មេធាវី ជួប សំលាប់ ដាក់ពាក្យប្តឹងទៅតុលាការជាន់ខ្ពស់​ប្រឆំាង​សាលក្រមសាលាដំបូង​

អឿត អាង ហៅ ជួប សម្លាប់ កាលពីពេលកន្លងទៅ

លោក​ យុង​ ផានិត មេធាវី​ការពារ​ក្ដី​ ជួប​ សំលាប់​ បានឲ្យដឹងថា លោកបានដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ជាន់​ខ្ពស់កាលពីថ្ងៃ២០ខែមេសា ដើម្បី​ប្រឆំាងនឹងសាលាក្រមសាលាដំបូង ដែលសម្រេច​ផ្តន្ទាទោស​កូនក្តី​អស់​​មួយ​ជីវិត ដោយ​ថា ​ដើម្បី​ជួយ​​​សម្រាលទោសឲ្យកូនក្តី។

កាលពីចុងខែមីនាឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស​ឲ្យបុរស អឿត អាង ហៅ ជួប សំលាប់ ជាប់ពន្ធនាគារអស់មួយជីវិត ដោយចោទថា បានបាញ់សម្លាប់លោក កែម ឡី កាលពីខែកក្កដាឆ្នាំ២០១៦។

មេធាវី ជួប សំលាប់ គឺលោក យុង ផានិត ប្រាប់វីអូឌីនៅថ្ងៃសុក្រទី២១ខែមេសានេះថា ដើម​ចម​ដែល​នាំឲ្យ​លោកដាក់​ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ ដោយសារសាលក្រម​សាលាដំបូង ​ដែល​ផ្តន្ទា​ទោស​កូនក្តី​លោក​អស់​មួយ​ជីវិត​ មានភាព​ធ្ងន់ធ្ងរនិងគ្មានឱកាសកែប្រែកំហុស។

លោកសង្ឃឹមថា ការប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​នេះ អាច​ជួយ​ឲ្យកូនក្តីលោកទទួលបានការបន្ធូរបន្ថយ​ទោសមួយផ្នែក ករណី​កូនក្តី​ចេះ​កែប្រែ​កំហុស​ ដោយ​ធ្វើ​តែ​អំពើ​​ល្អ​នៅ​ក្នុងពន្ធនាគារ។

លោកនិយាយថា៖ «ទាក់ទងទៅនឹងបុគ្គលភាពរបស់ជនល្មើស ហើយនឹងច្បាប់តម្រូវឲ្យមានស្ថានសំរាលទោសខ្លះ ចំពោះជនប្រព្រឹត្តបទល្មើសមានការសោកស្តាយ ហើយគាត់មានការកែប្រែខ្លួន បើសិនសាលាដំបូងដាក់ទោសគាត់អស់មួយជីវិត គាត់គ្មានឱកាសកែប្រែខ្លួនទេ ខ្ញុំក៏ឯកភាពតាមលោក ជួប សំលាប់ ធ្វើពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីឲ្យសាលាឧទ្ធរណ៍ពិចារណាឡើងវិញទៅលើចំណុចទណ្ឌកម្ម ដែលដាក់ទោសវាអតិប្បរិមា ដែលមិនមានការបន្ថួរបន្ថយទោសដល់គាត់»

លោក កែម ឡី អ្នកវិភាគបញ្ហាសង្គមដ៏ល្បី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅស្ដារម៉ាត ក្បែរស្ដុបបូកគោ រាជ​ធានី​ភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ក្រោយហេតុការណ៍ អាជ្ញាធរបាន​ចាប់ខ្លួន​បុរស​តែម្នាក់​​ឈ្មោះ «អឿត អាង» ហៅ «ជួប សំលាប់» ។

ទោះជា​យ៉ាង​ណាក៏ដោយ ជាញឹកញាប់ ជួប សំលាប់ តែងបានអះអាងថា ខ្លួនជាអ្នកសម្លាប់លោក កែម ឡី ហើយមិនមានអ្នកណាបញ្ជាឬនៅពីក្រោយនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ