រដ្ឋាភិបាលសម្រេច​​ផ្ទេរការគ្រប់គ្រង​កុមារ​​ពី​មណ្ឌលទៅ​គ្រួ​សារ​

​រដ្ឋាភិបាល​កម្ពុជា​ ​សម្រេច​ផ្ទេរ​ការ​គ្រប់គ្រងកុមារពីមណ្ឌល​កុមារកំព្រា​ទៅ​គ្រួសារ​របស់​ពួកគេ​វិញ ដោយ​ថា​កុមារ​គ្រប់​រូប​មាន​សិទ្ធិ​ទទួលបានការថែទាំពីក្រុម​គ្រួ​សារ ខណៈដែលការ​រស់​នៅ​មណ្ឌលកុមារកំព្រា​ ​ក្រសួង​រក​ឃើញ​ថា ​​បាន​រំលោភ​ដល់​សិទ្ធិ​កុមារ។

ក្រសួង​សង្គម​កិច្ច ជា​មួយមូល​និធិ​អង្គការសហ​ប្រជា​ជាតិដើម្បី​កុមារយូនីសេហ្វ បាន​សម្រេច​ផ្ទេរការ​គ្រប់​គ្រង​កុមារ​​ដែល​កំពុង​រស់​នៅ​មណ្ឌល​កុមារកំព្រាឲ្យទៅ​នៅ​ជា​មូយក្រុម​គ្រួសារ​របស់ពួកគេ​វិញ បន្ទាប់​ពី​រក​ឃើញ​ថា​ជិត​៨០​% ​នៃ​កុមារ​ដែល​រស់​នៅ​មណ្ឌល​កុមារ​កំព្រាទាំង​អស់​នៅ​កម្ពុជាសុទ្ធ​តែ​ជា​ក្មេង​ដែល​មាន​ឳពុកម្តាយដែល​ត្រូវ​ការ​ភាព​កក់​ក្តៅពី​គ្រួសារ​របស់​ខ្លួន។ កម្មវិធី​នេះ បាន​ចាប់​ផ្តើម​កាលពី​ឆ្នាំ​២០១៦ ដោយ​ធ្វើ​លើ​ខេត្ត​រាជ​ធានី​ចំនួន​៥ មាន​ភ្នំពេញ បាត់​ដំបង​សៀម​រាប កណ្តាល និង​ព្រះ​សីហនុ ដែល​ជា​ដំបូង​ផ្ទេរកុមារ​៣០ភាគរយ ពីមណ្ឌល​កុមារ​កំពា្រទាំង​នោះ។

រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច​លោក វង្ស សូត មាន​ប្រសាសន៍ក្នុង​ពិធីបើសិក្ខាសិលា​ផ្សព្វផ្សាយលទ្ធផលនៃ​ការ​កំណត់​​​ផែន​ទីមណ្ឌលថែ​ទាំកុមារនៅ​ថ្ងៃ​ទី២០​មេសានេះ​ថា បច្ចុ​ប្បន្ន​មាន​​មណ្ឌល​កុមារ​កំពា្រ​ច្រើន​​កន្លែងដែល​បាន​បើ​ក​នៅ​កម្ពុជា។ លោក​ថា ​ការ​បើ​ក​ច្រើ​ន​កន្លែង​នេះ​ មិន​មែន​មាន​ន័យ​ថា​កម្ពុជា​សម្បូរ​​ទៅ​ដោយ​ក្មេង​កំព្រា​នោះ​ទេ គឺ​បណ្តាល​មក​ពី​ទម្លាប់​នៃ​ការ​ចិញ្ចឹមក្មេង​នៅ​ក្នុង​មណ្ឌល​គឺ​កើតមាន​ដដែល​ ដែល​ទម្លាប់​នេះ ​​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​មាន​មណ្ឌល​ច្រើន​នោះ​ទេ ថែម​ទាំង​មាន​ជន​ឆ្លៀត​ឱកាស​ខ្លះ​បា​ន​ធ្វើ​អាជីវកម្ម​លើ​កុមារ​នេះ​ផង​ដែរ។

លោក​ថា៖ «[…] ​ខ្ញុំ​ចង់និយាយថា ​ស្ថានភាព​បាត់​បង់​គ្រួសារ វា​លែង​ដូច​ជា​ស្ថានភាព​៧៩​ទៀត​ហើយ ប៉ុន្តែស្ថានភាពចិញ្ចឹម​ក្មេង​ស្ថានភាព​បង្កើត​មណ្ឌល វា​ចេះ​ថយ​ចុះ​ វានៅ​តែ​កើ​ន​ឡើង ហើយ​នៅ​ក្នុង​ស្ថានភាព​មួយ​ ដែល​វាមិន​មែ​ន​កំព្រា​ដូច​កាល​ពី​៧៩​ ទៀត​ទេ បើ​និយាយ​មក​ដល់​ពេល​នេះ​ណា។ ខ្ញុំ​មិន​បាន​ស្រាវ​ជា្រវ​អី​ឲ្យ​បាន​ពិត​ប្រាកដ​ទេ តែ​ថា​ ស្ទើ​រទាំង​អស់​នោះ​អត់​មាន​កំព្រាទៀត​ទេ គ្រាន់​តែ​ថា​ខ្លះ​នៅ​ឪពុក ខ្លះ​នៅ​ម្តាយ ខ្លះ​នៅ​ទាំងឪពុកនៅ​ទាំង​ម្តាយ តែ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​យកកូន​ទៅ​ដាក់​មណ្ឌល​ដើម្បី​ជួយទ្រទ្រង់​ជីវភាព»។

លោកបន្តថា មណ្ឌលថែ​ទាំកុមារ គឺ​ជា​ជំរើសចុង​ក្រោយបង្អស់​ ហើយ​គ្រាន់​តែ​ជា​ដំណោះស្រាយ​បណ្តោះ​អាសន្ន​តែ​ប៉ុណ្ណោះ ហើយគ្មាន​កន្លែង​ណា ​ជា​កន្លែង​ល្អ​បំផុត​សម្រាប់​កូនៗ ​ដូច​គ្រូសារ​នោះ​ទេ។

លោក​ ​បន្ថែម​ថា ការ​ផ្ទេរ​នេះ​គឺ​រដ្ឋនិង​ដៃ​គូ​ពាក់​ព័ន្ធ​​ជា​អ្នក​ទទួល​ខុសត្រូវ​ផ្តល់​ការ​គាំ​ពារ​ទៅ​ដល់​កុមារ​ទាំង​នោះ​ទាំង​ថវិកា និង​អាហារូបត្ថម្ភ​​ដូច​នៅមណ្ឌល​ថែ​ទាំកុមារ​ផង​ដែរ ធ្វើ​យ៉ាង​ណា​ឲ្យ​កុមារ​ទាំងនោះបាន​នៅ​ជុំ​គ្រួសារ​របស់​ពួកគេ។ ​

​តំណាង​អង្កការ​យូនី​សេហ្វប្រចាំ​កម្ពុជា​លោក​ស្រី ដេបូរ៉ា កូមីនី បាន​ឲ្យ​ដឹង​ថា យូនី​សេហ្វ​គាំ​ទ្រដល់​ការ​ផ្ទេរនេះ ដោយ​សារ​តែ​ការ​រស់​នៅ​ក្នុង​មណ្ឌលថែ​ទាំ​ទាំង​នោះ​ពុំ​បាន ​ផ្តល់​នូវ​លក្ខខណ្ឌ​សម្រាប់​រីក​ចំរើន​របស់​កុមារ​បាន​ល្អ​ប្រសើរ​ដូចជា​នៅ​ក្នុងក្រុម​គ្រួ​សារ​នោះ​ទេ លើស​ពី​នេះ​ទៀត ​មណ្ឌល​ជា​ច្រើននៅ​​កម្ពុជា ​មិន​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ក្រសួង​ទៅ​ទៀត។ ដូច្នេះ​ ការ​ដែល​ឲ្យ​កុមារ​ទៅ​នៅ​ជាមួយ​មណ្ឌល​ថែទាំទាំង​នោះ​គឺ​អាច​មាន​ហានិភ័យ​ច្រើន។

លោក​ស្រីថា៖ «ការ​ស្រាវជ្រាវ ជា​លក្ខខណៈវិទ្យាសាស្ត្រជាច្រើន​ ​បាន​បង្ហាញ​ថា ការ​រស់​នៅ​មណ្ឌល​ថែ​ទាំកុមារនោះ​គឺ​វា​ មាន​គ្រោះ​ថ្នាក់ចំពោះ​ការ​អភិវឌ្ឍន៍​ផ្លូវ​កាយផ្លូវ​ចិត្ត អារម្មណ៍ ​និងសង្គម​របស់​កុមារ ហើយ​នឹង​ផល​ប៉ះ​ពាល់​រយៈពេល​វែង ដល់​គេ​នៅ​ពេល​ដែល​គេ ​ក្លាយ​ជា​មនុស្ស​ពេញ​វ័យ…ដូច្នេះ​ក្មេង​ គឺ​មិន​ត្រូវ​យក​ទៅ​ដាក់​នៅ​មណ្ឌល​នោះ​ទេ​ បើ​សិន​ជា​គ្មាន​ការ​ចាំ​បាច់​នោះ»។​

របាយការណ៍​របស់​ក្រសួង​សង្គម​កិច្ចបាន​ឲ្យ​ដឹង​ថា កុមា​រដែល​កំពុងរស់​នៅ​កន្លែង​​ថែ​ទាំ​កុមារ​នៅ​កម្ពុជា​ទាំង​អស់​ពេល​បច្ចុបុ្បន្ន​មាន​ចំនួន២៦ ១៨៧​នាក់ ​ដែល​រស់​នៅកន្លែង​ថែទាំចំនួន៦៣៩ ​ទូ​ទាំង​ប្រទេស។

ការ​សម្រេច​ផ្ទេរ​៣០ភាគរយ​ នៃ​កុមារ​ដែល​រស់​នៅ​មណ្ឌល​ថែទាំ​​ក្នុង​រាជធានី និង​ខេត្ត​ចំនួន​៥ទាំង​នោះ ​ធ្វើ​ឲ្យ​ក្រសួងសង្ឃឹម​ថា​ កុមារ​ចំនួន​៣ ៥០០នាក់ នឹងត្រូវ​បាន​ធ្វើ​សមាហរណកម្មពី​មណ្ឌល​ថែ​ទាំ​នោះ ដែល​ធ្វើ​ឲ្យ​ចំនួន​កុមារ​នៅ​មណ្ឌល​ទាំង​នោះ​មាន​ចំនួន​តិច​ជាង​៨០០០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ