វិភាគ៖ តើករណីលោក កែម​ ឡី នឹងជះឥទ្ធិពលដល់ល​ទ្ធផលឆ្នោតរបស់CPPឆ្នាំ២០១​៨ទេ​?

លោកបណ្ឌិត កែម ឡី នៅក្នុងកម្មវិធីមួយរបស់វីអូឌី កាលពីលោកនៅមានជីវិត។

រដ្ឋាភិបាលបានបង្ហើបរួចហើយថានៅសប្តាហ៍ទី៤ខែកក្កដាឆ្នាំ២០១៨ កម្ពុជានឹងរៀបចំការបោះ​ឆ្នោតជ្រើ​សតាំ​ងតំណាងរាស្ត្រអាណត្តិទី៦។ ប៉ុន្តែបើគេពិនិត្យមើលពីព្រឹត្តិការណ៍បាញ់សម្លាប់ អ្នកវិភាគដ៏ល្បីឈ្មោះលោក កែម ឡី វិញ ឃាតកម្មនោះ​បា​​ន​​​​កើ​ត​​ឡើង​នៅ​ថ្ងៃទី១០ខែ​កក្កដា​ឆ្នាំ​២០១៦។

គិតមកដល់ពេលនេះ ​ការបាញ់​ស​ម្លា​​ប់នេះមា​នរយៈ​ពេលជិ​ត១ឆ្នាំហើយ តែអ្នកនៅពីក្រោ​យការបាញ់​ស​ម្លាប់​ រដ្ឋាភិបាលមិនទាន់ចាប់ខ្លួនអ្នកមកផ្តន្ទាទោសបាននៅឡើងទេ ក្រៅពីបុរសជាជនជាប់ចោទម្នាក់​ឈ្មោះ​ថា​ ជួប សម្លាប់។

​​បើគ្មានអ្វីប្រែប្រួលទេ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ឆ្នាំ២០១៨ នឹងត្រូវធ្វើឡើ​ងក្នុ​ង​ខែកក្កដា ត្រូវនឹងខួបពីរឆ្នាំនៃការស្លាប់របស់ លោក កែម ឡី ដែរ។

បើទោះបីជាលោក កែម ឡី មិនមែនជាអ្នកនយោបាយល្បីឈ្មោះក៏ដោយ ប៉ុន្តែភាពល្បី​ល្បាញនៃ​ការវិ​ភាគ​ចំ​ៗ របស់លោក បានទាក់ទាញមនុស្សច្រើនម៉ឺននាក់ ឲ្យស្ម័គ្រចិត្ត ចូលរួមដង្ហែពីភ្នំពេញទៅខេ​ត្តតាកែ​វ ជា​​ស្រុកកំណើត។

នេះមិនរាប់បញ្ចូលអ្នកដែល ចូលរួមរំលែកទុក្ខ នៅតាមបណ្តាខេត្តមួយចំនួន ដែលមិនបានចូលរួមក្នុ​ងពិធី​ដង្ហែ​​​សពនៅ​ឡើយទេ។

សាធារណជនពិតជានៅសង្ស័យថា ហេតុអ្វីបានព្រឹត្តិការណ៍នេះ បានកន្លងទៅជិតមួយឆ្នាំហើយ រដ្ឋា​ភិបា​ល នៅតែមិនទាន់ ចាប់ខ្លួន​អ្នកនៅពីក្រោយការបាញ់សម្លាប់នេះ មកផ្តន្ទាទោសបាន។

តើមា​នអ្វីរា​រាំ​​ងដល់ដំណើរការស៊ើបអង្កេតរកមុខអ្ន​​កពា​ក់ព័​ន្ធ​​​និងថាតើការសម្លាប់លោក កែម​ ឡី ជះឥ​​ទ្ធិព​ល​ដល់ល​ទ្ធផលឆ្នោតបក្ស​កាន់អំណា​ច​នៅ​​​ឆ្នាំ២​០១​៨ឬទេ​?

អ្នកឯកទេសវិទ្យាសាស្ត្រនយោបាយនិងអភិបាលកិច្ច លោកបណ្ឌិត ចាន់ វិបុល លើកឡើងថា លោក កែម ឡី ជាអ្នកវិភាគហ៊ាននិយាយការពិត ឆ្លុះបញ្ចាំង​​ពី​​ភាពសកម្ម និងអសកម្ម របស់គណបក្ស​នយោ​​បា​យ​​ហ៊ា​​​នឆ្លុះបញ្ជាំងពីបញ្ហារំលោភសិទ្ធិមនុស្ស អំពើ​ពុក​រលួយ ការគ្រប់គ្រងជំនួញ ធ្វើឲ្យមានគ​ម្លា​​​តខ្លាំ​ង រវាងអ្នកមាន និងអ្នកក្រ ជាដើម។

លោក ចាន់ វិបុល ថាការវិភាគ របស់លោក​ កែម ឡី ជារ​លកមួយជំ​រុញឲ្យពលរដ្ឋ យល់កាន់តែច្បាស់ ពីកាតព្វកិច្ចរបស់រដ្ឋ តួនាទីរ​បស់អ្ន​កន​​​យោបាយ និងកាតព្វកិច្ចរបស់ពលរដ្ឋក្នុងមានជាម្ចាស់ឆ្នោត ដើម្បី​រុញឲ្យ​កម្ពុជាឲ្យ​ក្លាយជាប្រ​ទេស​មា​ន​​​​កា​​រគោរព្ធសិទ្ធិមនុស្សពិតប្រាកដ មាននីតិរដ្ឋ មានអភិបាលល្អ មាន​យុ​​ត្តិ​ធម៌​សង្គម ជាដើមនោះ លោ​កថា ការយល់ដឹងរបស់ប្រជា​ពលរដ្ឋនឹងជះនៅ​ថ្ងៃឆ្នោ​ត​នៅ​ឆ្នាំ២​០១​៨។ លោកថា៖ «អញ្ចឹងខ្ញុំយល់ថា ការបាត់បង់ របស់លោក កែម ឡី គឺជាការបង្ហាញមួយ​អំពីការយល់ដឹ​ងកាន់តែ​ច្បាស់ របស់ប្រជាពលរដ្ឋ អំពីស្អីទៅជាស្ថានភាពសង្គមរបស់កម្ពុជានាពេលបច្ចុប្បន្ន នឹងស្អីទៅជា​ការគ្រប់​គ្រង​នឹងដឹកនាំនៅក្រោយឆ្នាំ២០១៨។ ប្រសិនបើយើងមើលពីសមតិកម្មនេះ ខ្ញុំយល់ច្បាស់ថាលទ្ធផល របស់​លោកបណ្ឌិត កែម ឡី គឺបា​ន​ផ្តល់នូ​វ​ការ​សម្រេចចិត្តមួយ របស់ម្ចាស់ឆ្នោត ទៅលើការបោះឆ្នោត»។

លោក ចាន់ វិបុល វិភាគទៀតថា ធាតុផ្សំជាច្រើនទៀត ដែលបក្សកាន់អំណាច ត្រូវធ្វើកំណែទម្រង់ ដើម្បី​ទប់ស្កា​ត់កា​រធ្លា​ក់ចុះប្រជាប្រិយភាព នៅថ្ងៃបោះឆ្នោតជាតិខាងមុខដែរនោះ គឺ​ការរំលោ​ភសិទ្ធិ​ម​នុ​ស្ស និង​អយុត្តិ​​ធម៌​​​សង្គម​​។

លោកថា៖ «ប៉ុន្តែបើយើងមើលពីស្ថានភាពជាក់ស្តែង នីទណ្ឌភាពយើងក៏ខ្ពស់ អយុត្តិធម៌យើងក៏ខ្ពស់ ហើយចំណែកមួយនៃប្រជាប្រិយភាព របស់គណបក្សប្រជាជន ឬក៏អ្នកកាន់អំណាចបច្ចុប្បន្ន គឺដោយ​សារតែ​អយុត្តិធម៌សង្គម ដោយសារតែការរំលោភសិទ្ធិមនុស្សអំពើពុករលួយ គំនាបសេដ្ឋកិច្ច រវាងអ្នកមាន និងអ្នកក្រ។ ការគ្រប់គ្រងអំណាចដោយក្រុមបក្ខពួក​ ទាំងអស់ហ្នឹងហើយ​ដែលជារឿងធ្ងន់ធ្ង​បំផុត។ អញ្ចឹងប្រសិ​នបើគ្មាន​ការ​កែទម្រង់ផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងមួយ មេដឹកនាំដែលមានសមត្ថភាពឆ្លើយតបនឹងរឿងនេះទេ អញ្ចឹងបើសិនជាគណបក្សណាមិនអាចដោះស្រាយបញ្ហានេះបាន ខ្ញុំគិតថា ប្រជាពលរដ្ឋគាត់នឹងសម្រេ​ចចិត្តឈរើលគោលការណ៍និងតថភាពសង្គមដូចដែលខ្ញុំរៀបរាប់ខាងដើម»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា អ្នកនយោ​បាយណា​ក៏ដោ​យ​ឲ្យមា​នឱកាស ដើម្បីឆក់យកប្រជាប្រិយភាព ពួកគេនឹងធ្វើភ្លាម ទោះក្នុ​ងរូបភាពណាក៏ដោយ។

លោក ឯម សុវណ្ណារ៉ា វិភាគទៀតថា បើពិនិត្យទៅលើចំនួនមនុស្ស ច្រើនម៉ឺននាក់ ចូលរួមដង្ហែសព លោក កែម ឡី កាលពីជិត១ឆ្នាំមុន និងចំណាត់ការ របស់រដ្ឋាភិបាល ដែលលោកថា មិនទាន់បង្ហាញ​មុខអ្នកពា​ក់​ព័​ន្ធនៅឡើលនោះ លោកថា ករណីនេះ នឹងធ្វើឲ្យមនុស្ស កែម ឡី និយម រាប់ម៉ឺននាក់ គ្មានជំនឿ​លើប្រព័​ន្ធ​យុត្តិ​ធម៌នោះ។លោកវិភាគទៀតថា ករណីនេះ នឹងជះឥទ្ធពលដល់លទ្ធផលបោះឆ្នោត របស់បក្ស​កាន់អំ​ណា​​ចនៅឆ្នាំ២០១៨។

លោកថា៖ «អញ្ចឹងទេគណបក្សប្រឆាំងមានប្រៀបគាងគប្រជាប្រិយភាព។ហើយបក្សកាន់អំណាចមិនមែនថាលោក រងឥទ្ធិពលទេ ដោយសារតែនៅក្នុងសង្គម តួនាទីរបស់អ្នកដឹកនាំប្រទេស ត្រូវទាមទារនិ​ងផ្ត​ល់​យុត្តិធម៌សង្គមដល់ប្រជាពលរដ្ឋឬក៏សមាជិកសង្គម។ ប៉ុន្តែបើអវត្តមាននៃការរកយុត្តិធម៌ជូនសមាជិកសង្គ​មមិនបានទេ អញ្ចឹងបានន័យថា​វាប្រឈម​នឹ​ងការ​បាត់ប​ង់ជំនឿជឿជាក់ ឬក៏បាត់សេចក្តីទុក្ខចិ​ត្តពី​ប្រជាព​លរដ្ឋនៅក្នុងការដឹកនាំប្រទេសហើយ។​ អញ្ចឹងទិដ្ឋភា​ពនេះ​យើ​ង​មើ​លឃើ​ញ​បក្សប្រឆាំង​មានប្រៀប​កៀងគ យកប្រជាប្រិយភាព ជាងបក្សកាន់អំណាចហើយ»។

អ្នកវិភាគនយោបាយមួយរូបទៀត គឺលោកបណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា បើគេពិនិត្យពីលទ្ធ​ផល​ក្រៅ​​ផ្លូវការ នៃការបោះឆ្នោតឃុំ សង្កាត់អាណត្តិទី៤កន្លងទៅថ្មីៗនេះ និងសង្កេតទៅ​លើភាពស្ងប់ស្តាត់ រ​ប​ស់​​អ្នកកែម ឡី និយម លោកវិភាគថា លទ្ធផលបោះឆ្នោតជា​តិឆ្នាំ២០១៨ខាងមុខ លោកថា​ហាក់​បាន​ប៉ះ​ពា​ល់​តិចតួច។​

កាលពីថ្ងៃទី៨ខែមិថុនា អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងនីរទេសខ្លួន បាន លា​តត្រដាងការ​ឯកសារស្ទង់​មតិ របស់ក្រុមហ៊ុនបរទេសមួយ ដោយថា គណបក្សប្រជាជនកម្ពុជា ជួលមក ស្ទ​ង់​​មតិ ដោយសម្ភាសទល់មុខទៅលើមនុស្សជាសំណាកជាង៥ពាន់នាក់( ៥,៣​៧៩​)។

ឯក​សារនោះ បង្ហាញថាក្រុមហ៊ុនបាន ធ្វើការស្ទង់មតិចំនួនពីរលើក លើកទី១នៅខែ​ឧសភាឆ្នាំ២០​១៦ជា​លទ្ធ​ផល ៤៦ភាគរយ ពួក​គេ​ឆ្លើយថានឹ​ងបោះឆ្នោ​តឲ្យគណប​ក្សប្រជាជននៅឆ្នាំ២០១៨។៣​៦​​ភាគរយ​ឆ្លើ​យ​ថា​បោះ​​ឆ្នោ​តឲ្យ​​គណ​បក្ស​សង្គ្រោះជាតិ​។

ប៉ុន្តែការស្ទង់មតិលើកទី២នៅខែកញ្ញា ពោលគឺធ្វើឡើងក្រោយមានឃាត​កម្មបាញ់សម្លាប់លោក កែម ឡី ក្រុមហ៊ុននោះ បានរកឃើញថា អ្នកឆ្លើយថា នឹងបោះឆ្នោតឲ្យ​គណបក្សប្រជាជ​ននៅឆ្នាំ២០១៨នោះ បាន​ចយចុះ​១១ភាគរយវិញ ។

ចំណែកឯអ្នកឆ្លើយថានឹងបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ការស្ទង់ម​តិប​ញ្ជាក់ថា បក្សប្រ​ឆាំងបាន​កើនឡើង៨ភាគរយវិញ។

ទោះជាយ៉ាងណាអ្នកវិភាគលើកឡើងថា បើទោះបីខួបពីរឆ្នាំនៃព្រឹត្តិការណ៍បាញ់សម្លាប់លោក កែម ឡី ត្រូវធ្វើឡើងនៅខែកក្កដា មុនតែពីរសប្តាហ៍ដល់ថ្ងៃរៀបចំការបោះឆ្នោតជាតិឆ្នាំ២០១៨ក៏ដោយ ក៏ប៉ុន្តែអ្នកវិ​ភា​គ​ថា រដ្ឋាភិបាលទំនងជាមិនលើកពេលនៃថ្ងៃបោះឆ្នោត ដោយបារម្ភពីផលប៉ះពាល់សន្លឹកឆ្នោត តាមរយៈ​​សន្ទុះ​គាំ​ទ្រ របស់អ្នក កែម ឡី និយមនេះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ