អ្នកឃ្លាំមើលបារម្ភពីភាពចម្រូងចម្រាសលទ្ធផលបោះឆ្នោតបើមន្ត្រី គ.ជ.ប នៅតែគំរាមពីប្រព័ន្ធតុលាការ​

អ្នកឃ្លាំមើលកិច្ចការបោះឆ្នោតអះអាងប្រហាក់ប្រហែលគ្នាថា គណបក្សនយោបាយដែលចូលរួមប្រកួតការបោះឆ្នោតខាងមុខ អាចនឹងមានការខ្វែងគំនិតគ្នាលើលទ្ធផលបោះឆ្នោត ខណៈមន្ត្រី គ.ជ.ប ពីររូបត្រូវបានតុលាការចោទប្រកាន់ និងកោះហៅឲ្យចូលបំភ្លឺនាពេលឆាប់ៗនេះ។

លោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប ត្រូវបានតុលាការចោទប្រកាន់ពីបទសម គំនិត និងសូកប៉ាន់សាក្សី ហើយពេលនេះលោក កំពុងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ។

ចំណែកសមាជិក គ ជ ប កូតាពីគណបក្សសង្គ្រោះជាតិ លោក រ៉ុង ឈុន ត្រូវបានចៅក្រមស៊ើបសួរជូនដំណឹងថា បានបញ្ជូនទៅចៅក្រោមជម្រះ ពាក់ព័ន្ធនិងសំណុំរឿងហិង្សាផ្លូវវ៉េងស្រេង។

សមាជិកសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ERA លោក ព្រាប កុល យល់ថា ការដែលមន្ត្រី គ.ជ.ប ពីររូប កំពុងជាប់បណ្តឹងនៅតុលាការបែបនេះ លោកព្រួយបារម្ភថា ករណីនេះនឹងធ្វើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសរើសថ្នាក់ជាតិខាងមុខ អាចនឹងជួបបញ្ហាប្រឈមនៅថ្ងៃខាងមុខនៅពេលប្រកាសលទ្ធផល ដូចប្រទេសអេស៊ីប។

លោកថា៖រឿងទទួលយកលទ្ធផលបោះឆ្នោតឬមិនទទួលយក ខ្ញុំទុកឲ្យគេគិតរៀងៗខ្លួន ប៉ុន្តែខ្ញុំមានការព្រួយបារម្ភថាអាចនឹងមានទំនាស់ មានការខ្វែងគំនិត ហើយនិងមានការចោទជាសំនួរ ទៅ គ.ជ.ប ហើយប្រសិនជាមានការខ្វែងគំនិតឬក៏មានការមិនឯកភាពគ្នាទៅលើលទ្ធផលនៃការបោះឆ្នោត ហើយមិនមានការជឿទុកចិត្ត វាអាចបង្កឲ្យមានទំនាស់ ឬក៏បញ្ហាហិង្សាផ្សេងៗ គឺនៅក្នុងប្រទេសផ្សេងៗដែលកើតមាន យើងធ្លាប់ឃើញនៅបណ្តាប្រទេសមួយចំនួនដែរ ដូចជាប្រទេសអេស៊ីបជាដើម”។

សមាជិកសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ERA មួយរូបទៀត លោក យង់ គិម អេង មានប្រសាសន៍ថា ការគំរាម និងការចាប់មន្ត្រី គ.ជ.ប ធ្វើឲ្យមន្ត្រីមួយចំនួនទៀតនៅក្នុងស្ថាប័នឯករាជ្យមួយនេះ ធ្វើកិច្ចការរបស់ខ្លួនដោយភ័យខ្លាច។ លោកថា ហើយអាចធ្វើឲ្យការបោះឆ្នោតមិនមានសេរី និងយុត្តិធម៌ផងដែរ។ លោក យង់ គិមអេងឲ្យដឹងទៀតថា បើតុលាការចាត់វិធានការលោក រ៉ុង ឈុន មែន លោកថាកំហុសនេះគួធ្លាក់ទៅលើសមាជិកសភា ដែលមិនបានពិនិត្យពីលក្ខណសម្បតិត្តិរបស់សមាជិក គជប មុនចូលកាន់តំណែង។

លោកថា៖បើសិនជាមានបញ្ហាពាក់ព័ន្ធ វាខុសពីគណៈកម្មាធិការអចិន្ត្រៃយិ៍រដ្ឋសភា ព្រោះគណៈកម្មាធិការអចិន្ត្រៃយិ៍រដ្ឋសភាជាអ្នកពីនិត្យមើលទៅលើលក្ខណៈសម្បត្តិរបស់បេក្ខជនមួយៗ (បេក្ខជន គ.ជ.ប) ហើយនៅពេលនោះគេសុទ្ធតែឲ្យធ្វើលិខិតថ្កោលទោស អត់មានជាប់ទោស ខ្ញុំថាបើសិនជាពាក់ព័ន្ធនិងបញ្ហាហ្នឹង ហើយមានការ រំខានទៅដល់គាត់ទៀត យើងមានការព្រួយបារម្ភដែរទៅលើឯករាជ្យភាពរបស់ គ.ជ.ប នៅថ្ងៃអនាគត”។

លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសគេចពីការចាប់ខ្លួន បានសម្តែងក្តីបារម្ភចំពោះភាពទុកចិត្តទៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នោះដែរ។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា បើទោះជាមន្ត្រីរបស់ខ្លួនត្រូវបានតុលាការចោទប្រកាន់និងកោះហៅទៅជម្រះក៏ដោយ លោកថា គ.ជ.ប នៅតែដំណើរការធម្មតា ដោយលោកថា ស្ថាប័ននេះ កំពុងត្រៀមខ្លួនចុះឈ្មោះអ្នកបោះឆ្នោត និងធ្វើកិច្ចការតាមផែនការមេរបស់ខ្លួន។

លោកថា៖ទោះបីជាអវត្តមានមន្ត្រីជាន់ខ្ពស់ ឬក៏មន្ត្រីប្រតិបត្តិការ ក៏នៅតែអាចដំណើរការជាធម្មតា ដែលក្នុងនោះ គ.ជ.ប កំពុងតែត្រៀមខ្លួន ដើម្បីរៀបចំចុះឈ្មោះអ្នកបោះឆ្នោត ហើយនិងធ្វើការងារផ្សេងទៀតទៅតាមផែនការមេរបស់ គ.ជ.ប”។

លោក ហង្ស ពុទ្ធ បញ្ជាក់ថា គ.ជ.ប មិនមានសិទ្ធិលូកដៃលើកិច្ចការតុលាការនោះទេ។ ប៉ុន្តែលោកថា រាល់ការចោទប្រកាន់លើមន្ត្រីរបស់ខ្លួន គឺ គ.ជ.ប បានចាត់តំាងក្រុមការងារផ្នែកច្បាប់ ឲ្យតាមដាននិងត្រួត ពិនិត្យលើដំណើរការតុលាការនោះដែរ។

ទោះជាយ៉ាងណាលោក ហង្ស ពុទ្ធា បានចាត់ទុកថា ការលើកឡើងរបស់មន្ត្រីអង្គការសង្គមស៊ីវិល ជាសិទ្ធិបញ្ចេញមតិ ការទទួលយកលទ្ធផលបោះឆ្នោត កម្រិតណាជាសិទ្ធិ របស់អ្នកនយោបាយ ប៉ុន្តែលោកអះអាងថា គ.ជ.ប នឹងពង្រឹងយន្តការរបស់ខ្លួនឈរលើគោលការណ៍ឯករាជ និងអព្យាក្រិត្យ។

មាត្រា១៣នៃច្បាប់ គ.ជ.ប ចែងថាប្រធាន អនុប្រធាននិងសមាជិក គ.ជ.ប ត្រូវអនុវត្តតួនាទីរបស់ខ្លួនដោយមិនលម្អៀង ដោយឈរលើគោលការណ៍គោរពច្បាប់ ដោយមិនទទួលការគាបសង្កត់ ការគំរាមកំហែង ការបំភិតបំភ័យ ឬការបង្គាប់បញ្ជាដោយផ្ទាល់ ឬដោយប្រហារពីបុគ្គលឬស្ថាប័នណាមួយឡើយ។

ប្រធានអនុប្រធាន និងសមាជិកត្រូវទទួលបានការធានាការពារសន្តិសុខ សុវត្ថិភាពផ្ទាល់ខ្លួននិងគ្រួសារ ក្នុងករណីចំបាច់តាមសំណូមពររបស់សាមីខ្លួន។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូណា ស្មីត (Rhona Smith) លើកឡើងថា លោកស្រីសង្ឃឹមថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងធានាឲ្យបានការបោះឆ្នោតមួយប្រកបដោយសេរី និងយុត្តិធម៌ ខណៈកម្ពុជានឹងរៀបចំការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០១៧ និងបោះឆ្នោតជាតិនៅឆ្នាំ២០១៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ