បាតុករ​រាប់​ពាន់​នាក់​ចេញ​តវ៉ា​នៅ​ទីក្រុង​ហុងកុង​ជុំ​វិញ​ការ​ចាប់​ខ្លួន​សកម្មជន​ប្រជា​ធិបតេយ្យ

មនុស្ស​ដល់​ទៅ ១​ម៉ឺន​នាក់ បាន​ចុះ​ផ្លូវ​តវ៉ា​នៅ​ទីក្រុង​ហុងកុង កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដើម្បី​តវ៉ា​ជំទាស់​នឹង​ការ​ឃុំ​ខ្លួន​សកម្មជន​ប្រជាធិបតេយ្យ​វ័យ​ក្មេង ៣​នាក់ ដោយ​ក្រុម​បាតុករ​បាន​ចោទ​សួរ​ពី​ឯករាជ្យភាព​របស់​តុលាការ​នៅ​ទីក្រុង​មួយ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​ផ្សាយ​បន្ត​ថា យុវជន ចូហួ វ៉ុង អាយុ ២០​ឆ្នាំ យុវជន ណាថាន់ ឡូវ អាយុ ២៤​ឆ្នាំ និង​យុវជន អាឡិច ចូវ អាយុ ២៧​ឆ្នាំ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី ៦ ទៅ ៨​ខែ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន សម្រាប់​ការ​ប្រមូល​ផ្ដុំ​ដោយ​ខុស​ច្បាប់ ដែលការ​សម្រេច​នេះ​ប្រៀប​បាន​នឹង​ខ្យល់​ព្យុះ​បោក​បក់​លើ​ចលនា​ដឹកនាំ​ដោយ​យុវជន​សម្រាប់​ជំរុញ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជា​សកល និង​ជំរុញ​ឲ្យ​មាន​ការ​ចោទ​ថា មាន​ការ​លូក​លាន់​ខាង​នយោបាយ។

មនុស្ស​រាប់​ពាន់​នាក់ បាន​ដើរ​ក្បួន​នៅ​ក្រោម​អាកាស​ធាតុ​ជាង ៣០​អង្សា ធ្វើ​ដំណើរ​ទៅ​តុលាការ​កំពូល ដោយ​កាន់​ទៅ​ជាមួយ​នូវ​ផ្ទាំង​ប៉ាណូ និង​បដា បរិហារ​ការ​ចាប់​ដាក់​ឃុំ​សកម្មជន​ទាំង ៣រូប​នេះ។

អតីត​មេដឹកនាំ​និស្សិត យុវជន ឡេស្ទ័រ ហ្សុម ដែល​បាន​ជួយ​រៀបចំ​ការ​ប្រមូល​ផ្ដុំ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​និយាយ​ថា ចំនួន​បាតុករ​មាន​ចំនួន​ច្រើន​បំផុត គិត​ចាប់​តាំង​ពី​​បាតុកម្ម​គាំ​ទ្រលទ្ធិ​ប្រជាធិបតេយ្យ​របស់​ “ចលនា​ឆ័ត្រ” នៅ​ក្នុង​ឆ្នាំ​២០១៤​កន្លង​មក ដែល​បាន​បិទ​ផ្លូវ​ធំៗ​នៅ​ក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​មួយ​នេះ​អស់​រយៈ​ពេល ៧៩​ថ្ងៃ។

ប៉ូលិស​ហុងកុង បាន​ប៉ាន់​ប្រមាណ​ថា មនុស្ស​ប្រហែល ២​ម៉ឺន ២​ពាន់​នាក់ បាន​បង្ហាញ​ខ្លួន​នៅ​អំឡុង​ការ​ប្រមូល​ផ្ដុំ​នេះ។

ក្រុម​បាតុករ​បាន​លើក​បដា​ដែល​និយាយ​ថា វា​មិន​មែន​ជា​បទ​ល្មើស​នោះ​ទេ​ដែល​ប្រឆាំង​នឹង​របប​ផ្ដាច់​ការ​នោះ។ ពួកគេ​បាន​ស្រែក​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ទោស​នយោបាយ​ទាំង​អស់ ដោះ​លែង​ជន​ស៊ីវិល ដោយ​ថា ពួកគេ​មិន​ខ្លាច​រអា​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ