លិខិត​មិត្ត​អ្នក​អាន៖ សម្តី​សជាតិ ​មារយាទ​សពូជ

ដោយ VOD Admin​​ | ថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០១៦​ ម៉ោង 9:39 AM | លិខិតមិត្តអ្នកអាន | 0 | 2429 ការផាកពិន័យចរាចរណ៍នាពេលកន្លងមក (មាស មុនី)

សូមនិទានកាលព្រះពុទ្ធបរមគ្រូនៃយើងទ្រង់និមន្តបិណ្ឌបាតនៅក្នុងភូមិមួយបានជួបយុវជនឈាមរាវម្នាក់។ ដោយសារខ្លួនមានភាពអស្មិមានៈ

យុវជននោះបាននិយាយទាំងគំរោះគំរើយទៅកាន់ព្រះពុទ្ធអង្គថា៖ “លោកឯងជាមនុស្សបោកប្រាស់ភូតកុហក។ លោកឯងគ្មានសិទ្ធិមកបង្រៀនគេទេ ព្រោះលោកឯងក៏ល្ងង់ខ្លៅដូចគេឯងដែរ”។ ព្រះពុទ្ធអង្គតបតដោយភាពស្ងប់ស្ងៀមថា៖ “តថាគតសូមសួរសំណួរមួយដល់ញោម ឧបមាថា ញោមទិញអំណោយអ្វីមួយឲ្យអ្នកដទៃ តែអ្នកដទៃមិនទទួលយក តើអំណោយនោះនឹងធ្លាក់ទៅក្នុងដៃអ្នកណា?” យុវជននោះតបថា៖ “ប្រាកដជាធ្លាក់មកក្នុងដៃខ្ញុំវិញហើយ ព្រោះខ្ញុំជាអ្នកទិញ”។ ព្រះពុទ្ធអង្គញញឹម រួចទូន្មានថា៖ “ញោមឃើញទេ ភាពក្រេវក្រោធ និងការប្រមាថមាក់ងាយរបស់ញោមចំពោះតថាគត ប្រៀបដូចអំណោយនោះអញ្ចឹង។ បើតថាគតមិនតបតវិញ ភាពក្រេវក្រោធ និងការប្រមាថមាក់ងាយរបស់ញោមប្រាកដជាធ្លាក់មកលើខ្លួនវិញទេ”។

តាមរយៈឧទាហរណ៍មួយនេះធ្វើឲ្យយល់បានថា ភាពអស្មិមានៈ អំពើហិង្សា ការគំរាមកំហែងរបស់បុគ្គលមានអំណាចនឹងធ្លាក់មកលើខ្លួនឯងនៅថ្ងៃណាមួយមិនខាន។ មានអ្នកជំនាញចិត្តសាស្រ្តនានាតែងតែលើកឡើងថា បើចង់ដឹងចរិតពិតរបស់មនុស្សណាម្នាក់ គេឲ្យសម្គាល់មើលអាកប្បកិរិយា កាយវិការ និងការនិយាយស្តី ពេលដែលមនុស្សនោះផ្ទុះកំហឹង។ បើចង់ដឹងថា បុគ្គលណាម្នាក់ស្រឡាញ់ធម៌ហិង្សា ឬអហិង្សា គេឲ្យសម្គាល់មើលថាតើពេលមានបញ្ហាកើតឡើង បុគ្គលនោះនឹងជ្រើសរើសវិធីសាស្រ្តបែបហិង្សាឬអហិង្សាមកប្រើ។ បើចង់ដឹងថា ជនណាម្នាក់មានឬគ្មានការសន្ដោសប្រោសប្រណីចំពោះអ្នកដទៃ គេឲ្យសម្គាល់មើលពេលជននោះមានប្រៀបលើគូបដិបក្ខ ថាតើគាត់ទុកលទ្ធភាពឲ្យគូបដិបក្ខបានធូរស្រាលឬគាត់ដេញទាន់ជាន់កែង (ជាន់កដកស្លាប) តាមកម្ទេចដល់ទីបំផុត។

ក្នុងនាមជាថ្នាក់ដឹកនាំកំពូល ជាបុគ្គលសាធារណៈ ជាមនុស្សមានឥទ្ធិពល ជាអ្នកបង្ហាញភាពគំរូដល់សាធារណជន ជាអ្នកបង្រៀន និងជាអ្នកសាបព្រួសទៅលើសង្គម បុគ្គលរូបនោះត្រូវប្រុងប្រយ័ត្នគ្រប់កាយវិការទាំងអស់ រាប់តាំងពីដេកដើរឈរអង្គុយនិយាយស្តី។ បើគាត់និយាយសម្តីអាមឹងទៅឲ្យមនុស្ស១០លាននាក់ស្តាប់ ប្រាកដជាមានមនុស្សរាប់សែននាក់នឹងយកភាសានេះទៅនិយាយឆ្លងឆ្លើយគ្នា ហើយសង្គមមួយនេះពោរពេញដោយភាពហិង្សាមិនខាន។ យើងទាំងអស់គ្នាឃើញជាក់ស្តែងហើយ ជាង៣០ឆ្នាំមកនេះ នៅពេលដែលថ្នាក់ដឹកនាំបង្ហាញអាកប្បកិរិយាទ្រើសឃ្នង និយាយស្តីប្រមាថកាតទានមនុស្សជុំវិញ និង គំរាមចាប់ចងដាក់គុកច្រវាក់។ល។និង។ល។ សង្គមខ្មែរទាំងមូលពោរពេញដោយអំពើហិង្សា បាត់បង់អស់នូវអ្វីដែលជាភាពផូរផង់ដែលបានកត់ត្រាថា ខ្មែរជាអំបូរសុភាពរាបសារ ថ្លៃថ្នូរ មានភាពសន្ដោសប្រណី ជួយគ្នាទៅវិញទៅមក មិនចេះចងគំនុំគុំគួន។

ម្យ៉ាងទៀត បើមេដឹកនាំប្រកបដោយឥរិយាហិង្សា ពួកបរិវារក៏ត្រូវសម្របខ្លួនធ្វើជាមនុស្សកោងកាចដែរ ដើម្បីកុំឲ្យមេថាជាមនុស្សកំសាកញី ខ្លាចគេមិនយកទៅប្រើ។ តាមរយៈរឿងកំប្លែងមួយចំនួនដែលឲ្យកេ្មងដើរតួជាឪពុកម្តាយ ហើយមនុស្សចាស់ជាកូនត្រូវម្តាយវាយសំពងពេញឆាក។ អ្នកមើលនាំគ្នាសើចគិលសប្បាយណាស់។ តែមិនដឹងថា វានឹងបណ្តាលឲ្យមានវិបត្តិដោយសារអំពើអសីលធម៌បែបនោះឯង។

មានអាម៉ីអាថោងខ្លះខំស្រែកយកចិត្តមេថា មេបក្សប្រឆាំងស្រេកឃ្លានអំណាចឡើងចង់ឆ្កួត រហូតហ៊ានយកឈាមប្រជាពលរដ្ឋមកធ្វើជាឈ្នាន់ដើម្បីឈានទៅរកអំណាច (sic!)។ នៅពេលពុំមានការតបត វាហាក់ដូចជាអាម៉ីអាថោងអស់នោះកំពុងនិយាយប្រាប់សាធារណជនថា មេរបស់គាត់កំពុងស្រេកឃ្លានការពារអំណាចឡើងចង់ឆ្កួតហើយ រហូតហ៊ានសម្លាប់ប្រជាពលរដ្ឋខ្លួនដើម្បីរក្សាអំណាចរបស់ខ្លួនទៀតផង។

អ្នកខ្លះមានសារជាតិជាមនុស្សមានគុណធម៌ ស្គាល់បុណ្យបាប ដឹងខុសត្រូវ សុខចិត្តដកខ្លួនចេញឲ្យឆ្ងាយពីមេដឹកនាំនិយមហិង្សា ព្រោះពួកគាត់យល់ថា រស់នៅក្បែរមេដឹកនាំរបៀបនេះអាយុមិនវែងទេ។ មិនដឹងថ្ងៃណាគាត់ទាស់ចិត្ត ចាប់យើងដាក់គុកដាក់ច្រវាក់ពេលណាក៏មិនដឹងផង។

ទោះបីមានអំណាចយ៉ាងណា អាចយកឈ្នះមនុស្សគ្រប់គ្នាដោយកម្លាំងក៏ដោយចុះ តែមេដឹកនាំជំពូកនេះរមែងតែងជួបនឹងបរាជ័យពីរយ៉ាងគឺ៖

ទី១ មិនអាចឈ្នះបានទឹកចិត្តគោរពស្រឡាញ់ពីប្រជារាស្រ្តរបស់ខ្លួនទេ។ សម្តេចព្រះបរមកោដ្ឋព្រះវររាជបិតា នរោត្តម សីហនុ ទ្រង់បានទទួលជោគជ័យនាជីវិតចុងក្រោយរបស់ព្រះអង្គ ព្រោះមានប្រជារាស្រ្តរាប់លាននាក់សោកស្តាយអាឡោះអាល័យ។ ព្រោះកាលនៅមានព្រះជន្ម ព្រះអង្គបង្ហាញភាពសន្ដោសប្រោសប្រណី និង បង្ហាញធម៌អហិង្សា និង ការនិយាយស្តីពោរពេញដោយភាពថ្លៃថ្នូរ។

ទី២ អ្នកដឹកនាំប្រភេទនោះពុំមានសេចក្តីសុខស្ងប់ក្នុងចិត្តរហូតដល់ថ្ងៃស្លាប់ ដោយសារតែគំនិតអស្មិមានៈថា អំណាចនេះជារបស់អញ អ្នកណាមកដណ្តើមយកមិនបានទេ អញត្រូវតែការពារឲ្យបានដល់ទីបំផុត។ ដោយសារតែរវល់ពីរឿងនេះពេក ភ្លេចអស់ហើយនូវសុខទុក្ខរបស់ប្រជាពលរដ្ឋ។ បើរាស្រ្តក្តៅក្រហាយ គាត់ខ្លួនឯងក៏មានភាពស្លន់ស្លោរដែរ។ ទេវទត្តដែលជាស្តេចចក្រពត្តិនៅសម័យពុទ្ធកាលក៏គង់ត្រូវស្លាប់ដោយសារព្រះធរណីស្រូបដែរ។ មានតែព្រះធម៌ទេទើបជួយយើងបាន ទោះបីអង្គុលីមា ឬព្រះបាទអសោក ក៏ងាកមករកព្រះធម៌ដែរ។

ទោះខ្លាំងយ៉ាងណា ពូកែប៉ុណ្ណា ទីបំផុតរបស់មនុស្សម្នាក់គឺនៅពេលមានជរាព្យាធិមរណៈមកតាមយីយាដែរ។ នេះហើយជាភាពសច្ចៈនៃសង្សារវដ្ត។ ហេតុនេះមនុស្សគ្រប់រូបគួរចងចាំពុទ្ធោវាទដ៏ពិសិដ្ឋរបស់ព្រះពុទ្ធជាម្ចាស់ដែលទ្រង់ត្រាស់សម្តែងថា៖ “នត្ថិ សន្តិ បរំ សុខំ” (“ពុំមានសេចក្តីសុខណាស្មើនឹងសេចក្តីសុខស្ងប់ឡើយ”)៕

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required