មន្ត្រីសិទ្ធិមនុស្ស៤នាក់ ស្នើតុលាការកំពូលនៅក្រៅឃុំ ខណៈជាប់ឃុំជាង១ឆ្នាំមិនកាត់ទោស

លោក នី ចរិយា(ធ្វេង)លោក យី សុខសាន្ត(កណ្តាល)និង​លោក នី សុខា

មន្ត្រីការពារសិទ្ធិមនុស្សដែលកំពុងជាប់ឃុំ នៅថ្ងៃពុធនេះ ស្នើសុំតុលាការកំពូលអនុញ្ញាតឲ្យពួកគាត់បាននៅក្រៅឃុំបណ្ដោះអាសន្ន ដោយថា ការចោទប្រកាន់ និង ការបន្តឲ្យឃុំខ្លួនពួកគាត់ជាង១ឆ្នាំនេះជាចេតនានយោបាយ។

នៅក្នុងបន្ទប់សវនាការ លោក នី សុខា បានប្រាប់ទៅចៅក្រមថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឲ្យឃុំខ្លួនពួកគាត់បន្តទៀត ដោយថា ដើម្បីធ្វើការស៊ើបអង្កេត ប៉ុន្តែរយៈពេលជាង១ឆ្នាំនៃស៊ើបអង្កេតនេះ  តុលាការរកមិនឃើញទោសកំហុសពួកគាត់ឡើយ។ លោកចាត់ទុកការបន្តឃុំខ្លួនពួកគាត់ថាមិនមែនធ្វើតាមនីតិវិធីច្បាប់នោះទេ តែជារឿងនយោបាយ។ លោកស្នើឲ្យតុលាការអនុញ្ញាតឲ្យពួកគាត់បាននៅក្រៅឃុំ ខណៈបច្ចុប្បន្ននេះ ពួកគាត់កំពុងមានបញ្ហាសុខភាព។

លោកថា «ប្រសិនបើការឃុំខ្លួននោះធ្វើឡើងតាមច្បាប់ ពួកគាត់មិនធ្វើការតវ៉ាឡើយ ប៉ុន្តែវារឿងនយោបាយ …ឈប់យកលោកធ្វើជាឈ្នាន់នយោបាយបន្តទៀត»។

នៅក្នុងរង្វង់ក្រចកសេះ លោក យី​ សុខសាន្ត បានលើកឡើងថា ប្រសិនបើខ្លាច ពួកគាត់រត់ទៅក្រៅប្រទេសដោយមិនសហការជាមួយតុលាការនោះ តុលាការអាចដកលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ តម្កល់លុយ និងព្រមដាក់ប្លង់ផ្ទះដើម្បីជាការធានា។ លោកចាត់ទុកការបន្តឃុំខ្លួនលោកជាលើកទី២ ស្មើនឹង១៨ខែថាមិនមែនធ្វើតាមនីតិវិធីច្បាប់នោះទេ គឺជាការឃុំខ្លួនតាមអំពើចិត្តហាក់បីដូចជាប្រទេសកុម្មុយនីស ផ្ដាច់ការ មិនមែនជាប្រទេសនីតិរដ្ឋនោះឡើយ។ លោកស្នើសុំតុលាការក៏ដូចរដ្ឋាភិបាលឈប់ដាក់បន្ទុកមកលើពួកគាត់ និងអនុញ្ញាតឲ្យពួកគាត់បាននៅក្រៅឃុំ។

លោកថា «អ្នកមិនបានប្រព្តឹត្តខុសត្រូវចាប់ដាក់គុកទៅវិញ សទៅជាខ្មៅ អ្វីដែលខ្ញុំឈឺចាប់នោះគឺការឃុំខ្លួនជាងមួយឆ្នាំ ទាំងមិនមានកំហុស»។

ចំឡែកលោក ណៃ វង់ដា បើទោះបីជាលោកបានមកចូលរួមសវនាការនៅព្រឹកនេះដែរ ប៉ុន្តែលោកមិនបានឡើងថ្លែងប្រាប់ពីមូលហេតុនៃការសុំឃុំនៅក្រៅឃុំនោះទេ​ ដោយសារលោកមានបញ្ហាសុខភាព។

មេធាវីចំនួន៣រូប ដែលការពារក្ដីឲ្យមន្ត្រីការពារសិទ្ធិមនុស្សទាំង៤រូប បានលើកឡើងនៅក្នុងបន្ទប់សវនាការថា រយៈពេលនៃការឃុំខ្លួនកូនក្ដីរបស់លោកជាង ១ ឆ្នាំ ចៅក្រមស៊ើបអង្កេតនៃសាលាដំបូងរាជធានីភ្នំពេញកោះហៅសាក្សីបានតែម្នាក់ ហើយមកដល់ពេលនេះតុលាការរកមិនឃើញទោសកំហុសឡើយ។
លោកស្នើឲ្យតុលាការអនុញ្ញាតឲ្យកូនក្ដីលោកបាននៅក្រៅឃុំ ខណៈដែលបច្ចុប្បន្នកូនក្ដីរបស់លោកកំពុងបញ្ហាសុខភាព។

បន្ទាប់ពីបញ្ចប់សវនាការនៅព្រឹកនេះ តំណាងមហា​អយ្យការ លោក ឈួន ចាន់ដ្ឋា លើកទ្បើងថាតុលាកាក្រុងភ្នំពេញធ្វើទ្បើងតាមនីតិវិធីច្បាប់លោកស្នើឲ្យតុលាការពិចារណា​ចំពោះរឿងហ្នឹង។

លោក ឡោ ជុនធី មេធាវីការពារក្ដីឲ្យមន្រ្តីការពារសិទ្ធិមនុស្សទាំង៤ រូប ប្រាប់អ្នកសារព័ត៌មាននៅក្រៅបន្ទប់សវនាការថា ចៅក្រមស៊ើបអង្កេតនៃសាលាដំបូងរាជធានីភ្នំពេញចេញលិខិតជូនដំណឹងបិទការស៊ើបអង្កេតករណីកាលពីម្សិល លោកបានប្រគល់លិខិតជូនដំណឹងទៅតុលាការពីការបិទនេះហើយ លោកសង្ឃឹមថាតុលាការកំពូលនឹងសម្រេចឲ្យកូនក្ដីលោកបាននៅក្រៅឃុំ។

ទោះជាយ៉ាងណា បន្ទាប់ពីសវនាការប្រហែលជាង ១ ម៉ោង ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល លោកស្រី គឹម សុត្ថាវី បានប្រកាសលើកពេលប្រកាសសាលដីកាទៅថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០១៧ ខាងមុខនេះ។

មន្ត្រីការពារសិទ្ធិមនុស្សអង្គការអាដហុក៤រូបគឺ លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងលោកស្រី លឹម មុនី រួមទាំងមន្ដ្រី គ.ជ.ប ម្នាក់ទៀត លោក នី ចរិយា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនកាលពីចុងខែមេសាឆ្នាំ២០១៦ ខណៈស្ថានការណ៍នយោបាយកំពុងឡើងកម្តៅ។

អ្នកទាំង៥រូបនោះ ត្រូវបានឃុំបណ្តោះអាសន្នជាងមួយឆ្នាំហើយ ដោយចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សីពាក់ព័ន្ធនឹងសំណុំរឿង ខុម ចាន់តារាទី ហៅ “ស្រីមុំ” ប៉ុន្តែតុលាការថា មិនទាន់មានភស្តុតាងគ្រប់គ្រាន់ដើម្បីកាត់ទោស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ