹង​ថា…ជាបទល្មើស​ក៏ថាបានដែរ ទីពីរអាចគាត់គិតថា បើសិនជា​មិនវាយទេមិនរាងទេ ព្រោះគាត់​អត់មាន​ជំនឿលើ​ការ​​​ដោះ​​ស្រាយ​តាមផ្លូវ​ច្បាប់ជាដើម»។

អ្នកតាមដានខ្លះអះអាងថា ការដែលអ្នកនបាយខ្មែរ ថ្លែងសារវាយប្រហាគ្នា បែបគំរាម ប្រមាថ និងប្រើពាក្យអសុរសជាដើម ថាជាដើមចមមួយទៀត បណ្តុះគំនិតហិង្សាក្នុងសង្គមដែរ ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ