អង្គការមួយធ្វើ​ការលើ​ការ​ជួញ​ដូរ​ស្ត្រី​កម្ពុជា ធ្វើ​ការ​សុំទោស ក្រោយ​រដ្ឋាភិបាល​បញ្ជា​ឲ្យ​បិទ

អង្គការមេត្រីអន្តរជាតិ ជាអង្គការធ្វើ​ការលើ​ការ​ជួញ​ដូរ​ស្ត្រីនៅ​កម្ពុជាចេញ​មុខ​បក​ស្រាយ​ និង ធ្វើ​ការសុំទោស ដោយ​ផ្ទាល់ទៅ​ដល់​សាធារណជនខ្មែរ ពាក់ព័ន្ធករណីផ្សព្វផ្សាយថា កុមារីកម្ពុជាលក់ព្រហ្មចារី ដោយសារភាពក្រីក្រ។​

កាល​ពីចុង​ខែកក្កដា កន្លងទៅ ស្ថាប័នព័ត៌មាន​អន្តរជាតិ CNN បាន​​ផ្សព្វផ្សាយវីដេអូ​ខ្លី​មួយ​ មាន​ចំណង​ជើង​ថា «ក្មេង​ស្រី​ត្រូវ​បាន​យកទៅ​លក់​ដោយ​ម្តាយ​កម្ពុជា» ដែល​ ​នៅ​ក្នុង​ឃ្លីប​នោះ ក្មេង​ស្រីនិយាយភាសា​វៀតណាម។ ការផ្សព្វផ្សាយនោះបានសម្ភាសន៍ក្មេងស្រីរងគ្រោះស្នាក់នៅអង្គការមេត្រី បន្ទាប់មកមានប្រតិកម្មពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន​ចង់បិទអង្គការ។​

ថ្លែង​នៅ​ក្នុង​សន្និសីទសារព័ត៌មាននៅថ្ងៃនេះ នាយកប្រតិបត្តិអង្គការមេត្រីអន្តរជាតិ លោក ឌុន ប៊្រូស្ទើ បាន​បកស្រាយ​ថា ការ​ចោទប្រកាន់​ចំពោះអង្គការរបស់លោកថាអង្គការ​បាន​រួម​ចំណែក​ផ្តល់​ព័ត៌មានដល់ CNN ក្នុង​ការ​ផ្សព្វផ្សាយពត៌មាន​មិន​ពិតអំពី​ស្ត្រី​ខ្មែរ​នេះ គឺជា​រឿង​មិន​ពិតទេ ហើយ​ថា ការធ្វើ​ការ​កន្លង​មក​របស់​លោក​គឺប្រកប​ដោយ​ការ​គោរព ស្រឡាញ់ ​ដើម្បីជួយ​ដល់​ជនរងគ្រោះពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា។ ក្នុង​នោះ លោក​ក៏បាន​ធ្វើ​ការសុំទោស ព្រមទាំង​មាន​ការ​សោក​ស្តាយ​ចំពោះ​ការ​ឈឺ​ចាប់ទាំង​ឡាយរបស់​កម្ពុជា ទាក់​ទង​ឃ្លឹប​វីដេអូ របស់​ CNN ផង​ដែរ។

ក្រៅពី​សំដែង​ភាព​សោក​ស្តាយ នាយក​ប្រតិបត្តិ​អង្គការ​មួយ​នេះ ក៏​បាន​បង្ហាញ​ផង​ដែរ​ នូវ​ការងារ និង គម្រោង​ ជួយ​កុមារី និង ស្ត្រី រង​គ្រោះពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា។ តាម​ការ​បកស្រាយ​របស់​ លោក ប៊្រូស្ទើ អង្គការ​នេះ នៅ​មាន​គម្រោងជំនួញចំនួន ១៤ ដែល​កំពុង​ និង គ្រោង​នឹង​ដំណើរ​ការ។ តាម​រយៈគម្រោងទាំង​នេះ អង្គការ​បាន​ជួយ​ស្ត្រី​និង​កុមារីក្នុង​ប្រទេស​កម្ពុជា ប្រមាណជាង ៤ ពាន់​នាក់​ហើយ​។

គួរ​បញ្ជាក់​ដែរ​ថា ក្រសួង​មហាផ្ទៃ បាន​បិទ​បញ្ចប់​ការ​ស៊ើប​អង្គេតលើ អង្គការ AIM នេះ​រួច​ហើយ ហើយ​កំពុង​តែ​ធ្វើ​របាយការណ៍​បន្ត​ទៅ​កាន់​នាយក​រដ្ឋ​មន្ត្រី​ដើម្បីសម្រេច ថាតើ​គួរ​តែ​បិទ ឬ មិន​បិទ​អង្គកា​រ​មួយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ