ស្វែង​ សុជាតា ទុកឱកាស​​​​អោយប្ដី​ក្មេង​​លើកចុងក្រោយ ​​ក្រោយ​​វាយ​​​ហើម​មុខ

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧​ ម៉ោង 9:44 AM | កំសាន្ដ | 0 | 2332 អ្នកនាង​ ស្វែង សុជាតា (វង្ស សុម៉ាលីន)

​បើទោះ​មិនទាន់​រៀបការ​ តែអ្នកនាង​ ស្វែង សុជាតា និង​​​​​​ស្វាមី​ក្រោយដែលជា​​​​​​​​​​គ្រូ​ផ្សំ​ថ្នាំ​​​​​​បាន​រួម​រស់​​ជា​ប្ដី​ប្រពន្ធ​​នឹង​គ្នា​យ៉ាង​ពេញ​មុខ ​​​​​​​​​​​​​​​​ដោយមានទាំង​កូនស្រី​ម្នាក់​ទុកជា​ចំណង​ដៃ​ផង​។ យ៉ាងណាមិញ ព័ត៌មាន​ផ្លូវការ​បានអះអាងថា​អ្នកទាំង​ពីរ​ឧស្សាហ៍​ឈ្លោះ​គ្នា​ជា​ប្រចាំ ដោយ​ជម្លោះ​ចុង​ក្រោយកាលពីថ្ងៃ​ទី​​៩ មេសា​ ​បាន​បណ្ដាល​អោយ​​​អ្នកនាង​ហើម​មុខ​បែកភ្នែក​​មិនរួចច្រើន​ថ្ងៃ​នោះ​ ​​​​តែ​អ្នកនាង​​​​​​​​​នៅតែ​​​​អន់​អោន​អោយ​ប្ដី​នេះម្ដង​ទៀត ដោយអះអាងថា​ចង់​ទុកឱកាស​អោ​យ​ប្ដី​កែ​ខ្លួន​​ជា​លើកចុង​ក្រោយ។

​​​ឆ្លើយ​តប​នឹងការ​បែកធ្លាយ​​យ៉ាង​​​ផុស​ផុល​ថា​​អ្នកនាង​ ស្វែង សុជាតា ត្រូវ​ប្ដី​ក្មេង​វាយ​ដំ តារា​ស្រី​រូប​នេះ​បានសារភាពថា​​​​​​អ្នកនាង​​ពិតជា​រហិង្សា​​ដោយសារស្វាមី​​វាយ​​ដំពិត​មែន។ អ្នកនាង​ថ្លែង​ថា​​មិនមែន​ជា​លើកទី​១​នោះទេ ដោយ​​​​​ជម្លោះ​​​​​លើកចុង​ក្រោយកាលពី​យប់​ថ្ងៃទី៩ មេសា​​ គឺមានសភាពខ្លាំង ​​​​ដោយពិតជា​បណ្ដាលអោយអ្នកនាង​ហើម​​មុខ និងជំាភ្នែក​អ៊ីចឹងមែន។

​អ្នកនាង​បាន​​​បញ្ជាក់​ថា​​ប្ដី​​​​​ស្រវឹង ហើយ​​វាយដូច​ប៉ង​សម្លាប់​ដោយគ្រាន់តែ​​អ្នកនាង​ហាម​ឃាត់រឿ​​ង​​ផឹកស៊ី​ជាមួយ​មិត្ត​ភ័ក្ត្រ​ជា​ក្មេង​ៗ​ដែលអ្នកនាង​មិន​ចូលចិត្ត។

​​អ្នកនាង​បញ្ជាក់​ថា​ខ្លួនបានរួច​ជីវិត​ដោយសារតែ​អ្នកជិត​​ខាង​នៅ​​​​ផ្ទះ​កើត​ហេតុ​ដែលស្ថិត​នៅ​​​ភូមិ​កំពង់សំណាញ់​​​​​​​​​​ក្រុង​តាខ្មៅ​ចូលជួយ​ប៉ុណ្ណោះ បើមិនដូច្នេះ​គឺ​ពិតជា​ធ្ងន់ធ្ងរជាង​នេះ។

​​​អ្នកស្រុកបាន​​​​​ហៅ​ប៉ូលីស​​​មកជួយអន្តរាគមន៍​អ្នកនាង ​តែ​ស្វាមី​បាន​រត់​យក​រួច​ខ្លួន ទើប​ប៉ូលីស​​មក​​ដល់​ហើយ​​​មិន​អាច​នាំ​​​ខ្លួនស្វាមី​​ទៅ​​ណែនាំ​​បាន។ យ៉ាងណាមិញ អ្នកនាង​ថា​​​ខ្លួននឹងទុក​ឱកាស​អោយស្វាមី​​​​​​​នេះម្ដង​ទៀត ​​ដោយអ្នកនាង​​​​​​​អះអាងថា​​ក្រោយការ​វាយដំ​អ្នកនាង​លើកចុង​ក្រោយ​គឺ​​​​​​បុរស​ជាស្វាមី ត្រូវ​បាន​អ្នកនាង​​​​ដាក់​បណ្ដឹង​​​ហើយ​​​ប៉ូលីស​ក៏​​ហៅអប់រំ និង​អោយ​​ចុះកិច្ច​សន្យា​មិនអោយប្រព្រឹត្តិ​ហិង្សាចំពោះអ្នកនាង​ជា​ថ្មី​​​ក្នុង​ពេល​អ្នកនាង​​​​សុខចិត្ត​ព្យួរ​​​​ពាក្យ​បណ្ដឹងនិង​​ស្នើ​​មិនអោយ​ប៉ូលីស​ចាត់​ការ​រឿង​ហិង្សា​បង្ក​របួស​ស្នាម​នោះ​។

អ្នកនាងថា​​ស្វាមី​​អោយ​តែ​បាន​ស្រា​ចូល​ពោះ គឺ​តែងឆេវឆាវ ​​​​ហើយ​​​​រមែង​ប្រើ​​ហិង្សាចំពោះអ្នកនាង ប៉ុន្តែ​មកពីអ្នកនាង​​​​មិនចង់​អោយកូនស្រី​​​​​​​ក្រោយ​​​​កំព្រា​ឪពុក​ទើប​អ្នកនាង​ចេះតែ​​​​​ខំ​សម្របសម្រួល។

អ្នកនាង​ថា​អំពើ​ហិង្សាចុង​ក្រោយ គឺមានសភាព​ធ្ងន់​ធ្ងរ​រហូត​បណ្ដាលអោយអ្នកនាង​​​លុប​ចោល​​គម្រោង​​ថត​កុនអស់​មួយសន្ធឹក ​ដោយក្នុង​ពេល​​ប្រើអំពើហិង្សា​នា​យប់​នោះ ​គឺ​កុំតែ​បានអ្នកស្រុក​ក្បែរខាង​នៅ​​​កំពង់សំណាញ់ចូលជួយ កុំអី​អាច​​​គ្រោះ​​ថ្នាក់ជាង​នេះ។ ​អ្នកនាង​​​ខ្លួន​​​​ទទួល​សម្រុះសម្រួលជាមួយស្វាមី​ក្រោយមិន​មែនដោយសារតែ​ចង់​​​​​​​​​​រួម​រស់ជាមួយ​ប្ដីក្មេង​ទាំង​ស្វាមី​នេះ​ធ្វើ​បាន​នោះទេ ប៉ុន្តែ​មក​ពី​​​​​​​ស្វាមី​​​បាន​ប្រកាស​កែខ្លួន ទើប​អ្នកនាង​ពិចារណា​​​​​ទុក​​​​​​​​​ឱកាស​អោយលើកក្រោយដោយ​​​រង់​ចាំ​​មើល​ជា​ថ្មី។

​អ្នកនាង ​ស្វែង សុជាតា ប្រកាស​ថា​ស្វាមី​​​​​​ក្មេង​​ក្រៅ​ពី​ប្រើ​ហិង្សា ក៏ចូលចិត្ត​ដាក់​សម្ពាធ​​​​​ និង​​​​​​​​​​ទាមទារ​កាន់​កាប់​លុយ​ដែលអ្នកនាង​រក​បាន​​​ ធ្វើអោយអ្នកនាង​​​​ពិបាក​ចិត្ត​កន្លង​មក។ ​ប៉ុន្តែអ្នកនាង​ក្រោយពេល​​​​​​​​​​​មាន​រឿង​លើកចុង​ក្រោយ ដោយមានតម្កល់​ពាក្យ​បណ្ដឹង​នៅ​​ប៉ូលីស​ផង ​​​គឺ​បុរស​ជា​ស្វាមី​​​​បាន​កែ​ប្រែ​ជំហរ​។

អ្នកនាង​ថា​សូម្បីតែ​​​ពាក្យ​សម្ដីធ្ងន់​ៗ​ដែលធ្លាប់​ប្រើ​ចំពោះ​អ្នកនាង​មុនៗ​ក៏​​​លែងមាន​ដែរ ​ក្នុង​ពេលដែល​អ្នកនាង​​​​​​​​​​​ប្រតិកម្ម​​​តប​ត​ក៏មិន​ហ៊ាន​​​​ដូច​មុន។ អ្នកនាង​ថា​​​​មិន​​ចង់​​​​​​​​​ជួប​រឿង​​ជីវិត​បាក់​បែក​ម្ដង​ហើយ​ម្ដង​ទៀត​នោះទេ ទើប​អ្នកនាង​សម្រេច​ចិត្ត​​ទុក​ឱកាស​អោយស្វាមី​​ម្ដង​ហើយ​​ម្ដងទៀត ​ដោយ​ការ​ទុក​ឱកាស​​​​​ក្រោយ​​​​រង​​ហិង្សា​​លើកចុង​ក្រោយ គឺ​អ្នកនាង​ប្រកាស​ថា​​​​​នឹង​ជា​ឱកាស​លើកចុង​ក្រោយ​​​​បំផុត​។ អ្នកនាង​ថា​​​​អត់ទ្រាំ​ទៀត​ទេ បើ​​​​បុរស​​​ជា​គ្រូ​ឱសថ​បុរាណ​រូប​នេះវាយ​ដំចំពោះ​អ្នកនាង​ម្ដង​ទៀត ហើយ​បើ​​​​រឿងរ៉ាវ​ធ្លាក់​ដល់​ប៉ុណ្ណឹង​ទៅ​ហើយ ស្វាមី​ក្មេង​មិនកែ​ប្រែទៀត គឺអ្នកនាង​ចាត់ទុក​ថា​​​​​​​​​​​ឆា​ចោល។

អ្នកនាង​ថា​ខ្លួន​​បាន​ជំពាក់ជីវិត​​​ប្ដី​ក្មេង ទើបសម្រេច​​ចិត្ត​​ស៊ូទ្រាំ​​​​​​​​ដោយសូម្បីតែ​​រង​ហិង្សា​​ច្រើនលើក និង​​រឿង​ប្ដី​ទារ​កាន់​លុយ​មិនអោយ​សិទ្ធិ​សេរីភាពអ្នកនាង​​​ដែលជា​អ្នក​រ​កប្រាក់នោះផង​។ ប៉ុន្តែ​​​​​​​​​​ក្រោយ​ពី​បាន​​ទទួលសម្ពាធនិង​​​​ហ៊ាន​ប្រកាស​ទទួលស្គាល់​​​​​ថា​ប្ដីក្មេងធ្វើ​បាប​​​​​​​ជា​សាធារណៈ​​បែបនេះ​ទៅ​ហើយ គឺ​​​​អ្នកនាង​យល់ថា​​​​​មិនអាច​​បន្ត​ជីវិត​អោយ​រង​ការ​ឈឺ​ចាប់​​​បន្ត​ទៀត​​បានឡើយ។

​អ្នក​នាង​រំពឹង​ថា​​​ជីវិត​​​ស្នេហា​របស់​អ្នកនាង​​ និង​ស្វាមី នឹង​​​​អាច​បន្ត​ដំណើរ​​​​​​​​ដោយអ្នកនាង​បញ្ជាក់ថា​​ បើ​​ប្ដី​​​​​​​​កែ​ខ្លួនឈប់​ប្រើ​ហិង្សា និង​​​ឈប់​​​ធ្វើអោយ​អ្នកនាង​​​​​​​ខ្វល់​ខ្វាយ​​​​​រីង​រ៉ៃ​ដូច​មុន គឺ​អ្នកនា​ង​ស៊ូ​​ស្លាប់​​​​មិន​ទៅ​ណា​ចោលទេ៕

សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required