កាសែត​ថៃ​ផ្សាយ​ថា ជប៉ុន​បង្កើន​ការវិនិយោគ​នៅ​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០១៦​ ម៉ោង 10:00 AM | វិនិយោគសេដ្ឋកិច្ច | 0 | 7409

តួលេខពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានឲ្យដឹងថា ប្រទេសជប៉ុនបានបង្កើនការវិនិយោគមកក្នុងប្រទេសកម្ពុជា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីជាក្រុមវិនិយោគិនជប៉ុន បានបង្ហាញភាពមិនសប្បាយចិត្តចំពោះប្រតិបត្តិការអាជីវកម្មរបស់ពួកគេ នៅក្នុងប្រទេសដ៏តូចមួយនេះក្ដី។

កាសែតបាងកក ប៉ុស្តិ៍របស់ថៃ ដែលបានដកស្រង់តួលេខពី JETRO បានផ្សាយថា មានក្រុមហ៊ុនជប៉ុនចំនួន ២៥០ បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកម្ពុជា នៅឆ្នាំ២០១៥ ពោលគឺបានកើនឡើងពីចំនួន ១៩ក្រុមហ៊ុន នៅឆ្នាំ២០១០ ឬកើនឡើងពីចំនួន ១៧៩ក្រុមហ៊ុន នៅឆ្នាំ២០១៣។

កាសែតថៃមួយនេះ ដែលបានដកស្រង់ការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo របស់ជប៉ុននោះ បានផ្សាយបន្តថា ការវិនិយោគរបស់ជប៉ុន នៅក្នុងប្រទេសកម្ពុជា មានចាប់ពីវិស័យនាំចេញ និងនាំចូល ទេសចរណ៍ រោងចក្រ សេវាកម្មប្រឹក្សាយោបល់ និងអចលនទ្រព្យ រហូតដល់កសិកម្ម និងសំណង់។

តួលេខពី JETRO បានឲ្យដឹងថា ខណៈដែលចំនួនក្រុមហ៊ុនជប៉ុននៅកម្ពុជាកំពុងតែកើនឡើងលឿននោះ ភោជនីយដ្ឋានជប៉ុន ក៏កំពុងរីកដុះដាលរហូតដល់ជាង ១៥០កន្លែង ដើម្បីបម្រើពលរដ្ឋជប៉ុនប្រហែល ២៥០០នាក់ ដែលបានចុះបញ្ជីនៅស្ថានទូតជប៉ុននៅរាជធានីភ្នំពេញ នៅត្រឹមខែមករា ឆ្នាំ២០១៦នេះ។

កាសែតថៃដដែល ដែលបានដកស្រង់តួលេខពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្សាយថា ការវិនិយោគពីបរទេសចូលក្នុងប្រទេសកម្ពុជា បានកើនឡើងពី ៣.៩ពាន់លានដុល្លារ នៅឆ្នាំ២០១៤ ទៅដល់ ៤.៦ពាន់លានដុល្លារ នៅឆ្នាំ២០១៥។

នៅក្នុងចន្លោះពេលនោះ ការវិនិយោគរបស់ជប៉ុន បានកើនឡើងពីជិត ៤៨លានដុល្លារ ទៅដល់ជិត ៥៧លានដុល្លារ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required