អ្នក​មាន​ទំនាក់​ទំនងជាមួយ​លោក ​កែម ឡី​ មុនពេលគាត់​ស្លាប់ ​ចាកចេញពីកម្ពុជា

ព្រះ​អង្គ​ សាន​ សុជា (រូបភាពពីហ្វេសប៊ុករបស់ព្រះ​អង្គ​ សាន​ សុជា)

ការចាកចេញរបស់ប្រធានសមាគមធម្មកថិកល្បីឈ្មោះមួយអង្គបានធ្វើឲ្យមានការភ្ញាក់ផ្អើល។ ខ្សែរវីដេអូដែលផ្សាយផ្ទាល់តាមរយៈគេហទំព័រហ្វេសប៊ុក(Facebook)របស់ព្រះអង្គនៅម៉ោង១០យប់ម៉ោងនៅប្រទេសអូស្រ្តាលី (ត្រូវនឹងម៉ោង៧យប់ម៉ោងនៅប្រទេសកម្ពុជា) ថ្ងៃពុធ ទី២០ ខែកក្កដាបានបង្ហាញរូបភាពព្រះភ័ក្តរបស់ព្រះអង្គនៅពេលដែលលោកបាននិមន្តទៅដល់ប្រទេសអូស្រ្តាលីរួចទៅហើយ។ មិនមាននរណាម្នាក់បានដឹងទេ សូម្បីតែញាតិញោមនិងព្រះសង្ឃនៅក្នុងវត្តនិងសមាគមធម្មកថិកដែលព្រះអង្គគឺជាប្រធាន។

«ម៉ោហ្នឹងមិនបានឲ្យដឹងមែន មិនប្រាប់ហ្នឹងគឺមិនប្រាប់ទាំងអស់តែម្តងញាតិញោម សូម្បីតែព្រះករុណាគ្រប់ព្រះអង្គនៅនឹងវត្ត ព្រះករុណាគ្រប់ព្រះអង្គនៅសមាគមធម្មគធឹកហ្នឹងក៏មិនបានដឹងដែរ។ ម៉ោដល់នេះថានឹងប្រាប់។ មិនមែនត្រឹមតែអ្នកស្រុកខ្មែរទេ គឺនៅទីនេះ(ប្រទេសអូស្រ្តាលី)ក៏មិនបានដឹងដែរ។ មានតែអ្នកមកទទួលម្នាក់ប៉ុណ្ណោះដែលបានដឹង»

រូបថតរបស់ព្រះអង្គ សាន សុជា ថតជាមួយនឹងក្មួយប្រុសរបស់ព្រះអង្គបានបង្ហោះនៅម៉ោងប្រហែល១២:១៥នាទីថ្ងៃត្រង់ម៉ោងនៅប្រទេសកម្ពុជា។ បើតាមការបញ្ជាក់របស់ព្រះតេជគុណនៅពេលក្រោយមក វាគឺជាសញ្ញាប្រាប់ទៅដល់អ្នកគាំទ្រនិងញាតិញោមថា ព្រះអង្គបាននិមន្តទៅដល់ព្រលានយន្តហោះមែលប៊ន(Melbourne) ក្នុងប្រទេសអូស្រ្តាលីហើយ។

នៅក្នុងជីវប្រវត្តិ៦៧ទំព័រ ព្រះភិក្ខុវិជិរប្បញ្ញោ សាន សុជា គឺជាព្រះចៅអធិការវត្តមណីរតនារាមដែលស្ថិតនៅសង្កាត់រលាប ក្រុងពោធិសាត់ ខេត្តពោធិសាត់។ គេហទំព័រសមាគមធម្មកថិកកម្ពុជាសរសេរថា ព្រះអង្គជាប្រធានសមាគមនេះផងដែរ។

លោកបណ្ឌិត កែម ឡី នៅពេលដែលលោកនៅរស់បានសរសេរនៅក្នុង Facebook page របស់លោកដោយបានសរសេរពាក្យសសើរដល់ភិក្ខុ សាន សុជា ថាជាកុលបុត្រឆ្នើមនិងជាមរតករបស់ខ្មែរជំនាន់នេះ។

«ព្រះអង្គ សាន សុជា ជាកុលបុត្រឆ្នើម ព្រះសង្ឃគំរូ និងជាមរតកខ្មែរជំនាន់នេះ។ ទស្សនៈការពន្យល់និងការបកស្រាយព្រះធម៌អាចជារបកគំហើញថ្មី ងាយយល់និងជាជំហានក្នុងការដោះស្រាយបញ្ហាសង្គមតាមបែបការទំនាក់ទំនងរវាងព្រះពុទ្ធសាសនានិងស្ថានភាពជាក់ស្ដែង។ បណ្តាញព្រះសង្ឃឯករាជ្យជាចលនាព្រះសង្ឃក្នុងយុគសម័យថ្មីក្នុងការចូលរួមការពារនិងគាំពារធនធានធម្មជាតិ។ ពលរដ្ឋមេត្តាផ្តល់ការគាំទ្រតាមគ្រប់លទ្ធភាព ដើម្បីឲ្យសកម្មភាពនិងបេសកកម្មទទួលបានជោគជ័យជាស្ថាពរ។ ខ្ញុំបាទបានតាមដាននិងរៀនសូត្រច្រើនពីព្រះអង្គ ដើម្បីជាពន្លឺបន្ថែមនិងស្វែងយល់ពីទំនាក់ទំនងរវាងព្រះធម៌និងវិទ្យាសាស្រ្ត»។

លោកបណ្ឌិត កែម ឡី ជាអ្នកស្រាវជ្រាវដើម្បីអភិវឌ្ឍន៍សង្គមនិងជាអ្នកវិភាគស្ថានភាពនយោបាយនិងសង្គម ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំនួនពីរគ្រាប់បណ្តាលឲ្យស្លាប់ភ្លាមៗនៅក្នុងហាងកាហ្វេនៃស្ថានីយ៍ប្រេងឥន្ធនៈកាលតិចស្តុបបូកគោកាលពីថ្ងៃអាទិត្យទី១០ ខែកក្កដា ឆ្នាំ២០១៦។ សពរបស់លោកបណ្ឌិត កែម ឡី ត្រូវបានគ្រួសារនិងប្រជាពលរដ្ឋដែលយំខ្សឹកខ្សួលនិងស្រែកគាំទ្ររូបលោកដង្ហែតាមរថយន្តចេញពីកន្លែងកើតហេតុទៅកាន់វត្តពោធិយារាម(ហៅវត្តចាស)នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ធ្វើបុណ្យតាមប្រពៃណីចាប់តាំងពីល្ងាចថ្ងៃទី១០ ខែកក្កដាមក។

នៅក្នុងវីដេអូឃ្លីបដែលផ្សាយតាម Facebook page ផ្ទាល់ខ្លួនរបស់ព្រះអង្គនៅចំថ្ងៃដែលលោកបណ្ឌិត កែម ឡីត្រូវបានបាញ់សម្លាប់ ព្រះភិក្ខុ សាន សុជា បានចាត់ទុកការស្លាប់របស់លោក កែម ឡី ប្រៀបបានដូចជាការបាត់បង់សាច់មួយដុំចេញពីព្រះកាយរបស់ព្រះអង្គដែរ។

«មានការខ្លោចផ្សារក្នុងបេះដូង ខ្មែរមានអ្នកចេះដឹងហើយ បាត់បង់អ្នកចេះដឹងយ៉ាងផុយស្រួយជាទីបំផុត។ ហើយក៏មិនខឹងអ្នកបានបាញ់ទៅទៀត។ ចិត្តមែនទែនឥឡូវនេះ កាន់តែសង្វេគថារឿងអីធ្វើឲ្យសត្វលោកយើងបាត់បង់សតិសម្បជញ្ញៈដល់ប៉ុណ្ណឹង? អំពើផ្តាច់ជីវិតបែបនេះចេះតែហ៊ានធ្វើទៅរួចដែរ»។

តាមរយៈវីដេអូឃ្លីបនេះព្រះភិក្ខុ សាន សុជា អះអាងថាព្រះអង្គជួបជាមួយលោក កែម ឡី ពីរដងដោយចៃដន្យ។ ព្រះអង្គបញ្ជាក់ថាការជួបលើកទី២គឺនៅ១៥ថ្ងៃមុនពេលដែលលោក កែម ឡី បានត្រូវបាញ់សម្លាប់។

ព្រះភិក្ខុ សាន សុជា បាននិមន្តចាកចេញទៅប្រទេសអូស្រ្តាលីនៅថ្ងៃទី១៨ ខែកក្កដា គឺ៨ថ្ងៃក្រោយការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។

ព្រះអង្គមានសង្ឃដីកាថាការចាកចេញរបស់ព្រះអង្គមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ។

«វាគឺជាផែនការដែលបានគិតទុកពីរ(២)ឆ្នាំមកហើយ។ មិនមែនល្បីដូចញាតិញោមថាដោយសារបញ្ហាអន្តិសុខក្នុងស្រុកបានអាត្មារត់ភៀសខ្លួននោះអត់ទេ។ គម្រោងយូរហើយ ហើយច្បាប់ក៏បានដាក់យូរហើយមកដែរ។ ដាក់ច្បាប់រង់ចាំពីរបីខែទើបទូតសម្រេចថាហើយមក។ អត់មានពាក់ព័ន្ធអីនឹងស្ថានភាពស្រុកទេសរបស់យើងនោះទេ»

តាមវីដេអូឃ្លីប ក្នុងដំណើរទៅកាន់ប្រទេសអូស្រ្តាលីរយៈពេលពីរឆ្នាំនេះ ព្រះអង្គមានបំណងហ្វឹកហាត់ភាសាអង់គ្លេសនិងពិនិត្យព្រះសុខភាព។

កូនភ្លោះពីរនាក់គឺឈ្មោះជុំ ហួត និង ជុំ ហួរ បានចាកចេញពីប្រទេសកម្ពុជា១ថ្ងៃក្រោយពេលដែលលោកបណ្ឌិត កែម ឡី ត្រូវបានបាញ់សម្លាប់ផងដែរ។ ជុំ ហួត និងជុំ ហួរ បានបង្ហោះរូបភាពរបស់ពួកគេដែលថតអង្គុយជាមួយនឹងលោកបណ្ឌិត កែម ឡី នៅមុនពេលដែលលោកត្រូវខ្មាន់កាំភ្លើងបាញ់។ ជុំ ហួត និងជុំ ហួរ បានកោរសក់របស់ពួកគេមុនពេលចាក់ចេញ ហើយបានសរសេរក្នុងសារតាម Facebook page របស់ពួកគេថាពួកគេមិនមានសុវត្ថិភាពទេ ហើយកំពុងស្ថិតនៅកន្លែងមួយ។ ក្នុងសារដែលសរសេរបន្ទាប់មកពួកគេបាននិយាយថា៖ «មានតែខោ អាវមួយកំភ្លេពាក់ជាប់នឹងខ្លួន ត្រូវបង្ខំចិត្តចាកចេញទៅទាំងអារម្មណ៍ក្ដុកក្ដួលក្រៃលែង។ លាហើយកម្ពុជាអើយ»។

ក្នុងវីដេអូឃ្លីបដែលបានបង្ហោះក្នុង Facebook page ផ្ទាល់ខ្លួន ពួកបានប្តេជ្ញាបន្តយកគំរូនិងបេសកកម្មរបស់លោកបណ្ឌិត កែម ឡី ហើយបានស្តីបន្ទោសរដ្ឋាភិបាលថាមានការធ្វេសប្រហែសមិនបានផ្តល់ការការពារសន្តិសុខដល់អ្នកអត្ថាធិប្បាយបញ្ហាសង្គមរូបនោះ។

ពីរថ្ងៃមុនពេលដែលលោកត្រូវបានបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី បានសរសេរពាក្យសរសើរដល់យុវជន ជុំ ហួត និង ជុំ ហួរ ថាគឺជាសកម្មជនបរិស្ថានពិតប្រាកដ។ លោកបានអំពាវនាវដល់សាធារណៈឲ្យផ្តល់ការលើកទឹកចិត្តនិងឧបត្ថម្ភគាំទ្រឲ្យពួកគេអាចបន្តបេសកម្មភាពជាប់ជានិច្ច។

បុរសវ័យក្មេងពីរនាក់នេះបានចាកចេញពីប្រទេសកម្ពុជា តែរយៈពេលជាង១០ម៉ោងក្រោយពេលដែលពួកគេបានជួបជាមួយនឹងមន្រ្តីស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី១១ ខែកក្កដា។

ព្រះតេជ្ជគុណ ប៊ុត ប៊ុនតិញ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យ។ ព្រះអង្គប្រាប់អ្នកយកព័ត៌មានVODថាមានជនមិនស្គាល់មុខតាមដានសកម្មភាពព្រះអង្គ។ ហើយព្រះអង្គបានដឹងថាមានអ្នកបន្លំខ្លួនដើម្បីតាមដានគ្រប់សកម្មភាពនៅក្នុងពិធីបុណ្យសពរបស់លោកបណ្ឌិត កែម ឡី។

ក្នុងធម្មទេសនាផ្សាយផ្ទាល់តាម Facebook page របស់ព្រះអង្គនៅយប់ថ្ងៃទី២០ ខែកក្កដា ព្រះតេជ្ជគុណ សាន សុជា បានផ្សព្វផ្សាយអប់រំអំពី «ការច្រណែនឈ្នានីស»។ ដោយព្រះអង្គលើកឡើងថាភាពច្រណែនកើតឡើងនៅលើតែមនុស្សល្ងង់។ ព្រះអង្គបានលើកសរសេរថាមនុស្សដែលចេះពិតប្រាកដគឺមិនខ្លាច់បាត់បង់ទេ។

«អីក៏ច្រណែនមួយបង្គន់ហ្នឹងម៉េះ។ ព្រះពុទ្ធចាត់ទុកទ្រព្យសម្បត្តិលាភសក្ការៈហ្នឹងគឺជារបស់ក្នុងបង្គន់។ ច្រណែនតែខ្មែរគ្នាឯង យើងមិនដែលច្រណែនបរទេសទេ។ ចឹងបានថាល្ងង់ រស់នៅក្នុងភាពល្ងង់ ច្រណែនតែគ្នាឯង»។

VOD បានផ្ញើអ៊ីម៉ែលទាក់ទងទៅមន្រ្តីនៅស្ថានទូតអូស្រ្តាលីដោយចង់ដឹងថាតើព្រះតេជ្ជគុណ សាន សុជា បានសុំVISAប្រភេទណា? តើស្នាក់នៅរយៈពេលប៉ុណ្ណា? ប៉ុន្តែមន្រ្តីស្ថានទូតមិនទាន់បានឆ្លើយតបទេគិតត្រឹមល្ងាចថ្ងៃទី២១ខែកក្កដានេះ។

ភរិយារបស់លោកបណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា បានបង្ហើបប្រាប់អ្នកយកព័ត៌មានថាស្ថានទូតអូស្រ្តាលីបានផ្តល់Visaដល់អ្នកស្រីនិងកូនៗអ្នកស្រីទាំង៥នាក់ឲ្យទៅរស់នៅប្រទេសអូស្រ្តាលី។ តែអ្នកស្រីមិនទាន់សម្រេចចិត្តយ៉ាងណាទេ ដោយរង់ចាំកម្មវិធីបុណ្យស្វាមីអ្នកស្រីរួចរាល់សិន៕

ដោយលោក ណុប វី, កញ្ញា សន ឆវីវតី, និង កញ្ញា ណយ ធានី

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ