រដ្ឋសភាបញ្ជូនសំណើរបស់បក្សប្រឆាំង ករណីសុំកែច្បាប់បោះឆ្នោត

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា

មន្ត្រីជាន់ខ្ពស់រដ្ឋសភាឲ្យដឹងថា នៅថ្ងៃចន្ទទី២១សីហានេះ រដ្ឋសភាបានយល់ព្រមឲ្យគណៈកម្មាការអចិន្ត្រៃយ៍ពិចារណាលើសំណើរបស់គណបក្សប្រឆាំង ដែលសុំឲ្យធ្វើវិសោធនកម្មច្បាប់ស្ដីពី «ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ» ដោយទាមទារពលករចំណាកស្រុកមានសិទ្ធិចុះឈ្មោះបោះឆ្នោត។

កាលពីថ្ងៃទី១១ខែសីហាឆ្នាំ២០១៧ សមាជិកសភាគណបក្សប្រឆាំងចំនួន៣៣រូប បានស្នើទៅប្រធានរដ្ឋសភា លោក ហេង សំរិន ទទួលយកទៅពិនិត្យនិងអនុម័តនូវមាត្រាចំនួន៣ ដោយថា ដើម្បីរៀបចំការចុះឈ្មោះនិងការបោះឆ្នោត ដល់ពលករខ្មែរ កំពុងរស់នៅនិងធ្វើការនៅក្រៅប្រទេស។

ករណីនេះ អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង មានប្រសាសន៍បន្ថែមថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា សម្រេចបញ្ជូនសេចក្ដីស្នើច្បាប់ស្ដីពីវិសោធនកម្ម ច្បាប់ស្ដីពីការជ្រើសរើសតំណាងរាស្ត្រ ទៅគណៈកម្មាការទី៦ ដែលទទួលបន្ទុកផ្នែកនីតិកម្មនិងយុត្តិធម៌ ដើម្បីធ្វើការសិក្សាស្រាវជ្រាវជាមុនសិន មុននឹងធ្វើសេចក្ដីសម្រេច។

លោកមានប្រសាសន៍ថា៖ «គណៈកម្មការជំនាញ និងគណៈកម្មការទី៦ នឹងសិក្សាស្រាវជ្រាវ ធ្វើវិភាគ វាយតម្លៃ ហើយបញ្ជូនលទ្ធផល នៃការសន្និដ្ឋានរបស់ខ្លួនជូនគណៈកម្មាធិការអន្ត្រៃយ៍វិញ ដើម្បីសម្រេចទៅតាមនីតិវិធី»។

មន្ដ្រីជាន់ខ្ពស់​​ផ្នែក​អង្កេត​នៅអង្គការ​ឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល លោក កន សាវាង្ស មានប្រសាសន៍ថា នេះជាសញ្ញវិជ្ជមាន នៅពេលរដ្ឋសភាសម្រេចទទួលយកនិងបញ្ជូនសំណើរបស់គណបក្សប្រឆាំងទៅឲ្យគណៈកម្មាការទី៦ដើម្បីពិនិត្យនេះ ហើយលោកក៏នឹងតាមដានរឿងនេះបន្តទៀត។

លោកថា៖ «ខ្ញុំសង្ឃឹមថា គណៈកម្មាការរដ្ឋសភា នឹងធ្វើការជជែកបានល្អិតល្អិន ហើយនឹងធ្វើការបើកផ្លូវ ទោះបីដំណើរការនេះ មិនអាចមានការបោះឆ្នោត មិនអាចមានការចុះឈ្មោះបោះឆ្នោតទាន់នៅក្នុងឆ្នាំ២០១៧នេះក៏ដោយ យ៉ាងហោចណាស់ក៏មានការបើកផ្លូវសម្រាប់ការចុះឈ្មោះឆ្នាំ២០១៨ ឬខាងមុខនេះទៀតដែរ។ យើងគិតថា​ដំណើរការចុះឈ្មោះនៅសល់១អាទិត្យ​ ឬ២អាទិត្យទៀត ​យើងឃើញថា អាចមានការយឺតយ៉ាវខ្លះ ហើយប្រសិនបើជាទាន់ ក៏ជាការប្រសើរដែរ។ យើងសង្ឃឹមថា​ ឲ្យមានការបើកផ្លូវ យ៉ាងហោចណាក៏មានការបើកដែរ»។

ចំពោះអ្ន​​កតាមដានស្ថានការណ៍នយោបាយ លោកបណ្ឌិត មាស នី មានប្រសាសន៍ថា សេចក្តីស្នើវិសោធនកម្មច្បាប់បោះឆ្នោតនេះ អាចធ្វើទៅបាន គឺវាអាស្រ័យទៅលើឆន្ទៈរបស់គណបក្សកាន់អំណាច ប៉ុន្តែលោកយល់ថា គណបក្សប្រជាជន មិនអាចធ្វើទៅតាមការស្នើសុំរបស់បក្សប្រឆាំងទេ​ ដរាបណាពួកគេគិតថា ពលករនៅក្រៅប្រទេសភាគច្រើន មិនគាំទ្រគណបក្សខ្លួននោះ។

លោកថា៖ «ការអនុម័តច្បាប់សព្វថ្ងៃនេះ វាហាក់នៅក្នុងដៃ​របស់គណបក្សកាន់អំណាចទាំងស្រុងហើយ បើសិនគណបក្សកាន់ធ្វើក៏ធ្វើបាន តែបើគណបក្សកាន់អំណាចមិនចង់ធ្វើគឺស្អីៗ មិនអាចធ្វើទៅកើតដែរ…ចឹងច្បាប់នេះ គឺនឹងអាចទៅរួច អាស្រ័យទៅលើឆន្ទៈរបស់ គណបក្សកាន់អំណាចផងដែរ ហើយខ្ញុំយល់ថា បើសិនជាគណបក្សកាន់អំណាចមិនទាន់មានទំនុកចិត្ត ក្នុងការស្វែងរកការគាំទ្រក្នុងចំណោមពលករ​ខ្មែរដែលនៅក្រៅទេ ច្បាប់នេះគឺមានការពិបាកអនុម័តបន្តិច នៅក្នុងការធ្វើវិសោធនកម្ម ខ្ញុំគិតថា នឹងមិនមានការយល់ព្រមពីគណបក្សកាន់អំណាច»។

កាលពីថ្ងៃទី៣១កក្កដាឆ្នាំ២០១៧ លោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប បានគូសបញ្ជាក់ថា បើសិនចង់ឲ្យពលករខ្មែរ អាចចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេស គឺលុះត្រាតែមានការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ត្រង់មាត្រា៣៨និងមាត្រា៣៩ជាមុនសិន។

បើតាមសេចក្ដីប្រកាស គ.ជ.ប នឹងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ ចាប់ពីថ្ងៃទី១កញ្ញា រហូតដល់ថ្ងៃទី៩វិច្ឆិកាឆ្នាំ២០១៧ ពោលគឺធ្វើឡើងមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។

បើតាម គ.ជ.ប ពលរដ្ឋខ្មែរជាង១លាន៤សែននាក់ទៀត នៅមិនទាន់ចុះឈ្មោះបោះឆ្នោតនៅឡើយ រួមមាន ពលរដ្ឋទើបគ្រប់អាយុបោះឆ្នោត ពលរដ្ឋមានសិទ្ធិបោះឆ្នោត តែមិនទាន់បានចុះឈ្មោះ និងករណីផ្លាស់ទីលំនៅ ឬទីសំណាក់ចូលថ្មី ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ