រដ្ឋមន្ត្រីសង្ឃឹមថាការប្រឡងបាក់ឌុបឆ្នាំនេះប្រសើរឡើង

ដោយ លោក ហួត វុទ្ធី​​ | ថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 8:52 AM | ការអប់រំ | 0 | 660 រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា លោក ហង់ ជួនណារ៉ុន

រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាថ្លែងថា ការរៀបចំប្រឡងសិស្សមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំនេះមានភាពកាន់តែប្រសើរឡើង ដោយសារដំណើរការប្រឡងមានស្តង់ដារដូចឆ្នាំមុន និងមានការសហការឃ្លាំមើលពីស្ថាប័នដៃគូមួយចំនួនទៀត។

នៅព្រឹកថ្ងៃចន្ទនេះ ជាថ្ងៃទី១នៃការចាប់ផ្តើមប្រឡង​ លោក ហង់ ជួនណារ៉ុន បានចូលរួមក្នុងពិធីបើកវិញ្ញាសានៅវិទ្យាល័យព្រះស៊ីសុវត្ថិរាជធានីភ្នំពេញ​ រួចបន្ត​ត្រួតពិនិត្យមើលដំណើរការប្រឡង​នៅតាមមណ្ឌលផ្សេងៗទៀត។ ​លោកមានប្រសាសន៍ថា ស្តង់ដារនៃការរៀបចំប្រឡងដូចឆ្នាំ មុនៗ គឺបានល្អប្រសើរ ដោយមានការសហការគ្នាជាមួយអង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា។

ប៉ុន្តែ​លោក ហង់ ជួនណារ៉ុន បន្ថែមថា លោកបារម្ភពីបញ្ហាភ្លៀង ហើយបើតាមការព្យាករណ៍អាចភ្លៀងនៅពេលល្ងាច ​ដូច្នេះក្រសួងសម្រួលឲ្យសិស្សអាចមកយឺត៣០នាទីបានក្នុងករណីមានភ្លៀងធំ។

សម័យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧ប្រព្រឹត្តទៅចំនួនពីរថ្ងៃគឺ ថ្ងៃទី២១និង២២ ខែសីហា ឆ្នាំ២០១៧។ ចំនួនសិស្សប្រឡងឆ្នាំនេះជាង១០ម៉ឺននាក់​ កើនជាង១០ ០០០នាក់បើធៀបឆ្នាំមុន​ និងមាន១៧៨មណ្ឌល ក្នុង២៥ខេត្តក្រុង។ ជាមួយគ្នានេះអង្គភាពប្រឆាំងអំពើពុករលួយបានដាក់អ្នកសង្កេតការចំនួន ៤ ៥៨៧នាក់ ហើយចំណែកឯសហភាពសហព័ន្ធយុវជនកម្ពុជា ៥៨៦នាក់ នៅទូទាំងប្រទេស៕

សរសេរមកកាន់ លោក ហួត វុទ្ធី តាមរយៈ hourtvuthy@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required