ពលរដ្ឋខេត្តសៀមរាបតវ៉ាឲ្យតុលាការ ទម្លាក់បទចោទលើតំណាងពួកគេ៤នាក់

ប្រជាពលរដ្ឋភូមិភ្នំក្រោម ប្រមូលផ្ដុំគ្នានៅខាងមុខតុលាការ ក្រុងសៀមរាប

ប្រជាពលរដ្ឋប្រមាណ១០០នាក់ នៅព្រឹកថ្ងៃសុក្រទី២១កក្កដានេះ បានប្រមូលផ្ដុំគ្នានៅខាងមុខតុលា​​​ការ ដោយទាមទារឲ្យស្ថាប័នមួយនេះ ទម្លាក់បទចោទ លើតំណាងពួកគេបួននាក់ ករណីជម្លោះ​ដីធ្លីនៅភូមិភ្នំក្រោម ក្រុងសៀមរាប។

តំណាងពលរដ្ឋនៅសង្កាត់សៀមរាប លោក គ្រំ វ៉េត ប្រាប់វីអូឌីថា ចៅក្រុមស៊ើបសួរ នៃតុលាការខេត្ដសៀមរាប បានកោះហៅពលរដ្ឋ នៅភូមិភ្នំក្រោម​សាកសួរចំនួន៤នាក់ ដោយចោទប្រកាន់ពីបទបំផ្លាញទ្រព្យសម្បត្ដិអ្នកដទៃដោយចេតនា ករណីប្រជាសហគមន៍ចំនួន៨១គ្រួសារ សែងផ្ទះពលរដ្ឋ មួយគ្រួសារចេញពីដីសហគមន៍ កាលពីចុងឆ្នាំ២០១៦។

លោកបន្ដថា ផ្ទះមួយខ្នងនោះ គឺពលរដ្ឋមួយគ្រួសារមកពីភូមិទី៦ ក្នុងទឹកទន្លេសាប នៃសង្កាត់ចុងឃ្នៀស បានខ្ចីដីសហគមន៍សង់លំនៅឋានបណ្ដោះអាសន្ន ប៉ុន្ដែនៅពេលផុតកំណត់កិច្ចសន្យា ពីរនាក់ប្ដីប្រពន្ធនោះមិន​ព្រមចាកចេញ ទើបពលរដ្ឋសែងផ្ទះចេញពីដីសហគមន៍វិញ។

លោកបន្ដថា៖ «ពីរនាក់ប្ដីប្រពន្ធនេះ គាត់បានមកសុំដីសហគមន៍៨១គ្រួសារនេះ ធ្វើផ្ទះបណ្ដែតទឹកគាត់ថាពេលណាទឹកទន្លេឡើងមកដល់​គាត់នឹងដាក់ធុងបណ្ដែតទឹកយកចេញ។ យើងទាំងអស់មានសណ្ដានចិត្ដឲ្យគាត់ធ្វើសិនទៅ ពេលទឹកទន្លេឡើងមកដល់គាត់នឹងចេញបាទ។ តែដល់ខែវិច្ឆិការគ្រប់ទឹកទន្លេឡើងមកដល់ហើយខ្ញុំប្រជាពលរដ្ឋទាំងអស់គ្នាទៅប្រាប់គាត់ហើយគាត់បែជានិយាយថា គាត់សុំនៅមួយខែទៀត គាត់ក្រឡាស់សំដីគាត់អត់ចេញទេ»។

ពលរដ្ឋមួយរូបទៀត ដែលត្រូវតុលាការកោះហៅអ្នកស្រី យក់ តាំង ឲ្យដឹងថា ការចោទប្រកាន់មកលើតំណាងពួកគាត់នោះ ជារឿងអយុត្ដិធម៌ ដោយសារពលរដ្ឋមួយ​គ្រួរសារនោះ មិនគោរពកិច្ចសន្យាដែលមានមេភូមិសាក្សី ដែលអ្នកស្រីថា បែជាតុលាការចោទប្រកាន់ពួកគេទៅវិញ។​អ្នកស្រីថា អ្នកមានជម្លោះដីធ្លីទាំងនោះ ទាម​ទារឲ្យតុលាការទម្លាក់បទចោទមកលើពួកគាត់។

អ្នកស្រីបន្ដថា៖ «គាត់ត្រូវតែហៅមកចឹងឯង តែគាត់សាកសួរទៅតើរឿងនោះមានមូលហេតុយ៉ាងម៉េច តើប្រជាជនធ្វើខុស ឬត្រូវ អានោះតុលាការត្រូវមានការវែកញែកហើយ»។

ទោះជាយ៉ាងណា ប្រជាសហគមន៍បានវិលត្រឡប់ទៅទៅគេហដ្ឋានវិញ បន្ទាប់ពីប្រ​មូល​​ផ្ដុំគ្នានៅខាងមុខតុលាការអស់មួយព្រឹក ខណៈដែលចៅក្រមស៊ើបសួរលោក ស៊ិន សុវណ្ណរតន៍ ស្នើសុំលើកពេលវិញ។

អ្នកនាំពាក្យតុលាការខេត្ដសៀមរាបលោក យិន ស្រាង មានប្រសាសន៍ថា ការអវត្ដមានចៅក្រមលោក ស៊ិន សុវណ្ណរតន៍ នេះ ដោយសាររូបគាត់ជាប់រវល់នៅសាលាក្ដីខ្មែរក្រហម។ លោកបន្ដថា៖ «គាត់ចៅក្រមសាលាក្ដីខ្មែរក្រហមគាត់មានភារៈកិច្ចទីនោះទៀត»

ទោះជាយ៉ាងណា អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស នៃអង្គកាលីកាដូខេត្ដសៀមរាបលោក គឹម សួរ មា​ន​​ប្រសាសន៍ថា តុលាការគួរកោះហៅភាគីពាក់ព័ន្ធមកសាសួរ ដែលលោកថា តាមការស៊ើបអង្កេតកន្លងមក ការកើតឡើងលើករណីនេះ ដោយសារពលរដ្ឋមួយគ្រួសារ ដែល មានប្ដីឈ្មោះ ឈឺន ឃាន និងប្រពន្ធឈ្មោះ រស់ ឃឿន មិនបានគោរពកិច្ចសន្យាជាមួយអ្នកភូមិ។ ​លោកស្នើឲ្យស្ថាប័នយុត្ដិធម៌មួយនេះ ដោះស្រាយជូនពួកគាត់ឲ្យមានតម្លាភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ