មេធាវីសង្ឈឹមថាមន្រ្តីអាដហុកដែលជាប់ចោទអាចនឹងត្រូវដោះលែង

មន្ត្រីសមាគមអាដហុកលោក ណៃ វ៉ង់ដា

មេធាវីរបស់មន្ត្រីអាដហុកម្នាក់ដាក់ការសង្ឃឹមថា កូនក្តីរបស់លោកអាចនឹងត្រូវដោះលែងបើយោងតាមអ្វីដែលកូនក្តីរបស់លោកឆ្លើយថាមិនមានកំហុសដូចការចោទប្រកាន់ ខណៈចៅក្រមបានសាកសួរ លោក ណៃ វ៉ង់ដា ជាថ្មីទៀត។

នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមិថុនានេះ លោក ណៃ វ៉ង់ដា មន្ត្រីរបស់សមាគមអាដហុកត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក ធាម ច័ន្ទពិសិដ្ឋ កោះហៅមកសាកសួរជាថ្មីពីបទចោទសូកប៉ាន់សាក្សី។

ក្រោយការសាកសួរអស់រយៈពេលប្រមាណជា៤ម៉ោងមេធាវីការពារក្តីលោក ណៃ វ៉ង់ដា គឺលោក ឡោ ជុនធី ប្រាប់អ្នកសារព័តមានថាក្នុងអំឡុងពេលសាកសួរនោះកូនក្តីរបស់លោកបានឆ្លើយគ្រប់សំណួររបស់ចៅក្រមពាក់ព័ន្ធនឹងសំណុំរឿងដែលបានចោទប្រកាន់ និងបានស្នើសុំឲ្យតុលាការដោះលែងរូបលោក។ លោកមេធាវីបន្ថែមថាចម្លើយកូនក្តីរបស់លោកបានឆ្លើយថាមិនពាក់ព័ន្ធនឹងការចោទប្រកាន់របស់តុលាការនោះទេ។

លោកមានប្រសាសន៍បន្ថែមថា៖ “បើយើង យើងថាមិនចូល បើគេថាអាចចូលខ្លះអីខ្លះទៅ តែបើយើងយើងស្តាប់ទៅថាវាអត់ ឥលូវយើងរងចាំដល់ថ្ងៃគេសម្រេចចុងក្រោយ“។

មេធាវីរូបនេះបន្ថែមថាបើយោងលើការឆ្លើយបំភ្លឺរបស់កូនក្តី លោក ណៃ វ៉ង់ដា នឹងអាចត្រូវបានដោះលែង។
នៅរសៀលថ្ងៃអង្គារនេះដែរ ចៅក្រមស៊ើបសួរក៏បានសាកសួរបន្ថែមលើមន្រ្តីអាដហុកម្នាក់ទៀតគឺ លោក នី សុខា ពាក់ព័ន្ធនឹងករណីដូចគ្នា។ ប៉ុន្តែលោកស្រី គា ផល មេធាវីការពារក្តីអះអាងថា ក្នុងពេលនីតិវិធីកំពុងបន្តនេះគាត់មិនអាចប្រាប់ពីអ្វីដែលកូនក្តីគាត់បានឆ្លើយនោះទេ។

កាលពីថ្ងៃទី២ ខែឧសភា លោក ណៃ វ៉ង់ដា និងមន្ត្រីអាដហុកបីរូបផ្សេងទៀតមានលោក យី សុខសាន្ត លោក នី សុខា និងលោកស្រី លឹម មុនី ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឲ្យឃុំខ្លួនបណ្តោះសន្ននៅពន្ធនាគារព្រៃសទាក់ទងនឹងបទចោទសូកប៉ាន់សាក្សី។ ចំណែកអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ត្រូវបានឃុំនៅមន្ទីរឃុំឃាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាក់ទងនឹងការចោទប្រកាន់សមគំនិតក្នុងអំពើសូកប៉ាន់សាក្សីក្នុងសំណុំរឿងនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថាជាស្រីកំណាន់របស់លោក កឹម សុខា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ