​រដ្ឋាភិបាលព្រមានដកអាជ្ញាបណ្ណក្រុមហ៊ុនធ្វើអាជីវកម្មខ្សាច់ដែលមិនគោរពច្បាប់

ក្រសួងរ៉ែ និងថាមពល ព្រមានដកអាជ្ញាបណ្ណពីក្រុមហ៊ុនធ្វើអាជីវកម្មខ្សាច់ទាំងឡាយណាដែលមិនគោរពតាមច្បាប់ និងមិនគោរពលក្ខខណ្ឌដែលក្រសួងបានកំណត់។

ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីក្រសួងចេញសារាចរថ្មីមួយកាលពីថ្ងៃទី១០កក្តដាឆ្នាំ២០១៧ ដើម្បីមានវិធានការគ្រប់គ្រងការធ្វើអាជីវកម្មខ្សាច់ក្នុងខេត្តកោះកុង ដោយក្នុងសេចក្តីប្រកាសនោះក្រសួងបានកំណត់លក្ខខណ្ឌជាច្រើនឲ្យក្រុមហ៊ុន ដែលចង់ធ្វើអាជីវកម្មខ្សាច់អនុវត្ត និងបន្ទាប់ពីប្រជាពលរដ្ឋររាយការណ៍ថា ក្រុមហ៊ុនមួយចំនួននៅតែបន្តធ្វើអាជីវកម្មខ្សាច់រំលោភច្បាប់។

ថ្លែងក្នុងវេទិកាអភិបាលកិច្ចវិស័យឧស្សាហកម្មនិស្សារណកម្មក្នុងប្រទេសកម្ពុជានៅថ្ងៃទី២១កក្តដាឆ្នាំ ២០១៧​នេះ អនុរដ្ឋលេខាធិការនៃក្រសួងរ៉ែនិងថាមពល លោក ប៉េង ណាវុធ មានប្រសាសន៍ថាប្រសិន​បើ​ក្រុមហ៊ុនអាជីវកម្មខ្សាច់ណាមិនអនុវត្តតាម ក្រសួងនឹងដកអាជ្ញាធរបណ្ណបញ្ឈប់អាជីវកម្មតែម្តង។

លោកបន្ថែមថា៖ «ចំពោះសំនួរ ដែលសួរថា ក្រសួងមានយុទ្ធសាស្រ្តរបៀបម៉េច ក្រោយពីចេញសារាចរណ៍នេះ ក្រសួងនឹងបញ្ចប់អាជ្ញាបណ្ណទាំងអស់នៅក្នុងខេត្តកោះកុង អញ្ចឹងអាជ្ញាបណ្ណ ដែលមានកន្លងមករបស់ឧត្តសីម៉ាក្តី អិល វាយ ភី ក្តី អេស ស៊ី ធី ឌឹបិលយូ អ៊ិន ក្តី  ក្រសួងនឹងចេញលិខិតបញ្ចប់។ នៅក្នុង លក្ខខណ្ឌដែលក្រុមហ៊ុនទាំងនេះ ឬក្រុមហ៊ុនផ្សេងទៀតមានបំណងស្នើសុំ គឺត្រូវគោរពទៅតាមលក្ខ ខណ្ឌបច្ចេកទេស និងនីតិវិធីរបស់ក្រសួង»​

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បានគាំទ្រចំពោះយន្តការរបស់ ក្រសួងនេះ ប៉ុន្តែលោកហាក់មិនមានជំនឿថា រដ្ឋាភិបាលអនុវត្តមានប្រសិទភាពនោះទេ ប្រសិនបើមិន មានការចូលរួមពីសហគមន៍ ហើយអាជ្ញាធរពាក់ព័ន្ធត្រូវចុះអនុវត្តច្បាប់មិនទាន់ពេលវេលា។

លោកបន្ថែមថា៖ « រឿងដែលសំខាន់វត្តមាននៃទូកបូមខ្សាច់ ដែលកន្លងមក សហគមន៍ឃើញថា វាប្រចាំការនៅសមុទ្រខាងក្រៅហ្នឹង បើវត្តមានអស់បាត់អស់ វាអាចជាភស្តុតាងមួយបញ្ជាក់ថា ប្រសិទ្ធិភាពនៃសារាចរណ៍បញ្ឈប់ការនាំខ្សាច់ទៅក្រៅប្រទេស គឺអាចជួយដល់ប្រសិទ្ធិភាពហ្នឹងបាន ប៉ុន្តែប្រសិនបើនៅតែមានសាឡង់បូមខ្សាច់ ឬទូកដែលសម្រាប់ផ្ទេរខ្សាច់នៅតែមាននៅទីនោះនៅតែមូលហេតុ នៃមន្ទឹលសង្ស័យដដែល អញ្ចឹងទាល់តែទាំងអស់ហ្នឹងបាត់ចេញពីកន្លែងហ្នឹងទើបអាចបញ្ជាក់ពីប្រសិទ្ធិបាន»។

តំណាងសហគមន៍កោះស្រឡៅក្នុងខេត្តកោះកុងអ្នកស្រី នាក់ សុភាព ឲ្យដឹងថា អំឡុងពេលក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន​មិនឲ្យនាំខ្សាច់ចេញទៅក្រៅប្រទេសកាលឆ្នាំ២០១៦ អ្នកស្រីនៅតែសង្កេតឃើញមានសាឡងនាំខ្សាច់ទៅក្រៅប្រទេសក្នុងតំបន់ហាមឃាត់ដដែល។

អ្នកស្រី បានដាក់ការសង្ស័យថា បទល្មើសនៅតែបន្តកើតមានបែបនេះ ដោយសារតែអាជ្ញាធរថ្នាក់ក្រោម បានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ។

អ្នកស្រីបន្ថែមថា៖ «បានជាខ្ញុំហ៊ានអះអាងថា មានចំនុចឃុបឃិតដោយសារតែនៅថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែមករាឆ្នាំ២០១៧ហ្នឹង មានក្រុមហ៊ុនទៅសិក្សារស្រាវជ្រាវឲ្យក្រុមហ៊ុន ឧត្តមសីម៉ា អេស ស៊ី ធី ឌឹបិលយូ អ៊ិន ដោយក្រុមហ៊ុនឧត្តមសីម៉ាអេសឲ្យទៅសិក្សារហ្នឹងមាន៤០ហិតា និងក្រុមហ៊ុន អេស ស៊ី ធី ឌឹបិលយូ អ៊ិន ១ ៩៩៦ហិតា ចំពោះបទល្មើសនេះ មិនបានជោគជ័យរបស់អ្នកល្មើសដែរដោយសារក្រសួង បានចេញលិខិតនៅថ្ងៃទី១០ ដូចគ្នាថា ក្រុមហ៊ុននិងបរិស្ថាន ដែលចុះទៅសិក្សារនៅតំបន់ត្រពាំងរូង និង តាតៃក្នុងខេត្តកោះកុងហ្នឹងចាតុទុកជាមោឃៈ»

អ្នកស្រីបន្តថា បច្ចុប្បន្នក៏មានក្រុមហ៊ុនមួយកំពុងសាងសង់កន្លែងលាងខ្សាច់ក្នុងខេត្តកោះកុងដែរ ដែលការសាងសង់នោះ អ្នកស្រីមិនដឹងថា មានការអនុញ្ញាត្តិពីក្រសួង ឬអត់នោះទេ។

អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលលោក ម៉េង សក្តធារ៉ា ទទួលស្គាល់ថា ពិតជាមានការសាងសង់សំណង់ធំលើទន្លេក្នុងខេត្តកោះកុងមែន ប៉ុន្តែលោកមិនទាន់ដឹងថា សំណង់នោះធ្វើដើម្បីអ្វីនៅឡើយទេ។

តែយ៉ាងណាលោកថា ប្រសិនបើក្រុមហ៊ុនសាងសង់ដើម្បីធ្វើអាជីវកម្មខ្សាច់ដូចពលរដ្ឋលើកឡើងមែន ក្រសួងនឹងចាត់វិធានការ ដោយថា កន្លែងនោះជាតំបន់ហាមឃាត់មិនឲ្យធ្វើអាជីវកម្មខ្សាច់ឡើយ។

កាលពីថ្ងៃទី១០កក្តដាឆ្នាំ២០១៧នេះ ក្រសួងរ៉ែ និងថាមពលបានចេញសេចក្តីប្រកាសមួយដោយបញ្ជា ទៅអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តកោះកុងឈប់អនុញ្ញាតឲ្យមានការធ្វើអាជីកម្មនាំខ្សាច់សំណងគ្រប់ប្រភេទនិងខ្សាច់ភក់ចេញទៅបរទេស ដែលការហាមនោះធ្វើឡើងបន្ទាប់ពីក្រសួងរកឃើញថា ការធ្វើអាជីវកម្ម ប្រភេទនេះប៉ះពាល់ដល់បរិស្ថាននិងសង្គម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ