ជំនន់​ទឹក​ភ្លៀង​ខ្លាំង​ក្លា​សម្លាប់​មនុស្ស​ជាង ៧៥០​នាក់​​នៅ​អាស៊ី​ខាង​ត្បូង

មនុស្ស​ជាង ៧៥០​នាក់ បាន​ស្លាប់​នៅ​ក្នុង​ទឹក​ជំនន់​នៅ​ទូទាំង​តំបន់​អាស៊ី​ខាង​ត្បូង។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដោយ​បាន​ដក​ស្រង់​សម្ដី​ក្រុម​មន្ត្រី​។

AFP បាន​ចុះ​ផ្សាយ​បន្ត​ថា ភ្លៀង​រដូវ​វស្សា ក៏​កំពុង​តែ​បង្ក​ឲ្យ​សត្វ​​ស្លាប់​រាប់​រយ​ក្បាល​ផង​ដែរ ក្នុង​នោះ​មាន​ទាំង​សត្វ​រមាស និង​ខ្លា​ផង​ដែរ។

ចំនួន​អ្នក​ស្លាប់​កំពុង​កើន​ឡើង​យ៉ាង​លឿន​នៅ​ឥណ្ឌា នេប៉ាល់ និង​បង់ក្លាដែស បន្ទាប់​ពី​ទឹក​ជំនន់​ជា​បន្ត​បន្ទាប់ ចាប់​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​សីហា​នេះ ខណៈ​ភ្លៀង​រដូវ​វស្សា​កំពុង​វាយ​ប្រហារ​ផ្នែក​ភាគ​ខាង​ជើង និង​ភាគ​ខាង​កើត​​នៃ​តំបន់​នេះ។

មន្ត្រី​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​នៅ​រដ្ឋ​ប៊ីហា​របស់​ឥណ្ឌា បាន​ឲ្យ​ដឹង​ថា សព​ជិត ៥០​នាក់​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​រដ្ឋ​ប៊ីហា នៅ​ភាគ​ខាង​កើត​ប្រទេស​ឥណ្ឌា ដែល​នាំ​ឲ្យ​អ្នក​ស្លាប់​នៅ​ក្នុង​រដ្ឋ​នេះ កើន​ឡើង​ដល់​ចំនួន ២៥៣​នាក់។

នៅ​ឯ​ប្រទេស​នេប៉ាល់ មនុស្ស ១៤៣​នាក់​បាន​ស្លាប់ ហើយ ៣០​នាក់​ទៀត​កំពុង​បាត់​ខ្លួន​នៅ​ឡើយ បន្ទាប់​ពី​ទឹក​ជំនន់​បាន​បំផ្លាញ​ផ្ទះ​សម្បែង​ដល់​ទៅ​ជិត ៨​ម៉ឺន​កន្លែង។

ភ្លៀង​ខ្លាំង​ខ្លាំង​ក្លា​ក៏​បាន​សម្លាប់​ជីវិត​សត្វ​ព្រៃ​របស់​ឥណ្ឌា​កាន់​តែ​ច្រើន​ផង​ដែរ ដោយ​ក្រុម​ជួយ​សង្គ្រោះ​កំពុង​ទាញ​យក​សត្វ​ព្រៃ​ទាំង​នោះ​ចេញ​ពី​ទឹក​ជំនន់ នៅ​ឧទ្យាន​ជាតិ​ខាស៊ីរ៉ានកា។

មន្ត្រី​គ្រប់​គ្រង​ឧទ្យាន​ជាតិ​នេះ បាន​ឲ្យ​ដឹង​ថា សត្វ​ព្រៃ ២២៥​ក្បាល ត្រូវ​បាន​គេ​រក​ឃើញ​ថា​ស្លាប់​ចាប់​តាំង​ពី​ថ្ងៃ​ទី​១២ ខែ​សីហា ក្នុង​នោះ​មាន​ទាំង​រមាស ១៥​ក្បាល​ផង​ដែរ។

ក្ដាន់​ជិត ២០០​ក្បាល ដំរី ៤​ក្បាល ខ្លា​ឃ្មុំ​ព្រៃ ៤​ក្បាល ក្របី​ព្រៃ​ ២​ក្បាល និង​កាំប្រម៉ា​មួយ​ក្បាល ក៏​ស្ថិត​ក្នុង​ចំណោម​សត្វ​ព្រៃ​ដែល​ស្លាប់​នៅ​ក្នុង​ឧទ្យាន​ជាតិ​នេះ​ផង​ដែរ។

នៅ​ទូទាំង​រដ្ឋ​អាសាម និង​បេងកាល់​ខាង​លិច មនុស្ស ១២២​នាក់ បាន​ស្លាប់ ខណៈ​ដែល​មនុស្ស ៦៩​នាក់ បាន​ស្លាប់​នៅ​ឯ​រដ្ឋ​ឧត្ដរ​ប្រាដែស៕

ភ្លៀង​ធ្លាក់​ដ៏​ខ្លាំង​ក៏​បាន​បង្ក​ជា​ការ​រអិល​បាក់ដី លេប​ត្របាក់​រថយន្ត​ក្រុង ២​គ្រឿង ដែល​បាន​សម្លាប់​មនុស្ស ៥៤​នាក់ នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​ឥណ្ឌា។

នៅ​ឯ​ប្រទេស​បង់ក្លាដែស​ឯណោះ​វិញ មនុស្ស ១១៥​នាក់ បាន​ស្លាប់ ហើយ ៥.៧​លាន​នាក់​ទៀត បាន​រង​ផល​ប៉ះ​ពាល់​ដោយសារ​ភ្លៀង​ធ្លាក់​ដ៏​ជោគ​ជាំ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ