ពលរដ្ឋខ្មែររាប់ពាន់នាក់សម្រុកទៅធ្វើការនៅថៃ ក្រោយបុណ្យចូលឆ្នាំខ្មែរ

អាជីវករលក់ត្រីនៅផ្សារថៃតវ៉ាបិទច្រកទ្វារអន្តរជាតិប៉ោយប៉ែត (នគរបាលក្រុងប៉ោយប៉ែត)

ពលរដ្ឋខ្មែរជាច្រើនពាន់នាក់ ចាប់តាំងពីថ្ងៃទី១៧ខែមេសា បាននាំគ្នាសម្រុកចូលទឹកដីថៃវិញ តាមច្រក​ទ្វារអន្ដរជាតិ ដើម្បីធ្វើជាពលករចំណាកស្រុក បន្ទាប់ពីបញ្ចប់​ចូលឆ្នាំខ្មែរ។

ពលរដ្ឋខ្មែរម្នាក់ នៅក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ លោក ឡេង វិបុល ប្រាប់វីអូឌី នៅថ្ងៃនេះថា ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ខែមេសានេះ ក្នុងមួយថ្ងៃៗ មានពលរដ្ឋខ្មែរប្រមាណ១ពាន់នាក់ បានចូលក្នុងទឹកដីថៃតាមច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ក្នុងខេត្ដបន្ទាយមានជ័យ ដើម្បីស្វែងរកកាងារធ្វើ ដោយលោកថា ពួកគេខ្លះមានលិខិតឆ្លងដែន និងមួយចំនួនទៀតមានប័ណ្ណចូលដីថៃត្រឹមរយៈពេលខ្លី។

លោកបន្ដថា ចំណែកនៅតាមច្រករបៀង ក៏មានពលករជាច្រើនទៀត ធ្វើពលករចំណាកស្រុកខុសច្បាប់ក្រៅប្រទេស ​ដោយពួកគេបានបង់លុយទៅ​លើ​សម​ត្ថកិច្ច នៅតាមព្រំដែនចាប់ពី៥ម៉ឺនរៀលដល់១សែនរៀលក្នុងម្នាក់។​

វីអូឌី មិនទាន់អាចទាក់ទងប្រធានច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យលោក វួច អូន បាននៅឡើយទេ។

ចំណែក នាយប៉ុស្ដិ៍នគរបាលអន្ដោរប្រវេសន៍ច្រកទ្វារអន្ដរជាតិប៉ោយប៉ែតលោក ស៊ឹម សំអាត មានប្រសាសន៍​ថា ក្រោយបញ្ចប់បុណ្យចូលឆ្នាំខ្មែរ មានពលករខ្មែរ ឆ្លងដែនចូលទៅធ្វើការនៅប្រទេសថៃប្រមាណជាង៣ពាន់នាក់។

លោកបន្ដថា ពួកគាត់ទាំងនោះ មានលិខិតឆ្លងដែនត្រូវត្រឹម​ត្រូវ។ ប៉ុន្ដែលោកថា នៅតាមចក្ររបៀងផ្សេងៗនោះ ខាងភាគីថៃហាម​មិនឲ្យឆ្លងដែននោះទេ។

​​សារ​ព័ត៌មានថៃ ប៉ាតាយ៉ា ម៉ែល (Pattaya Mail) កាល​ពី​ថ្ងៃ​ទី១៨ខែ​មេសា​​ បានចុះផ្សាយថា ​អាជ្ញាធរ​​ថៃ ​បាន​ចាប់​ខ្លួន​ពលករ​ខ្មែរ​ខុស​ច្បាប់​ចំនួន២៥នាក់នៅខេត្តស្រះកែវ ​បន្ទាប់​ពី​ពលករ​ខ្មែរ​ត្រឡប់ ចូល​ទៅ​រក​ការ​ធ្វើ​វិញតាម​ច្រក​របៀង ក្រោយ​ពី​ធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ប៉ុន្តែមន្ត្រី​ច្រក​ព្រំ​ដែន​កម្ពុជា​ នៅ​តែ​មិន​ទាន់​រក​ឃើញ​ពី​តំរុយនិងទទួលបានព័ត៌មាននៃការចាប់ខ្លួននេះនៅឡើយ។

កាល​ពី​ដើម​ខែ​មេសា​ឆ្នាំ២០១៧នេះ​ ​អាជ្ញាធរ​ថៃ​បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់ ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ជាង​២០០​នាក់​មក​កម្ពុជា​វិញ​ ខណៈ​របាយការណ៍ក្រសួងការងារថៃបាន​បង្ហាញថា បច្ចុប្បន្ន​ពល​​រដ្ឋ​ខ្មែរ​ជាង១លាននាក់ ​កំពុងធ្វើការ​ស៊ីឈ្នួល​នៅ​ក្នុង​ប្រទេសថៃ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ