រដ្ឋាភិបាល​បង្កើនថវិកា៥ពាន់លានរៀលសម្រាប់ជួយអតីតយុទ្ធជនពិការ

លោក ហ៊ុន សែន និងលោកស្រី ប៊ុនរ៉ានី ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

រដ្ឋាភិបាលប្រកាសថានឹងបង្កើនថវិកាពី៤ទៅ៥ពាន់លានរៀលក្នុងមួយឆ្នាំសម្រាប់ទ្រទ្រង់ជនពិការដែលពលីកម្មជួយប្រទេសជាតិកន្លងទៅ។

ក្នុងពិធីរំលឹកខួបលើកទី៩ ទិវាអតីតយុទ្ធជនកម្ពុជានៅថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា រដ្ឋាភិបាលបានបង្កើនថវិកាបំរុងពី៤ទៅ៥ពាន់លានរៀលក្នុងមួយឆ្នាំ ដើម្បីយកទៅជួយទ្រទ្រង់ដល់អតីតយុទ្ធជននិងយុទ្ធជនពិការដែលពលីជីវិតជួយប្រទេសជាតិ។ លោកមានប្រសាសន៍ថា៖ វាជាភព្វសំណាងមួយសម្រាប់យើង ដោយមានសប្បុរសជន ហើយដែលបានទទួលផលប្រយោជន៍ពីសុខសន្តិភាពនៃអតីតយុទ្ធជនរបស់យើង ហើយពួកគាត់ក៏បានរកស៊ីមានបាននៅក្នុងប្រទេសដែលមានសន្តិភាពបន្ទាប់ពីសង្គ្រាមដោយការលះបង់របស់បងប្អូនយុទ្ធជនពិការ

បុរសវ័យ៥៤ឆ្នាំ លោក ឆាយ ស៊ន ពិការជើងទំាងពីរមានស្រុកំណើតនៅស្រុកស្អាង ខេត្តកណ្តាល អះអាងថា លោកជាជនពិការនៅសម័យសង្គ្រាម។ លោកបន្តថា លោកធ្វើជាទាហាននៅខេត្តប៉ៃលិន ចាប់ពីឆ្នាំ១៩៨៥ដល់ឆ្នាំ១៩៨៨ ប៉ុន្តែនៅឆ្នាំ១៩៨៨នោះ គាត់បានដើរជាន់មីនដាច់ជើងទំាងពីរ ខណៈលោកនៅពេលបំពេញបេសកកម្មជួយបំរើជាតិ។

លោក ឆាយ ស៊ន សាទរនឹងការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបង្កើនថវិកាជួយធ្វើផ្ទះនិងផ្តល់ដីឲ្យអតីតយុទ្ធជនពិការ ខណៈរូបលោករុញរទះសុំទាននៅភ្នំពេញរកប្រាក់ចិញ្ចឹមម្តាយចាស់ជរា។ លោកបន្តថា៖ ចាស់ជរាទៅវត្តទៅវ៉ាលែងរួច ឥឡូវទៅផ្ទះ ខ្សត់ខ្សោយពេកបង ចេះតែខ្លួនរកបន្តិចបន្តួច ដើម្បីអ្នកមានគុណម្តាយតិចតួច ពឹងប្រាក់ខែអត់គ្រប់ ចង់ឲ្យរដ្ឋាភិបាលជួយឧបត្ថម្ភខ្លះ អ្វីក៏បានតាមតែចិត្តគាត់ចង់ឲ្យ អីក៏បានដែរ

ជនពិការដោយសារសង្គ្រាម (ដោយ ណាត សុភាព)
ជនពិការដោយសារសង្គ្រាម (ដោយ ណាត សុភាព)

បុរសម្នាក់ទៀតដែលអះអាងថាធ្វើជាទាហានខ្មែរក្រហមនៅកងពល២០៩ នៅឆ្នាំ១៩៨៣ ស្ថិតនៅស្រុកអន្លុងវែង ខេត្តបន្ទាយមានជ័យលោក នូ រម្យ រៀបរាប់ថានៅឆ្នាំ១៩៩០ គាត់ត្រូវបានថ្នាក់លើបញ្ជូនទៅខេត្តកោះកុង។ ក្រោយមកនៅឆ្នាំ១៩៩៦ បានបាញ់គ្នាជាមួយកម្លាំងខ្មែរក្រហម នៅគ្រានោះគ្រាប់បេបានផ្ទុះត្រូវជើងរបស់គាត់ដាច់ខាងឆ្វេង។ លោកបន្ថែមថា៖ បើសិនដែលថាគាត់អាចជួយដល់ជនពិការមែន គឺគាត់មកដល់ បើថាមកដល់ផ្ទះជាក់ស្តែងហើយត្រួតពិនិត្យមើលបាន បានមកមើលជីវភាពរស់នៅត្រឹមត្រូវហើយ ក៏គាត់អាចផ្តល់ជាថវិកាឲ្យក៏បានដល់ដៃ នោះគេហៅថាវាជាក់ស្តែង”។

ទោះជាយ៉ាងណាលោក ហ៊ុន សែន ថ្លែងទៀតថាក្រសួងសង្គមកិច្ចត្រូវស្រាវជ្រាវអតីតយុទ្ធជនជនពិការនិងគ្រួសារដែលទទួលបានផ្ទះនិងដីសម្បទានរួចហើយកន្លងទៅ ប៉ុន្តែពួកគេមិនបានរស់នៅថែទំាដែលអាចចាត់ទុកថាជាចេតនាបោះបង់ចោល។ លោកថារដ្ឋាភិបាលបន្តផ្តល់ដីសម្បទានសង្គមកិច្ចដល់អ្នកដែលបានដាក់ពាក្យស្នើសុំទៅតាមបណ្តាខេត្តចំនួន៨រួមមាន ខេត្តក្រចេះ កំពត កំពង់ស្ពឺ ពោធិ៍សាត់ ព្រះសីហនុ កំពង់ឆ្នាំ បាត់ដំបង និងខេត្តសៀមរាប ដើម្បីឲ្យពួកគេបានយកទៅប្រកបមុខរបរកសិកម្មទ្រទ្រង់ជីវភាពគ្រួសារ។

ក្នុងពីធីនោះប្រធានកាកបាតក្រហមកម្ពុជាលោកស្រី ប៊ុនរ៉ានី ហ៊ុន សែន ប្រាប់ទៅលោក ហ៊ុន សែន ថាកាកបាតក្រហមនឹងផ្តល់ថវិកាជួយជនពិការ១០ម៉ឺនដុល្លារក្នុងមួយឆ្នាំសម្រាប់ធ្វើបុណ្យសពឲ្យជនពិការ។ ក្រៅពីនេះក៏មានសប្បុរសជនដែលមានងារជាឯកឧត្តមនិងឧកញ៉ាមួយចំនួនអះអាងថាបានបរិច្ចាកថវិកាជូនទៅសមាគមអតីតយុទ្ធជនពិការជាងមួយលានដុល្លារអាមេរិកសម្រាប់សាងសង់ផ្ទះជូនជនពិការ៣៤៥ខ្នងក្នុងនោះត្រូវផ្តល់ទៅភ្នំឆ័ត្រ១៥០ខ្នង ផ្ទះនិងអគារសិក្សា។ ចំណែកថវិកាដែលសេសសល់ត្រូវធ្វើផ្ទះឲ្យយុទ្ធជនពិការដែលមានដី តែខ្វះផ្ទះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ