លោក ហ៊ុន សែន ព្រមានអ្នកប៉ុនប៉ងកម្ទេចគ្រួសារត្រកូលហ៊ុន

លោក ហ៊ុន សែន (អង្គុយ) លោក ហ៊ុន ម៉ានិត (ស្តាំក្រោយ ) លោក ហ៊ុន ម៉ានី (កណ្តាលក្រោយ) និង លោក ហ៊ុន ម៉ាណែត (ឆ្វេង) (រូបភាព FB នាយករដ្ឋមន្ត្រី)

នាយករដ្ឋមន្ដ្រីកម្ពុជានៅថ្ងៃពុធនេះ បានព្រមានដល់អ្នកដែលលោកចោទថា ចង់កម្ទេចគ្រួសារត្រកូល «ហ៊ុន» ហើយលោកបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធត្រៀមខ្លួនជាស្រេច ដើម្បីទប់ទល់អ្នកដែលចង់ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។

ក្នុងពិធីរំលឹកខួបលើកទី៤០ឆ្នាំ នៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបខ្មែរក្រហម ធ្វើឡើងក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែងថា មានអ្នកមានបំណងចង់កម្ទេចគ្រួសារត្រកូល «ហ៊ុន» ឲ្យរលាយ។

លោកថ្លែងថា គ្រួសារត្រកូល​ «ហ៊ុន» មិនមែនយកប្រទេសមកដឹកនាំតែម្នាក់ឯងទេ ប៉ុន្ដែលោកថា ត្រកូល «ហ៊ុន »នឹងធានារក្សាសន្ដិភាពសម្រាប់ប្រទេសកម្ពុជាទាំងមូល ទោះត្រូវធ្វើសង្គ្រាមក៏ដោយ។

លោកថ្លែងថា៖ «ការប៉ុនប៉ងកម្ទេចត្រកូលហ៊ុន ត្រកូលហ៊ុន មិនមែនជាត្រកូលសម្រាប់ឲ្យអ្នកឯងមាក់ងាយទេ ឥលូវត្រកូលហ៊ុនមែនជាត្រកូលសម្រាប់អ្នកឯងវាយលេងទេ ហើយត្រកូល ហ៊ុន គឺជាត្រកូលដែលរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា ត្រកូល ហ៊ុន មិនមែនយកប្រទេសនេះធ្វើជាប្រទេសផ្ដាច់មុខរបស់ខ្លួនទេ​ តែត្រកូលហ៊ុន សុំធានាការពារ នូវសន្ដិភាពសម្រាប់ប្រទេសនេះទាំង៣ កូនប្រុសទាំងបីចេញមក ដើម្បីឲ្យប្រជាពលរដ្ឋបានឃើញ។ សូមមើលឲ្យច្បាស់ គឺត្រកូលហ៊ុន »។

បន្ទាប់ពីព្រមានដូចនេះ លោក ហ៊ុន សែន បានហៅកូនប្រុសទាំង៣នាក់របស់លោក ឲ្យចេញបង្ហាញមុខនៅលើវេទិកា ដោយពីរនាក់ស្ថិតក្នុងឯកសណ្ឋានជាទាហានពាក់ផ្កាយមួយនិងផ្កាយ៣ និងម្នាក់ទៀតស្ថិតក្នុងសំលៀកបំពាក់ស៊ីវិល។

លោកថា ពាក្យ «សង្គ្រោះជាតិ» ជារបស់គណបក្សប្រជាជនកម្ពុជា ដោយថា គណបក្សលោក បានសង្គ្រោះប្រទេសកម្ពុជាឲ្យរួចផុតពីភ្លើងសង្គ្រាម។

លោកមានប្រសាសន៍ថា សង្គ្រាមនៅកម្ពុជានៅមាននៅឡើយ ដោយថា​ កម្លាំងប្រដាប់អាវុធបានត្រៀមខ្លួនជាស្រេច ដើម្បីទប់ស្កាត់អ្នកដែលមានគំនិតផ្ដួលរំលំរដ្ឋាភិបាលរបស់លោក។

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់បានថ្លែងជាញយដងពីរឿង «សង្គ្រាម» និងថា បើផ្ទេរអំណាច គឺមានតែផ្ទេរបន្ដឲ្យកូនចៅគណបក្សប្រជាជនតែមួយគត់ មិនមែនគណបក្សដទៃនោះទេ។

សាស្ដ្រាចារ្យនយោបាយលោក សូ ចន្ថា យល់ថា នៅកម្ពុជាមិនមានក្រុមណាចង់ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់នោះទេ គឺមានតែពលរដ្ឋចង់បោះឆ្នោតផ្លាស់ប្ដូរមេដឹកនាំតែប៉ុណ្ណោះ។ ចំពោះការបង្ហាញវត្តមានកូនប្រុសដែលសុទ្ធជាទាហាននោះ លោក សូ ចន្ថា លើកឡើងថា លោក ហ៊ុន សែន ហាក់មិនចង់ផ្ទេរអំណាចដោយសន្ដិវិធីនោះទេ។ តាមគោលការណ៍ប្រជាធិបតេយ្យ លោកថា អ្នកចាញ់ឆ្នោតគួរផ្ទេរអំណាចដោយរលូននិងមិនបង្ករការរំខានដល់អ្នកឈ្នះឆ្នោតទៅដឹកនាំរដ្ឋាភិបាលឡើយ។

លោកថា៖ «ជាការពិត កន្លងមក លោកបានថ្លែងនៅក្នុងវេទិកាសាធារណៈរួចហើយ បើផ្ទេរអំណាច គឺផ្ទេរឲ្យទៅ​កូនចៅរបស់គណបក្សកាន់អំណាចនោះជាដើម។ ខ្ញុំគិតថា អ្វីដែលជាទស្សនៈរបស់លោក គឺមិនចង់ផ្ទេរអំណាចទេ ក៏ប៉ុន្ដែវាផ្ទុយពីរបៀបគ្រប់គ្រង ដឹកនាំតាមបែបប្រជាធិបតេយ្យ ពីព្រោះការផ្ទេរអំណាច ឬមិនផ្ទេរគឺអាស្រ័យលើពលរដ្ឋទេ ថាតើពលរដ្ឋសម្រេចឲ្យគណបក្សណាមួយដែលឈ្នះឆ្នោត មិនមែនគណបក្សខ្លួនឯងជាអ្នកសម្រេចទេ»។

ក្នុងពិធីរំលឹកខួបនេះដែរ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏ថ្លែងដឹងគុណជាថ្មីទៀត ដល់វៀតណាម ដោយលោកថា បើគ្មានកងកម្លាំងវៀតណាមចូលមកជួយកងកម្លាំងរណៈសិរ្សសាមគ្គីសង្គ្រោះជាតិទេ នោះ លោកថា រដ្ឋាភិបាលមិនអាចរំដោះប្រទេសពីរបបខ្មែរក្រហមបានឡើយ។ លោកអះអាងថា ការអនុញ្ញាតឲ្យវៀតណាមចូលក្នុងទឹកដីកម្ពុជានៅពេលនោះ គឺជារឿងត្រឹមត្រូវ ដែលចាំបាច់ត្រូវធ្វើ។

ក៏ប៉ុន្តែអ្នកតាមដានប្រវត្តិសាស្ត្រមួយចំនួន និយាយថា វៀតណាមគឺជាអ្នកឈ្លានពានទឹកខ្មែរក្រោម​លេស​ជួយវាយ​រំលំរបបខ្មែរក្រហម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ