ក្រសួងធនធានទឹកនិងឧតុនិយម អំពាវនាវឲ្យពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ពីអាកាសធាតុដោយថា ចាប់ពីថ្ងៃនេះរហូតដល់ចុងខែកក្កដា ប្រទេសកម្ពុជានិងមានភ្លៀងធ្លាក់រាយប៉ាយស្ទើរទូទាំងប្រទេស។
នៅក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១៦ខែកក្កដា ក្រសួងក្រសួងធនធានទឹកនិងឧតុនិយម ឲ្យដឹងថា ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៥ខែកក្កដា ភ្លៀងនៅតែបន្តធ្លាក់រាយប៉ាយស្ទើរទូទាំងប្រទេស និងបណ្តាលឲ្យទឹកទន្លេមេគង្គ ទន្លេបាកសាក់ និងទន្លេសាប មានការកើនឡើងយ៉ាងខ្លាំង។
ក្រសួងបានឲ្យដឹងទៀតថា បញ្ហានេះមកពី កម្ពុជាទទួលរងឥទ្ធិពលពីកូនព្យុះ តាឡាស (TSTALAS) ដែលជាព្យុះទី៤ ប្រចាំឆ្នាំ២០១៧នេះ ដែលបានកើតឡើងនៅសមុទ្រចិនខាងត្បូង រួចព្យុះនេះ កំពុងតែបន្តដំណើរមកដល់ទន្លេមេគង្គ ក្នុងប្រទេសថៃ និងប្រទេសឡាវ។
ក្រសួង ក៏ប្រកាសឲ្យប្រជាពលរដ្ឋដែលរស់ជិតមាត់ទន្លេ អ្នកនេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់៕
សរសេរមកកាន់ លោក ម៉ាប់ ស៊ុយ [email protected]