កម្ពុជានិងថៃជំរុញការតភ្ជាប់ឆ្នេរសមុទ្រឲ្យបានឆាប់សម្រាប់ដឹកជញ្ជូនទំនិញ

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០១៦​ ម៉ោង 3:56 PM | ពាណិជ្ជកម្មសេដ្ឋកិច្ច | 0 | 1899 រដ្ឋមន្រ្តី​ការបរទេសកម្ពុជា លោក ប្រាក់ សុខុន និង​រដ្ឋមន្រ្តីការបរទេសថៃ លោក ដន ប្រាម៉ាត់វីណៃ(Don Pramudwinai) (រូបថតពីក្រសួងការបរទេស​ថៃ)

ប្រទេសកម្ពុជានិងប្រទេសថៃបានឯកភាពគ្នាក្នុងការជំរុញឲ្យមានការតភ្ជាប់ឆ្នេរសមុទ្រឲ្យបានឆាប់ ក្នុងគោលបំណងពង្រឹងការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរ។

រដ្ឋមន្រ្តីការបរទេសថ្មីរបស់កម្ពុជា លោក ប្រាក់ សុខុន បានបំពេញទស្សនកិច្ចនៅប្រទេសថៃ ចំនួនពីរថ្ងៃ ចាប់ពីថ្ងៃទី១៩ដល់ទី២០ ខែមិថុនា ដោយលោកបានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបទេសថៃ លោក ដន ប្រាម៉ាត់វីណៃ(Don Pramudwinai)។

នៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការបរទេសដែលត្រូវបានចេញផ្សាយនៅថ្ងៃអង្គារនេះ ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថាភាគីទាំងពីរបានពិភាក្សានិងឯកភាពបើកច្រកអន្តរជាតិស្ទឹងបទ ណងអៀននិងលើកកម្រិតច្រកត្រួតពិនិត្យ៤កន្លែង ឲ្យទៅជាច្រកអន្តរជាតិ(អានសេះ ភ្នំដី ថ្មដានិងជប់គគី)។ ភាគីទាំងពីរក៏បានជំរុញដំណើរការត្រួតពិនិត្យទីតាំងច្រកអូរនាង បានប៉ារាយ ដើម្បីបោសសម្អាតមីននិងត្រៀមរៀបចំបើកបន្ទាប់ពីការបើកច្រកស្ទឹងបទ។

ចំពោះផ្លូវដែកវិញ ភាគីទាំងពីរថានឹងខិតខំធ្វើយ៉ាងណាដើម្បីដំណើរការដឹកនជញ្ជូនពីបាងកកមកភ្នំពេញនៅចុងឆ្នាំ២០១៦។ ចំណែកតាមផ្លូវសមុទ្រវិញ ភាគីទាំងពីរបានជំរុញគម្រោងតភ្ជាប់ឆ្នេរថៃកម្ពុជា វៀតណាម ដើម្បីដំណើរការដឹកជញ្ជូនទេសចរណ៍និងទំនិញភ្ជាប់ប្រទេសទាំង៣ឲ្យបានឆាប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។

ប្រទេសកម្ពុជានិងថៃបានរំពឹងថានឹងបង្កើនទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឲ្យកើនដល់១៥ពាន់លានដុល្លារនៅឆ្នាំ២០២០។  កាលពីឆ្នាំ២០១៥ ទំហំពាណិជ្ជកិម្មរវាងប្រទេសទាំងពីរមានចំនួន៥,៦ពាន់លានដុល្លារ ដែលកើន១០ភាគរយលើសឆ្នាំ២០១៤។

ក្នុងកិច្ចពិភាក្សានោះផងដែរ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាប្រយុទ្ធនឹងបទល្មើសនានាតាមតំបន់ព្រំដែន ការកាប់ឈើដោយខុសច្បាប់ ការជួញដូរមនុស្សនិងឧក្រិដ្ឋកម្មឆ្លងដែននិងបញ្ហាពលករខ្មែរធ្វើការនៅប្រទេសថៃ៕

សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required