អាជ្ញាធរខណ្ឌដូនពេញ ក្នុងរាជធានីភ្នំពេញ ព្រមានចាត់វិធានការផ្លូវច្បាប់ លើអ្នកចតរថយន្តសម្រាប់លក់ ឬ ទទួលផ្ញើ នៅជុំវិញទីលានប្រជាធិបតេយ្យចាស់នៅក្បែរវត្តភ្នំ ករណីមិនព្រមបញ្ឈប់តាមការកំណត់រយៈពេល១សប្តាហ៍គិតចាប់ពីថ្ងៃទី១៩ខែសីហា។
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានផ្សព្វផ្សាយតាមឧបករណ៍បំពងសំឡេងនៅកន្លែងចតរថយន្តលក់នៅលើផ្លូវនោះថា បើរយៈពេល៧ថ្ងៃក្រោយមិនបញ្ឈប់ការលក់នៅទីនោះទេ កម្លាំងខណ្ឌនឹងស្ទូចរថយន្តទាំងនោះយកទៅរក្សាទុកដោយមិនទទួលខុសត្រូវចំពោះការខូចខាតនោះទេ។ ការប្រកាសនេះ បញ្ជាក់ហេតុផលថា ការលក់ដូរនៅលើផ្លូវនេះ បានបង្កការកកស្ទះចរាចរណ៍ ខូចសណ្តាប់ធ្នាប់ក្នុងក្រុង។
សំឡេងប្រកាស «លោក លោកស្រី ជាម្ចាស់រថយន្តដែលដាក់តាំងលក់ នៅលើផ្លូវ១០៦និង១០៨ មេត្តាជ្រាបថា ចាប់ពីពេលនេះតទៅ មិនអនុញ្ញាតឲ្យមានការចតតាំងលក់រថយន្តនៅលើទ្រូងផ្លូវនេះតទៅទៀតទេ។ រដ្ឋបាលខណ្ឌដូនពេញទុកពេលឲ្យបងប្អូន១សប្តាហ៍ចាប់ពីពេលជូនដំណឹងនេះតទៅ!»។
ទន្ទឹមនឹងការប្រកាសទុករយៈពេល១សប្តាហ៍ដល់កន្លែងលក់រថយន្តនេះ កន្លែងលក់ភេសជ្ជៈ និងផ្លែឈើមួយចំនួនត្រូវបានសន្តិសុខ រុះរើនិងលើកឥវ៉ាន់ដាក់លើរថយន្តសណ្តាប់ធ្នាប់នៅថ្ងៃទី១៩នោះតែម្តង។
តាមសេចក្តីប្រកាសរបស់អាជ្ញាធរ ខណ្ឌនឹងចាប់ផ្តើមរៀបចំសណ្តាប់ធ្នាប់ចាប់ពីទីលានប្រជាធិបតេយ្យចាស់រហូតដល់តំបន់ជុំវិញផ្សាររាត្រី។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ អំពាវនាវឲ្យអាជ្ញាធរទុកពេលដូចគ្នា រវាងអ្នកលក់ដូរធំៗ និង អ្នកលក់តូចតាចក្នុងការរកទីតាំងផ្សេងសម្រាប់លក់ ជៀសវាងផ្តល់ឱកាសឲ្យអ្នកមាន តែអ្នកក្របែរជារឹតត្បិតភ្លាម។ លោក ក៏ស្នើឲ្យអាជ្ញាធររកកន្លែងផ្សេង ឬ កំណត់ទីតាំងដល់អ្នកលក់ដូរទាំងនោះឲ្យបានច្បាស់លាស់ ដើម្បីឲ្យអាជីវករទាំងនោះបន្តមានមុខរបរចិញ្ចឹមជីវិត។
លោកថ្លែងថា «ខ្ញុំគិតថាគួរតែរៀបចំ ចំពោះអ្នកក្រលក់ដូរតាមផ្លូវតូចតាចហ្នឹង គួរតែគូសគំនូស ឬធ្វើរបងសុវត្ថិភាពទៅ គូសគំនូសថាត្រឹមណាគាត់លក់បាន ត្រឹមណាលក់អត់បាន មិនមែនដេញហើយអត់ទទួលខុសត្រូវចឹងទេ។ គូសគំនូសឲ្យបានច្បាស់លាស់ទៅដើម្បីឲ្យគាត់លក់បាន ហើយមានរបៀបរៀបរយ ដូចស្រុកថៃ គេធ្វើបាន រឿងអីស្រុកយើងធ្វើអត់បាន មុននឹងរៀបចំសណ្តាប់ធ្នាប់ ដើម្បីរៀបចំឲ្យមានសណ្តាប់ធ្នាប់ល្អ ត្រូវតែមើលប្រទេសជិតខាងផង»។
សេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញកាលពីថ្ងៃទី៨ខែសីហា បានបញ្ជាឲ្យខណ្ឌទាំង១២ក្នុងរាជធានី ចុះផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ ក្នុងការប្រកបមុខរបរឲ្យបញ្ឈប់ ដោយបញ្ជាក់ហេតុផលថា ដើម្បីដោះស្រាយបញ្ហាចរាចរណ៍ លើកកម្ពស់កិត្តិយសជាតិ និងកាត់បន្ថយបានភាពអនាធិបតេយ្យតាមដងផ្លូវ៕