លោក គីម ជុងអ៊ុន ចង់ចរចាតែលោកត្រាំហាក់ចង់គេចវេះ​

លោក ដូណល ត្រាំ និងលោក គីម ជុងអ៊ុន គ្រោងជួបគ្នានៅចុងខែឧសភា ឬ នៅដើមខែមិថុនានោះ បានក្លាយទៅជាព័ត៌មាន​ដែលមានការចាប់អារម្មណ៍ខ្លាំងពីសារព័ត៌មានធំៗនៅលើពិភពលោក។​

ទន្ទឹមនឹងនេះ អ្នកវិភាគខ្លះលើកឡើងថា វាជាសញ្ញាល្អនៃសន្តិភាព អ្នកខ្លះចង់ដឹងថា លទ្ធផលទៅជាយ៉ាងណា? អ្នកខ្លះថា អាចជាល្បិចរបស់អាមេរិក ឬ ល្បិចរបស់កូរ៉េខាងជើង ហើយអ្នកខ្លះទៀតសង្ស័យថា ជាល្បិចនយោបាយរបស់ប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ប្រទេសគេតែប៉ុណ្ណោះ។​

ទោះយ៉ាងណានៅក្នុងសប្តាហ៍នេះ មានសញ្ញាមួយចំនួនហាក់បង្ហាញថា អាមេរិក​ដែលទាមទារឲ្យមានការចរចាកន្លងមកនេះចង់គេចវេះទៅវិញ គឺខណៈកូរ៉េខាងជើងបន្ទន់ខ្លួនចង់ចរចា មេដឹកនាំអាមេរិកនៅតែបន្តវាយប្រហារនិងព្រមានដកខ្លួនចេញជាបន្តបន្ទាប់។​

ក្នុងសន្និសីទសារព័ត៌មានជាមួយមេដឹកនាំជប៉ុនកាលពីថ្ងៃពុធលោក ត្រាំ បែរជា បើកកកាយដំណើរទស្សនកិច្ចសម្ងាត់របស់នាយកCIA ជួបជាលោក គីម ជុងអ៊ុន។ ពេលនោះ លោក ត្រាំ ក៏បានព្រមានថា លោកនឹងដើរចេញពីការចរចា បើសិនជាមិនបានផលហើយងាកទៅរកការធ្វើសង្គ្រាមវិញ។​ នៅថ្ងៃព្រហស្បតិ៍ មួយថ្ងៃបន្ទាប់មកទៀត លោក ត្រាំថ្លែងថា បើលោកគិតថា ការជួបជាមួយលោក គីមមិនបានផលទេនោះ លោកនឹងមិនជួបតាមការគ្រោងទុកនោះឡើយ។​

ដោយឡែកមេដឹកនាំវ័យក្មេង ដែលធ្លាប់តែបង្ហាញចរិត ឆេវឆាវនោះ នៅតែរក្សាភាពស្ងប់ស្ងាត់ដដែល​មិនមានប្រតិកម្មអ្វីទៅនឹងមេដឹកនាំអាមេរិកទេ។ ផ្ទុយទៅវិញនៅថ្ងៃសុក្រម្សិលមិញ លោក គីម ជុងអ៊ុន បានបញ្ចាក់ថា នឹងផ្អាករាល់ការសាកល្បងអាវុធនុយក្លេអ៊ែ និងមីស៊ីលគ្រប់ប្រភេទ។

លោក គីម ជុងអ៊ុន​ នៅតែរៀបចំខ្លួនដើម្បីជួបមេដឹកនាំកូរ៉េខាងត្បូង និង អាមេរិក​ បើទោះបីជាដឹងថា បំណងរបស់អាមេរិកនិងកូរ៉េខាងត្បូងចង់រំលាយកម្មវិធីអាវុធនុយក្លេអ៊ែរបស់ខ្លួនក៏ដោយ។ លោក គីម ជុងអ៊ុន កន្លងមក​ធ្លាប់ថ្លែងថា នឹងមិនបោះបង់ទេ ព្រោះអាវុធនុយក្លេអ៊ែគឺកើតចេញពីឈាមពលរដ្ឋកូរ៉េខាងជើង ដើម្បីការពារប្រទេស។​

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ