គណបក្សប្រឆាំងមិនទទួលដីកាកោះហៅលោក សម រង្ស៊ី

ក្រុមសមត្ថកិច្ច យកដីការបស់តុលាការដែលកោះហៅលោក សម រង្ស៊ី

មន្រ្តីបក្សប្រឆាំងមិនទទួលយកដីការបស់តុលាការដែលកោះហៅលោក សម រង្ស៊ី ឲ្យចូលសវនាការ ដោយអះអាងថាមេបក្សនៅក្រៅប្រទេស។

សមត្ថកិច្ចខណ្ឌមានជ័យនៅព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា នេះ បានយកដីកា ទៅដាក់នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ប៉ុន្តែមន្ត្រីគណបក្សនេះមិនបាន ទទួលយកនោះទេ។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ មានប្រសាសន៍ថា មូលហេតុមិនបានទទួលយកដីកាពីក្រុមសមត្ថកិច្ច ដោយសារលោក សម រង្ស៊ី នៅក្រៅប្រទេស ម្យ៉ាងទៀត លោកថា គណបក្សសង្គ្រោះជាតិ មិនចាប់អារម្មណ៍រឿងបណ្តឹងលើលោក សម រង្ស៊ី នោះទេ ដោយថា ជារឿងនយោបាយ។

លោកបន្ថែមថា៖ «យើងអត់ចាប់អារម្មណ៍នឹងរឿងដីកាកោះហៅអីហ្នឹងទៀតទេ ព្រោះវាជារឿងស្ថិតនៅក្នុងកញ្ចប់បញ្ហានយោបាយទាំងអស់។ អញ្ចឹង យើងមិនខ្វល់ខ្វាយ ហើយរឿងបញ្ហាផ្សេងៗ ខ្ញុំជឿថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិកំពុងតែធ្វើការដោះស្រាយហើយ»

លោក សម រង្ស៊ី ជាប់បណ្តឹងក្នុងសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈ ដែលប្តឹងដោយមន្ត្រីគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីលោក សម រង្ស៊ី បង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានទិញចំនួនអ្នកចុចចូលចិត្ត ឬ ឡាយ៍ (LIKE) ក្លែងក្លាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក។

កាលពីថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ បានលើកពេលសវនាការជំនុំជម្រះលើសំណុំរឿងនេះ ទៅថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខដោយសារអវត្តមានតំណាងភាគីទាំងពីរ។

តំណាងលោក ហ៊ុន សែន បានប្តឹងទារសំណងជំងឺចិត្តពីលោក សម រង្ស៊ី ចំនួន២០លានរៀល។ ប៉ុន្តែលោក សម រង្ស៊ី ថាលោកមិនខ្វល់នឹងការប្តឹងនេះឡើយ។

គួរបញ្ជាក់ថាលោក សម រង្ស៊ី ក៏ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារ២ឆ្នាំ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង ដែលប្តឹងដោយលោក ហោ ណាំហុង អតីតរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បន្ទាប់ពីលោក សម រង្ស៊ី បានថ្លែងនៅឯសារមន្ទីរជើងឯកកាលពីឆ្នាំ២០០៨ ដោយនិយាយថាលោក ហោ ណាំហុង ជាអតីតមេគុកបឹងត្របែកសម័យខ្មែរក្រហម។

បន្ថែមពីនេះ លោកសម រង្ស៊ី ក៏ជាប់បណ្តឹងបរិហារកេរ្តិ៍ ដែលបានប្តឹងដោយលោក ហេង សំរិន ប្រធានរដ្ឋសភា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ