រដ្ឋាភិបាលណែនាំឲ្យគ្រប់ស្ថាប័នរៀបចំទិវាពលកម្មអន្តរជាតិ

លោកនាយករដ្ឋមន្ត្រីជូបកម្មករ (រូបពីហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

រដ្ឋាភិបាលបានចេញសារាចរណែនាំឲ្យភាគីពាក់ព័ន្ធទាំងអស់រៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី ១៣២ នៃទិវាពលកម្មអន្តរជាតិ ឲ្យមានភាពសប្បាយរីករាយទូទាំងប្រទេស។

នេះបើតាមសារាចរណែនាំមួយរបស់រដ្ឋាភិបាលដែលមានហត្ថលេខាលោក ហ៊ុន សែន ចុះថ្ងៃទី ២០ ខែ​មេសា ស្ដីពីការចាត់តាំងខួបអនុស្សាវរីលើកទី ១៣២ នៃទិវាពលកម្មអន្តរជាតិនៅថ្ងៃទី ០១ ខែ ឧសភា​ខាងមុខក្រោមប្រធានបទ «សន្តិភាព ស្ថិរភាព ដើម្បីការងារ និងមុខរបរ»។

តាមសារាចរណែនាំដដែលបានលើកឡើងថាដើម្បីឲ្យទិវាពលកម្មអន្តរជាតិនាពេលខាងមុខប្រព្រឹត្តទៅបានល្អប្រសើររដ្ឋាភិបាលកម្ពុជាណែនាំឲ្យក្រសួងការងារជូនដំណឹងដល់រដ្ឋបាលថ្នាក់ក្រោមជាតិ គ្រប់មន្ទីរ​រាជ​ធានី ខេត្តក្រោមឱវាទ ឬគ្រប់ស្ថាប័នទាំងអស់ ដើម្បីរៀបចំកម្មវិធីអបអរសាទរទិវាអន្តរជាតិនេះតាមរយៈការ ឈប់សម្រាក ការរៀបចំកម្មវិធីកំសាន្តសប្បាយបង្កបរិយាការរីករាយ យោគយល់គ្នារវាងកម្មករនិយោជិត និង និយោជក។

សារាចរដដែលនោះក៏បានណែនាំឲ្យក្រសួងមហាផ្ទៃ និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវធានារក្សាការ​ពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សារធារណៈ ហើយក្រសួងសេដ្ឋកិច្ចត្រូវតែបង្កភាពងាយស្រួលក្នុង​ការផ្ដល់ថវិកាសម្រាប់រៀបចំទិវាពលកម្មអន្តរជាតិនេះ។

តាមសារាចរដដែលក៏ណែនាំឲ្យគ្រប់រាជធានីខេត្តទាំងអស់ត្រូវរៀបចំអបអរសាទរទិវាពលកម្មអន្តរជាតិនេះតាមរយៈការចាត់តាំងឲ្យមានសកម្មភាពមីទ្ទិញ ការកំសាន្តសប្បាយនានា របស់កម្មករនយោជិត និង​និយោជកនៅតាមសហគ្រាស ឬគ្រឹះស្ថាននានា។

​ក្នុងសារាចរដដែលនោះរដ្ឋាភិបាលក៏ឲ្យក្រសួងព័ត៌មានណែនាំទៅប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ផ្សព្វផ្សាយ​ពីសារលិខិតរបស់នាយករដ្ឋមន្រ្តី ក្នុងឱកាសទិវាពលកម្មអន្តរជាតិខាងមុខ ហើយគ្រប់ស្ថាប័នទូទាំង​ប្រទេសទាំងអស់ត្រូវជ្រើសរើសទីតាំងសមស្រប ដើម្បីធ្វើការចងបដាពាក្យស្លោកតាមខ្លឹមសាដែលមាន​ស្រាប់ ដោយលើកឡើងពីការខិតខំ និង សមិទ្ធផលផ្សេងៗរបស់រដ្ឋាភិបាល៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ