មន្ត្រីបក្សកាន់អំណាចនៅម៉ាឡេស៊ី​ ថានាយករដ្ឋមន្ត្រីបច្ចុប្បន្នធ្វើឲ្យបក្សធ្លាក់ឆ្នោត​

លោក Muhyiddin Yassin អតីតឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី (រូបភាពពី Says.com)

មន្ត្រីគណបក្សកាន់អំណាចនៅម៉ាឡេស៊ីថ្លែងថា គណបក្សនេះនឹងបាត់បង់សំឡេងគាំទ្រនៅពេលបោះឆ្នោតខាងមុខបើសិនជានៅតែរក្សាលោក ណាជីប រ៉ាហ្សាក់ ដែលមានរឿងអាស្រូវពុករលួយបន្តធ្វើជានាយករដ្ឋមន្ត្រី។

លោក Muhyiddin Yassin អតីតឧបនាយករដ្ឋមន្ត្រីត្រូវបានរដ្ឋាភិបាលរបស់លោក ណាជីប បណ្តេញចេញពីតួនាទីកាលពី៩ខែមុន។ លោកថ្លែងថា លោកមានការព្រួយបារម្ភតាំងពីឆ្នាំ២០១៤ ហើយបានលើកឡើងម្តងហើយម្តងទៀតពីបញ្ហាបំណុលលើមូលនិធិអភិវឌ្ឍជាតិ ដោយមានការចោទថាការគ្រប់គ្រងមិនបានល្អនិងមានអំពោះពុករលួយ។ ប៉ុន្តែលោកថារាល់ការលើកឡើងរបស់លោកជាច្រើនដងត្រូវបានច្រានចោលជានិច្ចមិនដែល ធ្វើយកទៅពិចារណារកយន្តការដោះស្រាយនោះទេ។ នេះបើតាមសារព័ត៌មាន Channel News Asia។

កាលពីពាក់កណ្តាលឆ្នាំ២០១៥ មានការចោទថានាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ បានផ្ទេរលុយអភិវឌ្ឍន៍ជាតិចំនួន៦៨១លានដុល្លារអាមេរិក ចូលក្នុងគណនេយ្យធនាគាររបស់ខ្លួន។ ពេលនោះលោក Muhyiddin ទាមទារជាសាធារណៈឲ្យលោក ណាជីប ពន្យល់ករណីនេះថា តើលុយនោះចាត់ចែងយ៉ាងម៉េច? តែមិនមានការបកស្រាយទេ ផ្ទុយវិញលោកត្រូវគេបណ្តេញចេញពីតួនាទីតែម្តង។

ទោះយ៉ាងណាមន្ត្រីការិយាល័យរបស់លោក ណាជីប បានច្រានចោលការបកស្រាយរបស់លោក Muhyiddin ជុំវិញការបណ្តេញចេញនេះ ដោយថ្លែងថាការផ្លាស់លោកចេញពីតួនាទីនេះដោយសារការបំពេញការងារមិនបានល្អនិងការប្រព្រឹត្តល្មើសគោលការណ៍របស់គណបក្សរដ្ឋមន្ត្រី។

លោក Muhyiddin ថ្លែងថាប្រជាប្រិយភាពរបស់លោកនាយករដ្ឋមន្ត្រីនឹងធ្លាក់ចុះដោយសាររឿងអាស្រូវពុករលួយ ហើយនឹងធ្វើឲ្យគណបក្សរួបរួមជាតិម៉ាឡេស៊ី(UMNO)ដែលដឹកនាំប្រទេសតាំងពីឆ្នាំ១៩៥៩មកបាត់បង់សំឡេងគាំទ្រនៅពេលបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០១៨ខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ