សង្គមស៊ីវិលថាអាជ្ញាធមួយចំនួន មិនធ្វើ​លិខិតបញ្ជាក់ទីសំណាក់ចុងក្រោយឲ្យពលករជាការរើសអើង

ពលករខ្មែរតម្រង់ជួរគ្នាដើម្បីធ្វើលិខិតបែបបទចូលទៅធ្វើការនៅប្រទេសថៃ នាពេលកន្លងមក (រូបថត៖ បូ សាវី)

អ្នកឃ្លាំមើលការចុះឈ្មោះបោះឆ្នោតបានលើកឡើងថា អាជ្ញាធរមូលដ្ឋានមួយចំនួននៅក្នុងខេត្តចំនួន៣ជាប់ព្រំដែនកម្ពុជា-ថៃ មិនព្រមធ្វើលិខិតបញ្ជាក់ទីសំណាក់ចុងក្រោយឲ្យពលករចំណាកស្រុក សម្រាប់បំរើឲ្យការចុះឈ្មោះទេ ដោយចាត់ទុកករណីនេះថា ជាការរើសអើង។

ខេត្តទំាងនោះរួមមាន ខេត្តកោះកុង បាត់ដំបង និងខេត្តបន្ទាយមានជ័យ។

មន្ត្រីកម្មវិធីជាន់ខ្ពស់ផ្នែកអង្កេតនៅអង្គការខុមហ្វ្រែល លោក កន សាវ៉ាង នៅថ្ងៃសុក្រនេះបានពន្យល់ថា ពលករចំណាកស្រុកនៅក្រៅ និងក្នុងប្រទេសមានសិទ្ធិទៅចុះឈ្មោះបោះឆ្នោតនៅក្នុងទឹកដីកម្ពុជាទីណាក៏បាន ពោលនៅទីសំណាក់ចុងក្រោយ និងមានសាក្សីជួយធានា ដោយលោកថា ទោះជាទីសំណាក់នោះ ពលករសំណាក់មួយថ្ងៃ ក៏ពួកគេអាចចុះឈ្មោះបានដែរ។

ផ្ទុយទៅវិញ លោក កន សាវ៉ាង ថាបើអាជ្ញាធរមូលដ្ឋានមិនព្រមចេញលិខិតបញ្ជាក់ទីសំណាក់ចុងក្រោយឲ្យពលករខ្មែរចំណាកស្រុក ជាពិសេសនៅប្រទេសថៃ សម្រាប់យកទៅបំរើឲ្យការចុះឈ្មោះបោះឆ្នោតទេ លោកថានេះជាការរើសអើង និងការអនុវត្តច្បាប់មាន ស្តង់ដារពីរ ខណៈកងកំលំាងរក្សាសន្តិសុខដែល   រដ្ឋាភិបាលគ្រោងដាក់ពង្រាយនៅទូទំាងប្រទេស ដើម្បីការពារសុវត្ថិភាពនៅពេលចុះឈ្មោះ និងពេលបោះឆ្នោតនោះ ត្រូវបានអាជ្ញាធរព្រមចេញលិខិតបញ្ជាក់ទីសំណាក់ចុងក្រោយឲ្យទៅវិញ។

លោកថា៖ «គាត់ចង់បោះឆ្នោតនៅកន្លែងហ្នឹង អាជ្ញាធរត្រូវតែសម្រួលឲ្យគាត់ ព្រោះបើមិនសម្រួលឲ្យគេ (ពលករចំណាកស្រុក)ទេ ហេតុអីរឿងប៉ូលិស រឿងទាហ៊ានការពាររក្សាសន្តិសុខាគាត់ (អាជ្ញាធរមូលដ្ឋាន ចៅសង្កាត់)អាសម្រួលបាន ចុះហេតុអីដែលកម្មអត់សម្រួលបាន បើសិនជាអាជ្ញាធរអត់បញ្ជាក់ឲ្យដោយសារតែគាត់ជាកម្មករ នេះជាការរើសអើងមួយ ធ្វើហ្នឹងវាមានស្តង់ដារពីរ»

យ៉ាងណាក៏ដោយលោក កន សាវ៉ាង ថាលោកមិនទាន់ប្រមូលបានពីចំនួនពលករចំណាកស្រុកទំាងនោះប៉ុន្មាននាក់នៅឡើយ ដែលមិនបានចុះឈ្មោះបោះឆ្នោត ដោយលោកថា ក្រុមការងារកំពុងចុះស្រាវជ្រាវករណីនេះ មុននឹងធ្វើសំណើរទៅ គ.ជ.ប ឲ្យជួយអន្តរាគមន៍លើបញ្ហានេះផងដែរ។

ប្រធានមជ្ឈមណ្ឌលពលរដ្ឋអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា គ.ជ.ប ត្រូវចុះស្រាវជ្រាវលើករណីនេះ ដោយថាដើម្បីជួយសម្រួលឲ្យពួកគេបានចុះឈ្មោះបោះឆ្នោតបាន។

លោកថា៖ «រឿងសំខាន់បំផុត គឺ គ.ជ.ប ត្រូវតែណែនាំច្បាស់លាស់ (ណែនំាអាជ្ញាធរមូលដ្ឋានជាពិសេសចៅសង្កាត់)ព្រោះជាដែនសមត្ថកិច្ចមួយ ជាអំណាចរបស់ គ.ជ.ប ដែលត្រូវបញ្ជាទៅថ្នាក់ក្រោមត្រូវតែគិតពីបញ្ហាហ្នឹង ហើយក៏ត្រូវតែសម្រុះសម្រួលឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះ»

វីអូឌី មិនអាចសុំការបំភ្លឺជុំវិញករណីនេះពីអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានទេនៅថ្ងៃនេះ ដោយលោកថាជាប់រវល់។

នាយកប្រតិបត្តិអង្គការណិចហ្វិចលោក សំ គន្ធាមី យល់ថា ដើម្បីឲ្យការបោះឆ្នោតមានសេរី ត្រឹមត្រូវ និងយុត្តិធម៌ លោកថាលុះត្រាតែពលរដ្ឋខ្មែរគ្រប់អាយុទំាងអស់ជាពិសេសពលករចំណាកស្រុកដែលមានបំណងមកចុះឈ្មោះបោះឆ្នោតនៅក្បែរព្រំដែន បានទៅចុះឈ្មោះបោះឆ្នោតស្របតាមច្បាប់បោះឆ្នោត។

លោកថា៖ «បញ្ជីបោះឆ្នោតនឹងពេញលេញបាន លុះត្រាតែប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងបានចុះឈ្មោះទំាងអស់គ្នា អញ្ចឹងការបោះឆ្នោតក៏ជួបការលំបាកដែរ ព្រោះបញ្ជីបោះឆ្នោតជាផ្នែកមួយនៃដំណើរការបោះឆ្នោត បើបញ្ជីបោះឆ្នោតអត់ពេញលេញល្អ ដំណើរការបោះឆ្នោតអត់សូវល្អដែរ»

កាលពីពេលថ្មីៗនេះ គណបក្សសង្គ្រោះជាតិស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អន្តរាគមន៍សម្រួលឲ្យពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ អាចចុះឈ្មោះបោះឆ្នោតបាននៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ខណៈពួកគេប្រមាណ ៦០០នាក់ បានសុំចុះឈ្មោះនៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៩ និងថ្ងៃទី១៦ខែតុលា ប៉ុន្តែអាជ្ញាធរឃុំមិនព្រមចេញឯកសារបញ្ជាក់លំនៅឋាននៅក្នុងដែនដីនោះ។

បើតាមលោកស្រី មួរ សុខហួរ សមាជិកសភាខាងគណបក្សសង្គ្រោះជាតិប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា ពលករខ្មែរទាំងអស់ដែលកំពុងបម្រើការងារនៅថៃប្រមាណ ១លាន១សែននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ