ដេនី ក្វាន់ ប្រកែកសម្ដែង​ស៊ិចស៊ី

​​​កញ្ញា​ដេនី ក្វាន់(ខាងស្តាំ)

ខណៈដែលតារាស្រីជាច្រើនរូបរួមមានកញ្ញា កញ្ញា ឌុច លីដា អ្នកនាង ចន ច័ន្ទលក្ខិណា និងអ្នកនាងវ៉ាង ស្រីណូ ជាដើម សុទ្ធតែមានប្រវត្តិថតចំហរល្វែងលើនិងថតឈុតស្នេហាស្រើបស្រាលនៅក្នុងភាពយន្ត តារាសម្ដែងដែលត្រូវគេប៉ាន់ស្មាននឹងមិនខ្លាចសម្រាប់ឈុតឆាកទាំងនេះ គឺកញ្ញាដេនី ក្វាន់ បែរជាប្រកាសមិនទទួលសម្ដែងតាមលំនាំនោះទៅវិញ។ សូម្បីតែខាងផលិតករហ៊ានចំណាយរាប់ពាន់ដុល្លារសម្រាប់មួយប្លង់ ក៏នាងមិនថតនោះដែរ ដែលការប្រកាសនេះហក់ធ្វើអោយអ្នកប៉ាន់ស្មានទម្លាប់ចូលចិត្តស៊ិចស៊ីរបស់នាងប្លែកអារម្មណ៍។

ដេនី ក្វាន់ បាននិយាយក្នុងពិធីក្រុងពាលីរឿង«ផ្ទះចិញ្ចឹមខ្មោច»ដែលនាងទើបតែឆក់បានតណែងជាតួឯកកាលពីថ្ងៃទី២០ មិថុនាថា បើទោះជានាងស៊ិចស៊ីក្រៅឆាក ប៉ុន្តែនាងបានប្រកាន់ជំហរជាយូរមកហើយ ថាមិនសម្ដែងក្នុងឈុតអាក្រាតកាយដូចជាចំហរល្វែងលើ ល្វែងក្រោម ឬថតរបៀបជាស្នេហារោលរាលនោះឡើយ។ នាងលើកឧទាហរណ៍ថាមុនការផ្ទុះឡើងនូវការរិះគន់ពាក់ព័ន្ធនឹងរឿងតុបតែខ្លួនស៊ិចស៊ីខ្លាំងក្នុងពិធីខួបកំណើតរបស់ប្អូនប្រុស គឺមានផលិតករមួយចំនួនបានទាក់ទងអោយនាងបែបហ្នឹងច្រើនលើកមកហើយ ប៉ុន្តែមកពីនាងប្រកាន់ជំហរថាស៊ិចស៊ីតែនៅក្រៅឆាក ហើយមិនអាចទៅស៊ិចស៊ីសម្រាប់ការសម្ដែងក្នុងឈុតឆាករឿងបាន ទើបបដិសេធសម្ដែងភាពយន្តសម្រាប់រោងកុននាពេលកន្លងមក។ នាងថាបើខ្លួនចេះតែទទួលសម្ដែងគឺប្រហែលជាមានច្រើនរឿងរាប់មិនអស់មកហើយ ប៉ុន្តែមកពីនាងមិនពេញចិត្តឈុតឆាកដែលតម្រូវអោយសម្ដែងអាក្រាតនិងស៊ីចស៊ីទាំងនោះ ទើបអត់ទទួល។ នាងបញ្ជាក់ថាខ្សែរឿង«ផ្ទះចិញ្ចឹមខ្មោច»ជារឿងទី២បន្ទាប់ពីរឿងភាគរបស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៩ ប៉ុន្តែនេះគឺជារឿងទី១សម្រាប់រឿងដុំនិងរឿងទី១ដូចគ្នាបន្ទាប់ពីនាងបានបញ្ចប់រឿងរិះគន់ឡើងផ្អើលស្រទាប់មហាជនក្នុងអំឡុងពេលមុន។

នាងថាហេតុផលដែលនាងយល់ព្រមទទួលសម្ដែងរឿងរបស់ផលិតកម្ម Wonder  Film Cambodia នោះ គឺដោយសារតែក្នុងរឿង«ផ្ទះចិញ្ចឹមខ្មោច» តម្រូវអោយនាងសម្ដែងជាតួឯកនារីសុភាពរម្យទម្យរបៀបថ្លៃថ្នូរ ដែលនាងយល់ថាគឺជាអ្វីដែលនាងមិនពិបាកសម្ដែង។ នៅក្នុងរឿងនេះ ក៏អត់មានឈុតឆាកអោបថើប និងស្នេហារោលរាលអីនោះដែរ ទើបនាងសម្រេចចិត្តទទួលសម្ដែង ក្នុងចំណោមរឿងជាច្រើន ដែលបានទាក់ទងបើកច្រកអោយនាងចេញធ្វើតួឯក។

នាងនិយាយថា៖ “មនុស្សភាគច្រើនមើលមកខ្ញុំ គេយល់ថាខ្ញុំសម្រាប់អត់មានបញ្ហារឿងឈុតស្រាត ឈុតស៊ិចស៊ី ឬក៏ឈុតស្នេហាស្រើបស្រាល ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំសូមបញ្ជាក់ថារឿងស៊ិចស៊ីខាងក្រៅគឺចឹងមែន បើអោយទៅថតបែបអាសអាភាស ស៊ិចស៊ីក្នុងកុនអោយអ្នកណាមើលអត់ទេ ទោះជាត្រឹមចំហរខ្នងអីក៏ដោយ”។ កញ្ញារំពឹងថាខ្សែរឿង«ផ្ទះចិញ្ចឹមខ្មោច»នឹងទទួលបានជោគជ័យ ដោយសាខ្សែរឿងនេះ នាងថាអ្នកនិពន្ធតម្រូវអោយខ្លួនសម្ដែងជាតួឯកលើកដំបូង ហើយជារឿងដែលមានរៀមច្បងល្បីៗដូចជានាយគ្រឿន លោកប៊ីអាយជី និងតារាល្បីជៗជាច្រើនទៀត។

លោកសែម វិសាល ផលិតកររឿង«ផ្ទះចិញ្ចឹមខ្មោច» បានអះអាងថាហេតុផលតែមួយគត់ដែលលោកសម្រេចចិត្តជ្រើសយក ដេនី ក្វាន់ អោយធ្វើតួឯកគឺបណ្ដាលមកពីលោកកត់សម្គាល់ថាក្រោយពេលបញ្ចប់រឿងគេរិះគន់នាងស៊ិចស៊ីគឺតារាស្រីរូបកាន់តែមានកេរ្តិ៍ឈ្មោះខ្ទរខ្ទារនិងដោយសារតែតួអង្គនៅក្នុងសាច់រឿងគឺតម្រូវទៅលើតួអង្គដែលចរឹកឡូយឆាយស៊ីវិល័យនិងថ្លៃថ្នូរសមនឹងទម្រង់មុខមាត់របស់នាង។  លោកនិយាយថា៖ “យើងមានតារាច្រើនដែលត្រូវជម្រើស ប៉ុន្តែចុងក្រោយខ្ញុំជ្រើសយកគាត់ ដោយសារតែគាត់ត្រូវនឹងតួអង្គដែលខ្ញុំស្រម៉ៃ!”។ លោកថាដេនីក្វាន់ មិនមានឈុតឆាកសម្ដែងស៊ិចស៊ី ឬឈុតស្នេហារោលរាលនៅក្នុងខ្សែរឿង«ផ្ទះចិញ្ចឹមខ្មោច»នោះទេ ដោយសារតែនាងគឺបានជជែកជាមួយលោកតាំងពីមុនកុងត្រាថាបើមានឈុតមិនសមរម្យក្នុងរឿងត្រូវតែកាត់ចោល ទើបនាងយល់ព្រមសម្ដែង។ លោកថារឿងនេះគ្រោងចំណាយច្រើនម៉ឺនដុល្លារ ហើយរំពឹងថានឹងជោគជ័យផងដែរ បន្ទាប់ពីលោកទើបនឹងបានផលិតរឿង«ប្រាសាទអាថ៌កំបាំង!» ហើយទទួលផលចំណេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ