គណបក្ស​ថ្មីមួយប្រកាសហែក្បូនរកព្រះរាជអន្តរាគមន៍ដោះលែងមន្ត្រីសិទ្ធិមនុស្សដែលកំពុងជាប់ឃុំ

គណបក្សថ្មីមួយប្រកាសថា នៅសប្តាហ៍ក្រោយនេះ ពួកគេនឹងដង្ហែញត្តិភ្ជាប់នឹងស្នាមមេដៃ៦ពាន់នាក់ ដាក់ថ្វាយព្រះមហាក្រត្រនរោត្តម សីហមុនី សុំព្រះរាជទានអន្តរាគមន៍ ដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស និងមន្ត្រី គជប មួយរូបដែលរដ្ឋាភិបាលចោលប្រកាន់ ហើយពេលនេះពួកគេកំពុងជាប់ឃុំ ។

ក្នុងសេចក្តីប្រកាសព័ត៌ ចុះថ្ងៃទី២១ ខែឧសភា គណបក្សយុវជនកម្ពុជា ជាគណបក្ស ទើបបង្កើតថ្មីបានលើកឡើងថា នៅថ្ងៃទី៣០ខែឧសភា ពួកគេនឹងជួបជំគ្នានៅរូបសំណាក់សម្តេចឪជិតផ្ទះលោកនាយករដ្ឋមន្ត្រីជិតវិមាណឯករាជ្យ។

គណបក្សនោះឲ្យដឹងទៀតថា ក្រោយមកពួកគេនឹងដង្ហែញត្តិទៅថ្វាយព្រះមហាក្សត្រសុំឲ្យព្រះអង្គព្រះធ្វើព្រះរាជអន្តរាគមន៍ដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស និងមន្ត្រី គជប ដែលតុលាការសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្ន តាមការចោទប្រកាន់របស់អង្គភាពប្រឆាំងអំពើពុករលួយ។

មន្ត្រីការពារសិទ្ធិមនុស្សអាដហុក ៤រូប មានលោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន និងលោក ស្រី លឹម មុន្នី រួមទាំងអគ្គលេខាធិការរង គជប លោក នី ចរិយាផង ត្រូវតុលាការចម្រេឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ កាលពីថ្ងៃទី២ ខែឧសាភា ឆ្នាំ២០១៦ ចោទពីបទសមគំនិតនិងសូកប៉ាន់សាក្សី ក្នុងសំនុំរឿងស្នេហា ក្នុងជីវិតឯកជនរបស់ខុម ចាន់តារ៉ាទី និងមេបក្សប្រឆាំងមួយរូប។

នៅពេលថ្មីនេះ គណពក្សដែលទើបបង្កើតថ្មីនោះ បានអះអាងថា ខ្លួនបានប្រមូលស្នាមមេដៃ បាន៦ពាន់នាក់ ដែលពួកគេថា ដើម្បីជំរុញឲ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្សទាំងនោះ។

បើតាមប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្យ ស្រស់ អះអាងថា អ្នកចូលរួម ដង្ហែញត្តិ មានប្រមាណជា៥០នាក់ ។

វីអូឌី(VOD) មិនទាន់សុំការបំភ្លឺពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បានទេ ដោយទូរស័ព្ទចូលច្រើនដងតែគ្មានអ្នកទទួល។

គួរបញ្ជាក់ថា យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ត្រូវបានមន្រ្តីអង្គការសង្គមស៊ីវិល និងសកម្មជនដីធ្លីចាប់ផ្ដើមធ្វើតាំងពីថ្ងៃទី៩ ខែឧសភាមក ដើម្បីទាមទាឲ្យតុលាការទម្លាក់បទចោទលើមន្រ្តីសិទ្ធិមនុស្សអាដហុកដែលកំពុងជាប់ឃុំនោះ។

ប៉ុន្តែយុទ្ធនាការនោះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ បង្ក្រាប និងមួយចំនួនទៀតត្រូវបានចាប់ឃាត់ខ្លួន មួយរយៈខ្លី បង្ខំឲ្យចុះកិច្ចសន្យាបញ្ឈប់ធ្វើយុទ្ធនាការ ដោយចោទថា យុទ្ធនាការនោះអាចបង្កឲ្យមានបដិវត្តន៍ព៌ណ ផ្តួលរលំរដ្ឋាភិបាល។

ប៉ុន្តែក្រុមអ្នកតស៊ូមតិដោយសន្តិវិធី ហៅចំណាត់ការរបស់រដ្ឋាភិបាលនោះថា ជាសញ្ញាណគ្រោះថ្នាក់ដល់ការគោរពសិទ្ធិមនុស្សនៅកម្ពុជា និងជំរុញឲ្យដំណើរការប្រជាធិបតេយ្យរួមតូច។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ