តុលាការ​កំណត់ថ្ងៃ​បើកសវនាការ​ជំនុំជម្រះ​ករណី​សកម្មជនចលនាមាតាធម្មជាតិ ក្រោយពីឃុំខ្លួន​លើសថិរវេលា

(រាប់ពីលើចុះក្រោម)លោក ស៊ីម សំណាង លោក ទ្រី សុវិគានិង លោក សាន់ ម៉ាឡា(រូបថតដោយ​Mot Kimy)

សាលាដំបូងខេត្តកោះកុងបានសម្រេចបើកសវនាការជំនុំជម្រះលើករណីសកម្មជនចលនាមាតាធម្មជាតិ៣នាក់ នៅថ្ងៃទី២៧ ខែមិថុនា ខាងមុខនេះ ខណៈពួកគេត្រូវបានឃុំខ្លួនអស់រយៈពេលជាង១០ខែមកហើយ ដែលផ្ទុយពីការចែងរបស់ច្បាប់ស្តីពីការឃុំខ្លួនបណ្តោះអាសន្ន។

សកម្មជនបរិស្ថានទាំងនោះរួមមានលោក សាន់ ម៉ាឡា លោក ទ្រី សុវិគានិងលោក ស៊ីម សំណាង ហើយពួកគេត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥។ ពួកគេត្រូវបានចោទប្រកាន់ក្នុងបទល្មើសមជ្ឈិម តាមមាត្រា៤២៤នៃក្រមព្រហ្មទណ្ឌពីបទគំរាមកំហែងថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នឹងបញ្ជាអ្វីមួយ។ បើតាមមាត្រា៤២៤នៃក្រមព្រហ្មទណ្ឌ អំពើគំរាមកំហែងតាមមធ្យោបាយណាក៏ដោយថានឹងប្រព្រឹត្តការបំផ្លិចបំផ្លាញ ការធ្វើឲ្យទ្រុឌទ្រោមឬការធ្វើឲ្យខូចខាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ២ឆ្នាំ។

មាត្រា២០៩នៃក្រមព្រហ្មទណ្ឌចែងថាថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្នក្នុងបទមជ្ឈិម(ជាបទល្មើសដែលអតិបរមានៃទោសដាក់ពន្ធនាគារលើសពី៦ថ្ងៃនិងក្រោមឬស្មើ៥ឆ្នាំ)ចំពោះនីតិជនដែលត្រូវចោទប្រកាន់ពីបទមជ្ឈិម ការឃុំខ្លួនបណ្តោះអាសន្នមិនអាចលើសពី៤ខែបានទេ។ ប៉ុន្តែនៅពេលផុតថិរវេលានេះ ចៅក្រមស៊ើបសួរអាចពន្យារការឃុំខ្លួនបណ្តោះអាសន្នបានតែម្តងគត់មិនលើសពីពីរខែ ដោយដីកាមានសំអាងហេតុត្រឹមត្រូវនិងច្បាស់លាស់។

អ្នកនាំពាក្យសាលាជម្រះក្តីនៃតុលាការខេត្តកោះកុង លោក ឈិន ឡុង បានទទួលស្គាល់ថាការឃុំខ្លួនសកម្មជនទាំងបីនាក់នោះលើសពីរយៈពេលនៃការឃុំឃាំងដែលមានចែងនៅក្នុងច្បាប់។ ទោះជាយ៉ាងណា លោកបានបដិសេធមិនបញ្ជាក់ពីមូលហេតុ ដោយឲ្យទៅសួរប្រធានសាលាដំបូងវិញ។

សំណុំរឿងរបស់សកម្មជនទាំងបីនាក់នេះ ក៏ពាក់ព័ន្ធនឹងសកម្មជនអារ៉ែងជនជាតិអេស្ប៉ាញលោក អាឡិច ហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន(Alejandro Gonzalez Davidson)ដែលត្រូវបានអាជ្ញាធរកម្ពុជាដាក់ក្នុងបញ្ជីខ្មៅនិងត្រូវបានបណ្តេញចេញពីកម្ពុជាកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥។

នៅក្នុងដីកាសម្រេចបំបែកសំណុំរឿងចុះថ្ងៃទី១៣ ខែឧសភា ប្រធានតុលាការខេត្តកោះកុងបានសម្រេចបំបែកសំណុំរឿងនេះចេញពីលោក អាឡិច ដោយថាដើម្បីការពារផលប្រយោជន៍ជូនជនជាប់ចោទ។ តុលាការបញ្ជាក់ថាករណីលោក អាឡិច រង់ចាំការសម្រេចរបស់តុលាការកំពូល។

លោក អាឡិច ប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថាសំណុំរឿងរបស់លោកនិងជនជាប់ចោទផ្សេងទៀតជាសំណុំរឿងតែមួយ។ លោកបញ្ជាក់ថាលោកបានដាក់ពាក្យប្តឹងទាស់ទៅតុលាការកំពូលប្រឆាំងនឹងការសម្រេចរបស់ចៅក្រមស៊ើបសួរក្នុងការបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះ តែលោកថាលោកបានដកពាក្យបណ្តឹងនោះវិញកាលពីចុងខែមេសា ឆ្នាំ២០១៦ ដែលលោកថាដើម្បីឲ្យតុលាការបើកសវនាការជំនុំជម្រះបានលឿនលើករណីនេះ។ លោកចាត់ទុកការឃុំឃាំងរបស់តុលាការលើសកម្មជនទាំងបីនាក់នោះជា”រឿងខុសច្បាប់និងខុសនីតិវិធី”។

មេធាវីការពារក្តីឲ្យលោក អាឡិចនិងសកម្មជនទាំងបីនាក់ លោក សំ ចំរើន បានបដិសេធមិនអត្ថាធិប្បាយលើករណីនេះ។

គួរបញ្ជាក់ថាលោក អាឡិច ត្រូវបានចាប់ខ្លួននិងបណ្តេញចេញពីកម្ពុជា បន្ទាប់ពីលោកបានចូលរួមយ៉ាងសកម្មប្រឆាំងនឹងការធ្វើទំនប់វារីអគ្គិសនីតំបន់អារ៉ែងនិងការបូមខ្សាច់នៅខេត្តកោះកុង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ