សកម្មជនដែលជាប់ឃុំបង្ហាញក្តីសង្ឃឹម ខណៈអន្តរជាតិចាប់អារម្មណ៍ពីនយោបាយនៅកម្ពុជា

តំណាងរាស្ត្របក្សប្រឆាំងលោក អេង ឆៃអ៊ាង

សកម្មជនគណបក្សប្រឆាំងដែលកំពុងជាប់ឃុំបង្ហាញក្តីសង្ឃឹមថាពួកគេនឹងត្រូវបានដោះលែង ខណៈសហគមន៍អន្តរជាតិជំរុញឲ្យរដ្ឋាភិបាលវិលទៅរកតុចរចា ស្វែងរកដំណោះស្រាយនយោបាយ ធានាដល់ការបោះឆ្នោតឆ្នាំ២០១៧និង២០១៨ខាងមុខ។

នៅព្រឹកថ្ងៃទី២១ខែមិថុនានេះ ក្រុមអ្នកតំណាងរាស្ត្របក្សប្រឆាំងបានចុះសួរសុខទុក្ខសកម្មជនរបស់ពួកគេជាង១៥នាក់ដែលកំពុងឃុំខ្លួននៅពន្ធនាគារព្រៃស។

ក្រោយចូលជួបតំណាងរាស្ត្របក្សប្រឆាំងមួយរូបគឺលោក អេង ឆៃអ៊ាង ប្រាប់អ្នកសារព័ត៌មានថាសកម្មជនរបស់ខ្លួននៅមានស្មារតីរឹងមាំមិនតក់ស្លុត។ លោកថាអ្នកទាំងនោះបានជំរុញឲ្យគណបក្សសង្រ្គោះជាតិរក្សាជំហររឹងមាំ ដោយត្រូវបន្តសកម្មភាពជាមួយនឹងក្តីសង្ឃឹមពេលសហគមន៍អន្តរជាតិកំពុងចាប់អារម្មណ៍ពីស្ថានការនយោបាយនៅកម្ពុជា។

លោកថា៖ «ពួកគាត់មានជំនឿដូចពួកខ្ញុំដែរថាការតស៊ូរបស់យើងហ្នឹងបានលទ្ធផល ព្រោះឥឡូវឃើញបានលទ្ធផលជាផ្លែផ្កាហើយដែលមានបណ្តាមិត្តបរទេសហ្នឹងគេបានសម្តែងនូវប្រតិកម្មនិងគេបានជំរុញឲ្យរកដំណោះស្រាយហ្នឹង»

កាលពីថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៦ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បានសម្តែងការព្រួយបារម្ភពីរបាយការណ៍នៃការបំភិតបំភ័យ ការយាយី និងការចាប់ខ្លួន មន្រ្តីសង្គមស៊ីវិល សមាជិកស្ថាប័ន គ.ជ.ប ការចាប់ឃុំខ្លួនសមាជិកបក្សប្រឆាំង និងការបំភិតបំភ័យប្រព័ន្ធផ្សព្វផ្សាយ។

លោក បាន គីមូន បង្ហាញក្តីសង្ឃឹមថារដ្ឋាភិបាលកម្ពុជានឹងធានាការគោរពសិទ្ធិមនុស្សឲ្យបានពេញលេញរួមមានសេរីភាពនៃការបញ្ចេញមតិ សមាគម និងការប្រមូលផ្តុំ។

ចំណែកសហភាពអឺរុបដែលមានសមាជិក២៨ប្រទេសនិងជាម្ចាស់ជំនួនដ៏ធំមួយដល់កម្ពុជានោះក៏បានចេញសេចក្តីថ្លែងការណ៍អំពាវនាវកាលពីថ្ងៃទី៨ខែមិថុនាឲ្យអាជ្ញាធរកម្ពុជាទម្លាក់ចោលការចោទប្រកាន់នានាប្រឆាំងមេបក្សប្រឆាំង សមាជិករដ្ឋសភា និងព្រឹទ្ធសភារបស់គណបក្សនេះ។

ជាងនេះទៅទៀតសភាអឺរ៉ុបក៏អំពាវនាវឲ្យរដ្ឋាភិបាលដោះលែងអ្នកការពារសិទ្ធិមនុស្សនៅសមាគមអាដហុកបួនរូប អគ្គលេខាធិការរង គ.ជ.ប មួយរូបផងដែរ។ មិនតែប៉ុណ្ណោះសហភាពអឺរ៉ុបបានគំរាមឲ្យពិនិត្យមើលការផ្តល់ជំនួយនេះឡើងវិញ អាស្រ័យលើការបើកទូលាយនៃលំហូរសេរីភាពនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។

ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជាធ្លាប់លើកឡើងថាបើមានការចរចាណាមួយ ជាមួយគណបក្សសង្គ្រោះជាតិមែន លោកថានឹងមិននិយាយពីអ្នកដែលកំពុងជាប់ឃុំទេ ដោយលោកអះអាងថាវិធានការនោះ ជាអំណាចតុលាការមិនអាចយកវប្បធម៌សន្ទនាទៅជ្រៀតជ្រែកបាន។

មួយរយៈនេះតុលាការបានសម្រេចឲ្យឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស៤រូបនៃសមាគមអាដហុក  មន្ត្រី គ.ជ.ប សកម្មជនបក្សប្រឆាំងសរុបជិត២០នាក់ក្នុងនោះមានតំណាងរាស្រ្តពីររូបត្រូវបានតុលាការឲ្យឃុំខ្លួនទាំងមានអភ័យឯកសិទ្ធិសភាផងដែរ។

អ្នកប្រឹក្សាយោបល់ឯករាជ្យលោកបណ្ឌិត ចាន់ វិបុល លើកឡើងថាវិធានការចាប់ឃុំខ្លួនសកម្មជនសិទ្ធិមនុស្សនិងអ្នកនយោបាយកន្លងទៅ លោកថាបើទោះបីលោកមិនមែនជាអ្នកជំនាញច្បាប់ ប៉ុន្តែលោកយល់ថាជារូបភាពនយោបាយ។

បើតាមលោកបណ្ឌិត ចាន់ វិបុល យល់ថាកម្ពុជានឹងជួបវិបត្តិនៅពេលខាងមុខបើមេដឹកនាំធ្វើព្រងើយកន្តើយចំពោះការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិ។

លោកថា៖ «បើសិនមេដឹកនាំកម្ពុជា មេដឹកនាំនយោបាយកម្ពុជា អ្នកដឹកនាំរដ្ឋាភិបាលហ្នឹង មិនបានចាប់ផ្តើមយល់នូវអ្វីដែលជាប្រតិកម្មរបស់អង្គការសហប្រជាជាតិនិងប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យហើយមិនបែរមកតុចរចាទេ ខ្ញុំយល់ឃើញថាកម្ពុជានឹងជួបវិបត្តិមួយដែលពិបាកដោះស្រាយហើយ»

ទោះជាយ៉ាងណាតំណាងរាស្ត្របក្សប្រឆាំងដែលបានចូលសួរសុខទុក្ខអះអាងថាសកម្មជនរបស់ពួកគេកំពុងប្រឈមនឹងបញ្ហាសុខភាពពីការស្រូបផ្សែងបារីពីអ្នកទោសដូចគ្នាក្នុងបន្ទប់រួម។ លោក អេង ឆៃអ៊ាង ថានឹងស្នើឲ្យបន្ថែមគ្រូពេទ្យទៅកាន់មណ្ឌលឃុំឃាំងព្រៃសនេះ សម្រាប់ពិនិត្យនិងថែទាំងសុខភាពអ្នកទោសមនសិការទាំងនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ