គ.ជ.ប៖ សហភាពអឺរ៉ុបនឹងបន្ដគាំទ្រដំណើរការបោះឆ្នោតឆ្នាំ២០១៨

អគ្គរដ្ឋទូតសហភាព​អឺរ៉ុប លោក George Edgar ថ្លែង​ក្នុង​ពិធី​មួយ​កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក។

តំណាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាអះអាងថា ខ្លួននឹងបន្ដគាំទ្រដល់ដំណើរការបោះឆ្នោតថ្នាក់ជាតិរបស់កម្ពុជានាពេលខាងមុខ។ នេះបើតាមសេចក្ដីប្រកាសរបស់ គ.ជ.ប។

យោងតាមសេចក្ដីប្រកាសព័ត៌មាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សា កាលពីថ្ងៃអង្គារម្សិលមិញ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាលោក ចច អេដហ្គឺ មានប្រសាសន៍ថា សហភាពអឺរ៉ុបនឹងបន្ដគាំទ្រដល់ដំណើរការបោះឆ្នោតថ្នាក់ជាតិរបស់កម្ពុជា នៅឆ្នាំ២០១៨ ខាងមុខ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប សហភាពអឺរ៉ុបបានសន្យាដូច្នេះ បន្ទាប់ពីចោទសួរ គ.ជ.ប អំពីចំនួនបណ្ដឹង និងដំណើរការដោះស្រាយបណ្ដឹងរបស់គណបក្សនយោបាយ។ គ.ជ.ប ក៏បានឆ្លើយតបនឹងចម្ងល់ទាំងនេះ ដោយថា ភាគីទាំងពីរនឹងជួបពិភាក្សាគ្នាម្ដងទៀត នៅដើមខែសីហា ឆ្នាំ២០១៧។

បើតាមសេចក្ដីប្រកាសព័ត៌មាន សហភាពអឺរ៉ុបមិនទាន់ចេញសេចក្ដីថ្លែងការណ៍គាំទ្រដល់ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ទេ។ សហភាពអឺរ៉ុបអះអាងថា នឹងចេញសេចក្ដីថ្លែងការណ៍របស់ខ្លួន បន្ទាប់ពី គ.ជ.ប ប្រកាសលទ្ធផលផ្លូវការ។

កាលពីខែសីហាឆ្នាំ២០១៦កន្លងទៅ សហភាពអឺរ៉ុបបានស្នើឲ្យអាជ្ញាធរកម្ពុជា ដោះលែងមន្រ្តីគណបក្សប្រឆាំង និងមន្រ្តីអង្គការសង្គមស៊ីវិល ដែលជាប់ឃុំក្នុងពន្ធនាគារ ដោយថា ដើម្បីធានានូវតម្លាភាពនៃការបោះឆ្នោត ខណៈសហភាពអឺរ៉ុបក៏បានផ្តល់ជំនួយសម្ភារៈបច្ចេកទេសចុះឈ្មោះបោះឆ្នោត ជាទឹកប្រាក់ប្រមាណជាង១០លានដុល្លារ ព្រមទាំងជំនួយផ្សេងៗទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ