មន្ទីរអភិវឌ្ឍន៍ជនបទខេត្ដសៀមរាបការពារភាពស្អាតស្អំថាមិនបានកឹបកេងប្រាក់ជំនួយADB

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ដសៀមរាប លោក ស៊ីវ រដ្ឋា បានការពារភាពត្រឹមត្រូវមន្ត្រីរបស់ខ្លួនថា មិនបានប្រព្រឹត្ដអំពើពុករលួយ កឹបកេងលុយជំនួយធនាគារអភិវឌ្ឍន៍អាស៊ីADB ដូចការចោទទេ ដោយអះអាងថា រាល់ការអនុវត្តគម្រោងធ្វើឡើងដោយតម្លាភាព។

ក្នុងលិខិតបំភ្លឺមួយដែលបង្ហោះនៅលើគេហទំព័ររបស់អង្គភាពប្រឆំាងអំពើពុករលួយ លោក ស៊ីវ រដ្ឋា លើកឡើងថា និតិវិធីនៃការអនុវត្ដគម្រោងស្ថាបនាផ្លូវនៅក្នុងខេត្តនេះ លោកបកស្រាយថា ដំណើរការទៅដោយតម្លាភាព មានការចូលរួមដេញថ្លៃពីស្ថាប័នពាក់ព័ន្ធ ដូចជា កម្មវិធីសំណង់ស៊ីវិល និងការធ្វើសវនកម្ម។

លោក ស៊ីវ រដ្ឋា បញ្ចាក់ថា ចំណែកកម្មវិធីសំណង់ស៊ីវិលវិញ មានការជ្រើសរើសអ្នកម៉ៅការសាងសង់ ដោយប្រើឯកសារដេញថ្លៃរបស់អង្គភាពគ្រប់គម្រោងថ្នាក់កណ្ដាល ការសាងសង់ដោយមានការចូលរួមត្រូតពិនិត្យ ពីមន្ដ្រីបច្ចេកទេសរបស់មន្ទីរ អង្គភាពថ្នាក់ខេត្ដ និងវិស្វកររបស់ធនាគារអភិវឌ្ឍន៍អាស៊ីផងដែរ។

កន្លងទៅមានអ្នកដាក់ពាក្យបណ្តឹងដោយមិនបង្ហាញឈ្មោះមកអង្គភាពប្រឆាំងអំពើពុករលួយ ប្តឹងមន្ត្រីមួយចំនួននៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាមនេះ ដោយចោទថា អ៊ូ សុវណ្ណតារា លោកថុន សូលីដា និងលោក សុខ សារុន បានឃុបឃិតគ្នាប្រើប្រាស់ឯកសារបន្លំ ដើម្បីកឹបកេងថវិការាប់លានរៀល លើការអនុវត្ដគម្រោង Emergency Food Assistant Project Phase L & LL and HAP Project ។

អ្នកដាក់ពាក្យប្តឹងចោទថា ការអនុវត្ដគម្រោងធ្វើផ្លូវដីតម្រូវឲ្យប្រើកម្លាំងមនុស្ស ដើម្បីបង្កើតការងារដល់ពលរដ្ឋក្រីក្រ  ប៉ុន្ដែ មន្ត្រីទាំងនោះបែរជាយកគ្រឿងចក្រមកជំនួសវិញ រួចធ្វើឯកសារក្លែងបន្លំ ដាក់ឈ្មោះ ប្រជាពលរដ្ឋ កឹបកេងលុយពីគម្រោងរបស់ADB។

វីអូឌី(VOD)មិនអាចសុំការបញ្ជាក់ពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង ដើម្បីចង់ដឹងថា តើអង្គភាពប្រឆាំងអំពើពុករលួយនឹងបន្ត បើកការស៊ើបអង្កេតករណីនេះបន្តែម លើការបកស្រាយរបស់ប្រធានមន្ទីរនោះ ឬក៏យ៉ាងនៅឡើយទេ។

គួរំឭកថា កាលពីឆ្នាំ២០១៥ អង្គការតម្លាភាពអន្តរជាតិស្តីពីអំពើពុករលួយបង្ហាញថា ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមបណ្តាប្រទេសដែលមានស្ថានភាពអំពើពុករលួយធ្ងន់ធ្ងរនៅឡើយ ដោយអង្គការតម្លាភាពបង្ហាញថា ក្នុងចំណោមប្រទេស១៦៨ កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១៥០ ដោយទទួលបានពិន្ទុ២១លើ១០០ ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ