មនុស្សដល់ទៅ ១ម៉ឺននាក់ បានចុះផ្លូវតវ៉ានៅទីក្រុងហុងកុង កាលពីថ្ងៃម្សិលមិញនេះ ដើម្បីតវ៉ាជំទាស់នឹងការឃុំខ្លួនសកម្មជនប្រជាធិបតេយ្យវ័យក្មេង ៣នាក់ ដោយក្រុមបាតុករបានចោទសួរពីឯករាជ្យភាពរបស់តុលាការនៅទីក្រុងមួយនេះ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
Reuters បានផ្សាយបន្តថា យុវជន ចូហួ វ៉ុង អាយុ ២០ឆ្នាំ យុវជន ណាថាន់ ឡូវ អាយុ ២៤ឆ្នាំ និងយុវជន អាឡិច ចូវ អាយុ ២៧ឆ្នាំ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពី ៦ ទៅ ៨ខែ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន សម្រាប់ការប្រមូលផ្ដុំដោយខុសច្បាប់ ដែលការសម្រេចនេះប្រៀបបាននឹងខ្យល់ព្យុះបោកបក់លើចលនាដឹកនាំដោយយុវជនសម្រាប់ជំរុញឲ្យមានការបោះឆ្នោតជាសកល និងជំរុញឲ្យមានការចោទថា មានការលូកលាន់ខាងនយោបាយ។
មនុស្សរាប់ពាន់នាក់ បានដើរក្បួននៅក្រោមអាកាសធាតុជាង ៣០អង្សា ធ្វើដំណើរទៅតុលាការកំពូល ដោយកាន់ទៅជាមួយនូវផ្ទាំងប៉ាណូ និងបដា បរិហារការចាប់ដាក់ឃុំសកម្មជនទាំង ៤រូបនេះ។
អតីតមេដឹកនាំនិស្សិត យុវជន ឡេស្ទ័រ ហ្សុម ដែលបានជួយរៀបចំការប្រមូលផ្ដុំកាលពីថ្ងៃម្សិលមិញនេះ បាននិយាយថា ចំនួនបាតុករមានចំនួនច្រើនបំផុត គិតចាប់តាំងពីបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ “ចលនាឆ័ត្រ” នៅក្នុងឆ្នាំ២០១៤កន្លងមក ដែលបានបិទផ្លូវធំៗនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះអស់រយៈពេល ៧៩ថ្ងៃ។
ប៉ូលិសហុងកុង បានប៉ាន់ប្រមាណថា មនុស្សប្រហែល ២ម៉ឺន ២ពាន់នាក់ បានបង្ហាញខ្លួននៅអំឡុងការប្រមូលផ្ដុំនេះ។
ក្រុមបាតុករបានលើកបដាដែលនិយាយថា វាមិនមែនជាបទល្មើសនោះទេដែលប្រឆាំងនឹងរបបផ្ដាច់ការនោះ។ ពួកគេបានស្រែកទាមទារឲ្យដោះលែងអ្នកទោសនយោបាយទាំងអស់ ដោះលែងជនស៊ីវិល ដោយថា ពួកគេមិនខ្លាចរអានោះឡើយ៕