លោក គឹម សុខ ស្នើតុលាការជាន់ខ្ពស់ដោះលែងឲ្យមានសេរីភាពវិញ

អាជ្ញាធរនាំខ្លួន លោក កឹម សុខ មកកាន់សាលាដំបូងកាលពីពេលកន្លងទៅ (រូបភាព FN)

អ្នកឃ្លាំមើលបញ្ហានយោបាយនិងសង្គមល្បីឈ្មោះមួយរូប ​ស្នើ​ទៅ​តុលាការជាន់ខ្ពស់​ដោះលែងឲ្យនៅក្រៅ​ឃុំ​​បណ្តោះអាសន្ន​ ដោយថាការសម្រេចរបស់សាលាដំបូងរាជធានី​ភ្នំពេញ​ធ្វើឡើងក្រោមសម្ពាធ​នយោ​បាយ និងខុសនីតិវិធីច្បាប់​។

ក្នុង​បន្ទប់សវនាការ នៅថ្ងៃនេះ លើបណ្តឹងប្រឆាំងការនឹងការជុំខ្លួន ចៅក្រមតុលាការកំពូលបាន​សួរដេញដោលជាង១ម៉ោង ជុំវិញការប្តឹងរបស់​​​មេធាវីរដ្ឋាភិបាល​ ដោយចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋអាទិ៍ និង​បរិហា​កេរ្តិ៍​ជា​​សាធារណៈ ពាក់ព័ន្ធនឹងការវិភាគទាក់ទងករណីការបាញ់សម្លាប់លោក កែម ឡី។​

ឈរនៅក្នុងរង្វង់ក្រចកសេះ នៅក្នុងបន្ទប់សវនាការតុលាការកំពូលនាព្រឹកថ្ងៃទី២១ ខែមិថុនា​នេះ​ លោក គឹម សុខ បាន​ច្រាន​ចោល​ការ​លើក​ឡើងរបស់លោក គី តិច ដែលការពារក្តីឲ្យលោក ហ៊ុន សែន។ លោក គឹម សុខ អះអាងថា ការវិភាគ រួមទាំងបទសម្ភាស៍ នៅវិទ្យុអាស៊ីសេរី លោក​មិនបាន​ចោទ​​ប្រកាន់លោកនាយករដ្ឋមន្ត្រីឡើយ។ លោក គឹម សុខ ក៏​បាន​ស្នើឲ្យចៅក្រម​តុលា​ការកំពូល​​ដោះ​លែងរូប​លោក​ ឲ្យ​បាន​​នៅ​ក្រៅ​ឃុំ​បណ្តោះ​​អាសន្នផងដែរ។

លោក គឹម សុខ បានលើកឡើងទៀតថា បើតុលាការធ្វើតាមផ្លូវច្បាប់និងឈលើគោលការណ៍ឯករាជ្យ​ គួរដាក់​កំហិត​ឲ្យលោក​ឈប់​និយាយ​ជាមួ​យ​ប្រព័ន្ធ​ផ្សព្វផ្សា​យ ជាជាងចាប់ដាក់ពន្ធនាគារ។

ក្នុងបន្ទប់សវនាការនោះ លោក គី តិច មេធាវីការពារក្ដីឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បាន​លើក​ឡើងថា ការ​សម្រេច​របស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបញ្ជាឲ្យឃុំខ្លួនលោក គឹម សុខ មិន​ខុសច្បាប់ឡើយ ដោយថាបើទុកឲ្យបុគ្គលរូបនោះបន្តវិភាគទៀត អា​ចធ្វើ​ឲ្យមានចលាចលក្នុងសង្គម​។ លោកស្នើ​ទៅតុលាការកំពូល​សម្រេចបន្ត​​ឃុំខ្លួន​លោកគឹម សុខ​ ដូច​អំណាច​សាលក្រមសាលាដំបូង​។

ចំណែក​ឯ មេធាវីការពារក្ដីឲ្យលោក គឹម សុខ គឺលោក ជូង ជូងី បានពន្យល់ពីចំណាត់ការ​របស់​សាលា​ដំបូង​​រាជធានីភ្នំពេញថា ធ្វើឡើងលឿនខុសពីសំណុំរឿងផ្សេងៗ ដោយ​តុលាការ​មិនបាន​ទុកពេល​ឲ្យកូន​ក្ដី​របស់​​លោករកមេធាវីដើម្បីការពារក្ដី ពោលក្រោយពីលោក​ ហ៊ុន សែន ដាក់ពាក្យ​បណ្ដឹង​នៅ​ថ្ងៃទី​១៣​ខែកុម្ភៈ ហើយនៅថ្ងៃដដែល តុលាការក៏បានចេញដីកាកោះឲ្យចូលបំភ្លឺ ដោយ​៤ថ្ងៃបន្ទាប់។ នៅ​ពេល​​នោះ​តុលា​ការ​បញ្ជាឲ្យឃុំខ្លួន​តែ​ម្ដង ​ ដោយ​លោក​ចាត់​ទុកចំណាត់ការរបស់​តុលាការ​ធ្វើឡើង​ផ្ទុយ​ទៅ​នឹង​ច្បាប់។

ករណីទំាងនេះ ត្រូវ​បានលោក ជូង ជូងី ស្នើទៅតុលាការកំពូលឲ្យ​ពិចារណា និងដោះលែងកូនក្តីរបស់ខ្លួន ឲ្យមា​នសេរីភាពវិញ។

បើតាមប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូលលោកស្រី គឹម សុត្ថាវី បានឲ្យដឹងថាសំណុំរឿង​លោក គឹម សុខ ដែលប្តឹងសុំនៅក្រៅឃុំ នឹងប្រកាសនៅថ្ងៃទី២៨ ខែមិថុនា វេលាម៉ោង៨ព្រឹក។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្សសមាគមអាដហុក លោក សំ ចាន់គា យល់ថា បើតុលាការកំពូល​សម្រេច​បន្តឃុំ​ខ្លួន​​​លោក គឹម សុខ និងធ្វើឲ្យអង្គការជាតិ ​អន្តរជាតិ មើលឃើញថាប៉ះពាល់​ដល់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា​។

លោកនិយាយថា​ «ប៉ះពាល់ដល់ប្រជាប្រិយភាពនៃប្រព័ន្ធយុត្តិធម៌នេះ មតិជាតិនិងមតិអន្តរជាតិគេបាន​វាយ​ម្លៃថា វាប៉ះពាល់​រួច​ទៅ​ហើយ មិនបាច់ថា​យកករណីនេះទេ[គឹម សុខ] ករណីជាច្រើនដែលធ្វើឲ្យ​ទំាង​រដ្ឋាភិបាល​និងទំាង តុលាការ​ធ្វើឲ្យប៉ះពាល់​ដល់ប្រជាប្រិយភាពលើប្រព័ន្ធតុលាការនេះ​ ទោះជា​យើង​មិន​ធ្វើ​ការ​សន្និដ្ឋាន​គឺអន្តរជាតិក៏ដូចជាប្រជាពលរដ្ឋ​គាត់បានមើលឃើញដោយខ្លួនគេហើយ»

គួររំលឹកថា កាលពីថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០១៧ មេធាវីរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គឺលោក គី តិច បានប្តឹងលោក គឹម សុខ បន្ទាប់ពីលោក បានធ្វើអត្ថាធិប្បាយថា គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ​ជាអ្នកនៅពីក្រោយករណីឃាតកម្មលោក កែម ឡី។ ប៉ុន្តែពាក់ព័ន្ធករណីនេះ លោក ហ៊ុន សែន ក៏បានប្ដឹងទារសំណងជំងឺចិត្តពីលោក គឹម សុខ ជាទឹកប្រាក់ចំនួន៥០ម៉ឺនដុល្លារ។

ក្រៅពីបណ្ដឹងខាងលើនេះ លោក គឹម សុខ ក៏ត្រូវបានលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្តឹង​មួយករណីទៀត ដោយចោទរដ្ឋាភិបាលថា បានរៀបចំឲ្យមានប្រព័ន្ធមួយ ដើម្បីសម្លាប់មនុស្ស និង​វែក​មុខ​រក​ឃាតកមិនឃើញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ