រិន សាវ៉េត ស៊ូស្លាប់មិនលក់ផ្ទះដោះបំណុល

លោក រិន សាវ៉េត (វង្ស សុម៉ាលីន)

ក្រោយពីបានទទួលផ្ទះអំណោយហើយត្រូវបានគេកាត់ឈ្មោះអោយក្លាយជាម្ចាស់ផ្ទះល្វែងយ៉ាងពេញសិទ្ធិនៅបុរីជ្រោយចង្វារនោះ លោក រិន សាវ៉េត បានចេញមុខអះអាងថាពាក់ព័ន្ធនឹងបញ្ហានេះ​ថា លោកនឹងតស៊ូរក្សាផ្ទះមួយនោះមិនអោយរបួតពីដៃនោះទេ បើទោះជាពេលខាងមុខលោកនឹងប្រឈមការធ្លាក់ខ្លួនបាត់បង់ចំណូលមានជីវភាពដុនដាប ឬឈានទៅខ្ចីបុលអ្នកដទៃដើម្បីផ្គត់ផ្គង់ការរស់នៅ។

លោកថានឹងបណ្ដោយខ្លួនអោយបងប្អូនជាសប្បុរសជនមានការមាក់ងាយនិងជេរប្រទិចចំពោះលោកដោយសារករណីនេះនោះទេ ដោយលោកប្រកាសថាសូម្បីវិធានការដោះដូរទីតាំងដើម្បីលក់ពីកន្លែងថ្ងៃទៅទិញកន្លែងធូរជាងនេះក៏មិនមាននោះដែរ ដើម្បី​កុំអោយភស្ដុតាងដែលលោកទទួលបានពីការផ្ដល់អំណោយត្រូវបានបាត់បង់។

លោក រិន សាវ៉េត និយាយថា​ផ្អែកតាមស្ថានភាពជាក់ស្ដែង លោកពិតជានៅតែមានការប្រឈមមួយខ្ពស់ក្រោយពេលទីផ្សារសិល្បៈរបស់លោកមានការធ្លាក់ចុះគួរអោយកត់សម្គាល់ចុងក្រោយ។ លោកថាថ្វីដ្បិតថាផលិតកម្មហង្សមាសនៅតែបន្តចេញបទអោយលោកថ្មីៗ ដើម្បីពញាក់អារម្មណ៍មហាជន ប៉ុន្តែស្ថានភាពចុងក្រោយគឺមិនមានទីផ្សារណាមួយលេចឡើងដែលជួយអោយលោកទទួលបានឱកាសច្រៀងរាំដែលបានតម្លៃខ្លួនខ្ពស់នោះទេ។

ជាក់ស្ដែងវត្តមានតារាថ្មីៗបានទាំងរុញអោយអ្នកស្ដាប់មួយចំនួនមិនសូវពេញនិយមចំពោះបទចម្រៀងរបស់លោកលើឆាកតន្ត្រីខេត្តក្រុងដែលតម្រូវអោយលោកត្រូវបន្ទាបខ្លួនទៅទទួលច្រៀងអាហ្វែតាមមង្គលការជាថ្នូនឹងការទទួលបានតម្លៃខ្លួនក្នុងមួយយប់​មិនច្រើនដូចឱកាសឡើងច្រៀងក្នុងកម្មវិធីប្រគំតន្ត្រី​តូចធំ។

លោកថាសម្រាប់​កម្មវិធីមង្គលការតារាៗគឺទោះជាមានកេរ្តិ៍ឈ្មោះល្បីល្បាញប៉ុណ្ណា ក៏មិនអាចទទួលបានតម្លៃខ្លួនច្រើនរយដុល្លារនោះទេ លុះត្រាតែតារាម្នាក់នោះត្រូវបានម្ចាស់ពិធីជួលជាពិសេសអោយមកច្រៀងតែម្នាក់ហើយមិនមែនមកច្រៀងតាមរយៈការទទួលអាហ្វែ។ ​

ប៉ុន្តែសម្រាប់រូបលោកគឺទោះតម្លៃប៉ុណ្ណាក៏លោកទទួលច្រៀងដែរដោយលោកបានទាំងចាត់ទុកថាការច្រៀងអាហ្វែនៅក្នុងមង្គលការដែលអញ្ជើញដោយអ្នកបោះមេ និងម្ចាស់សម្អាងការមួយចំនួន គឺឆ្នាំងបាយដ៏សំខាន់របស់ខ្លួននោះផង។

លោកថាស្ថានភាពរស់នៅសឹងនឹងត្រូវផ្ងារជើងដោយសារតែគ្មានការងារច្រៀងខេត្តនិងគ្មានមង្គលការតែចំពោះការចាយវាយគឺនៅដដែលបើទោះជាមានផ្ទះរស់នៅ។ យ៉ាងណាមិញ លោកថានឹងមិនមានការអំពាវនាវណាមួយ ដើម្បីអោយមានការជួយលោកទៀតទេ ដោយសារតែលោកយល់ថាអំណោយទាំងផ្ទះនិងលុយកាក់ដែលលោកទទួលបានក្នុងពេលភរិយាទទួលមរណភាព​គឺលើសលប់ដែលលោកអាចបន្តជីវិតរស់បាន។

លោកសារភាពជីវភាពរស់នៅប្រចាំថ្ងៃ លោកមិនហ៊ានចាយវាយខ្ជះខ្ចាយនោះទេ បើទោះជាលោកមាន​ផ្ទះមួយល្វែងនៅបុរីជ្រោយចង្វារដែលអស់បន្ទុកក្នុងការបង់ថ្លៃដូចមុន។ ក្នុងនោះសូម្បីតែការចំណាយលើការសិក្សារបស់កូនក៏លោកសន្សំសំចៃផងដែរ គឺអោយកូនចាយក្នុងមួយថ្ងៃមិនលើសពី២៥០០រៀលឡើយ។

លោកថាខ្លួនត្រូវការរៀបចំបែបផែនសន្សំលុយទុកអោយកូនបន្តការសិក្សាក្នុងពេលខាងមុខ ​ហើយមិនមានប៉ះពាល់រឿងលក់ផ្ទះចេញដែលជាផ្ទះអំណោយនោះទេ។

លោក រិន សាវ៉េត បានអះអាងថា ស្ថានភាពសុខភាពរបស់លោកមិនអំណោយផលដូចមនុស្សទូទៅនោះទេដោយសារតែពេលកន្លងមកលោកប្រឹងធ្វើការមិនស្គាល់យប់ថ្ងៃដើម្បីយកលុយមកផ្គត់ផ្គង់កូនផង ភរិយាផង និងឈ្នួលផ្ទះផង ហើយបណ្ដាលអោយលោកបាយទឹកមិនសូវទៀងនាំអោយលោកមានជំងឺក្រពះ ពោះវៀនជាយូរមកហើយ។ ពេលខ្លះលោកបាយមិនបាន និងធ្វើទុក្ខជាប្រចាំ តែលោកមិនដេកដួលទេគឺនៅតែបន្តប្រឹងប្រែងធ្វើការដោយមុននេះបន្តិចក៏មានគម្រោងចាប់ដៃជាមួយមិត្តភ័ក្រ្ត​​​​បើកហាងកាហ្វេលេងអុកតូចមួយ​ដើម្បីរកចំណូលនោះផង។

លោកថាមុខជំនួញថ្មីនេះ​លោកគ្រោងប្រើទុនប្រមាណជា២ពាន់ដុល្លារ ហើយដើមទុនដែលលោកយកមកប្រើគឺថវិកាជំនួយដែលលោកទទួលបាននាពេលកន្លងមកនោះហើយ គឺលោកមិនយកលុយកាក់ដែលធ្លាប់បាននោះទេទៅចាយខុសខ្ទង់នាំអោយធ្លាក់ខ្លួនជាថ្មីឡើយ។ លោកនៅតែអះអាងថាស្ថានភាពជីវិតរបស់តារាម្នាក់គឺមើលដឹងដោយសារតារាច្រើនហើយគឺប្រឹងបើកហាងរកនេះបើកហាងរកនោះ ប៉ុន្តែលទ្ធផលគឺនៅតែក្រ និងគ្មានលុយមើលខ្លួននៅពេលចាស់ទៅ។

យ៉ាងណាមិញ លោកប្ដេជ្ញាថាមិនគម្រោងលក់ផ្ទះអំណោយដែលបានកាត់ឈ្មោះអោយលោកនៅគ្រប់កាលៈទេសៈ ដើម្បីទុកផ្ទះនោះចែកអោយកូននិងរស់នៅជាមួយកូនក្នុងពេលចាស់ទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ