សាលារាជធានីភ្នំពេញមិនអនុញ្ញាតឲ្យយកទីលានប្រជាធិបតេយ្យធ្វើពិធីរំលឹកខួបក្រុងប៉ារីស

ទិដ្ឋភាពទីលានប្រជាធិបតេយ្យកាលពីពេលកន្លងទៅ

សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យគណបក្សសង្រ្គោះជាតិយកទីលានប្រជាធិបតេយ្យប្រារព្ធពិធីរំលឹកខួបលើកទី២៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលា ខាងមុខនេះទេ។

នៅក្នុងលិខិតជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី២១ ខែតុលា នេះ សាលារាជធានី លើកយកហេតុផលថា ការដែលអាជ្ញាធរមិនអនុញ្ញាត ដោយគណបក្សប្រឆាំងនឹងលើកប្រធានបទ«មិនសមស្រប»

ក្នុងលិខិតជូនដំណឹង៖ «ដោយសាលារាជធានីយល់ឃើញថា ខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ត្រូវបានសភាធម្មនុញ្ញរៀបចំជាធាតុផ្សំចូក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជណាចក្រកម្ពុជា និងបានប្រកាសឲ្យប្រើប្រាស់ចាប់តាំងពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ននេះ»

ប៉ុន្តែសាលារាជធានី ផ្តល់យោបល់ថា ការបា្ររព្ធពិធីនេះ អាចធ្វើនៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ ឬរកទីតាំងឯកជនសមស្របណាមួយ។

តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិលោក ហូរ វ៉ាន់ មានប្រសាសន៍ថា ការបដិសេធរបស់អាជ្ញាធរមិនមានហេតុផលសមរម្យនោះទេ។

លោកថា៖ «ខ្ញុំគ្រាន់តែយល់ថា ដូចជាខ្លាចសម្រោលខ្លួនឯងម៉េចមិនដឹងទេ ពីព្រោះថាធ្វើនៅទីលានប្រជាធិបេតយ្យ ជាទីវាមួយសមរម្យ អាចដាក់មនុស្សបានច្រើន ហើយមិនប៉ះពាល់ដល់របៀបរៀបរយសណ្ដាប់ធ្នាប់នៅក្នុងរាជធានី មិនគួរមិនអនុញ្ញាតទេ។ ប៉ុន្តែយើងមែនទែទៅ យើងមិនបានសុំការអនុញ្ញាត ឬមិនអនុញ្ញាតដែរមែនទែទៅ យើងគ្រាន់តែជូនដំណឹងទេ ប៉ុន្តែគាត់ហាក់ដូចជាឆ្លើយតប តាមការយល់ឃើញសាលាក្រុងទៅវិញ។ ដូច្នេះក្រោយពីទទួលលិខិតយើងខ្ញុំនឹងប្រជុំពិចារណា ហើយនិងសម្រេចឲ្យបានឆាប់»

ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូ លោក អំ សំអាត ចាត់ទុកការបដិសេធនេះ ជាការបំបិតសិទ្ធិសេរីភាពក្នុងការប្រមូលផ្ដុំ ព្រោះទីលានប្រជាធិបតេយ្យ គឺជាកន្លែងមួយ ដែលរដ្ឋាភិបាលទុកសម្រាប់ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។

លោកថា៖ «ដោយសារស្ថានភាពនយោបាយ តានតឹងខ្លាំង ហើយចឹងទៅចេះតែព្រួយបារម្ភ ទាក់ទងហ្នឹងបញ្ហានយោបាយ បញ្ហាគណបក្សប្រឆាំងផ្សេងៗ ចឹងទៅបានជាមានការហាមឃាត។ បើយើងមើលជារូបភាពទូទៅ វាធ្វើឲ្យប៉ះពាល់ទៅដល់សិទ្ធិ និងការជួបជុំ ការប្រមូលផ្ដុំ និងការបញ្ចេញមតិ ពីព្រោះនេះ គេបានស្នើសុំ តែយើងបដិសេធ។ បើសិនគេធ្វើកន្លែងណាមួយថា គេធ្វើខុសច្បាប់ អាហ្នឹងវាជារឿងមួយ ដែរគួរតែពិចារណាឡើងវិញផងដែរ។ យើងគិតថា វាជាការប៉ះពាល់មួយធ្ងន់ធ្ងរ សិទ្ធិសេរីភាព ក្នុងការជួបជុំ ក្នុងការប្រមូលផ្ដុំ និងការបញ្ចេញមតិ»

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក មាស នី យល់ថា ការមិនអនុញ្ញាតនេះ ជារឿងនយោបាយច្រើនជាង ព្រោះនៅក្នុងច្បាប់មិនបានហាមឃាត់ប្រជាពលរដ្ឋ មិនឲ្យធ្វើការជួបជុំគ្នា ឬសម្ដែងមតិឡើយ ។ យ៉ាងក៏ដោយលោកថា  បើគ្រាន់តែពលរដ្ឋធ្វើការសម្ដែងមតិ ដោយមិនបានហែរក្បួនធ្វើអ្វីផ្សេងៗនោះ គឺវាមិនបានប៉ះពាល់ ដល់សណ្ដាប់ធ្នាប់សាធារណទេ។

លោកមានប្រសាសន៍ថា៖ «នយោបាយគឺថា លិខិតគណបក្សសង្គ្រោះជាតិ ម្ខាងគឺមិនចង់ឲ្យ ម្ខាងទៀតហ្នឹងរៀបចំស្អីដែលគេឃើញលេចធ្លោ ទី១ ការរៀបចំមិនបានបង្កភាពភ័យខ្លាចអី ហើយទី២ បើក្នុងច្បាប់ក៏អត់មានអាចហាមបានដែរ ច្បាប់មានសិទ្ធិក្នុងការប្រមូលផ្ដុំ។ ការមិនឲ្យធ្វើនេះគឺដោសារ ពឹងផ្អែកលក្ខខណ្ឌនៃនយោបាយ មិនឲ្យមានប្រៀបគ្នាទៅវិញទៅមក ពាក្យថាប្រៀបនេះមានន័យថា បើយើងមើលសព្វថ្ងៃគណបក្សកាន់អំណាចម្ខាងនោះ គេចុះដើរធ្វើស្អីៗបានស្រេចចិត្ត ក៏ប៉ុន្តែមកម្ខាងទៀតកាលណាចង់ធ្វើអី។ ទី១ បើមិនសុំគេ គឺគេថាយើងខុសច្បាប់ ហើយពេលសុំហើយគេមិនឲ្យទៀត នេះបង្ហាញថា អសមធម៌ក្នុងការធ្វើចលនានយោបាយនៅក្នុងស្រុកយើងហ្នឹង»

កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ គណបក្សសង្គ្រោះជាតិបានដាក់លិខិតជូនដំណឹងទៅសាលារាជធានីភ្នំពេញ ដើម្បីសុំបរិវេណទីលានប្រជាធិបតេយ្យបា្ររព្ធពិធីអបអរសាទខួបលើកទី២៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយស្នើឲ្យសាលារាជធានីភ្នំពេញការពារសន្តិសុខ និងសុវត្ថិភាពដែលគ្រោងមានអ្នកចូលរួមប្រមាណ ៧ ០០០នាក់ ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃ២៣ តុលា ១៩៩១ ត្រូវបានចុះហត្ថលេខា ដោយសមជិកអង្គការសហប្រជាជាតិ តំណាងដោយប្រទេសចំនួន១៨ រួមទាំងមហាអំណាចទាំងប្រាំ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ