រដ្ឋាភិបាលកម្ពុជាត្រៀមទប់ស្កាត់មិនឲ្យលោក សម រង្ស៊ី ចូលស្រុក

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)

រដ្ឋាភិបាលកម្ពុជា បានរៀបចំផែនការជាស្រេចដើម្បីទប់ស្កាត់មិនឲ្យមេដឹកនាំគណបក្សប្រឆាំងឈានជើងជាន់ទឹកដីកម្ពុជាបានឡើយ ។ នេះបើតាមការផ្សព្វផ្សាយនៅហ្វេសប៊ុកលោក សម រង្ស៊ី នៅថ្ងៃសុក្រទី២១ខែតុលានេះ ដែលបានបង្ហោះសេចក្តីសម្រេចមួយរបស់ទីស្តីការគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី១២ ខែតុលា។

ក្នុងលិខិតដែលយោងតាមចំណារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងនោះ សមត្ថកិច្ចបានរៀបចំផែនការ៤ចំណុច ដើម្បីទប់ស្កាត់កុំឲ្យលោក សម រង្ស៊ី វិលមកកម្ពុជាវិញ។

វិធានការទី១ គឺប្រាប់ទៅក្រុមហ៊ុនយន្តហោះទាំងអស់ឲ្យហាមមិនឲ្យលោក សម រង្ស៊ីឡើងយន្តហោះមកកម្ពុជាឡើយ។

វិធានការទី២ ករណីដែលលោក សម រង្ស៊ី ធ្វើដំណើរមកកម្ពុជា តាមរយៈយន្តហោះណាមួយ ត្រូវបង្វែរឲ្យទៅកាន់កន្លែងដើមវិញ។

វិធានការទី៣ ករណីយន្តហោះដឹកលោក សម រង្ស៊ី ដល់អាកាសយាន្តដ្ឋានកម្ពុជាហើយ គឺមិនត្រូវឲ្យភ្ញៀវចាកចេញឡើយ និងត្រូវបញ្ជាហោះត្រឡប់ទៅអាកាសយាន្តដ្ឋានដើមវិញ។

វិធានការទី៤ ក្នុងករណី លោក សម រង្ស៊ី ចេញផុតយន្តហោះនៅកម្ពុជាហើយ នគរបាលអន្តោប្រវេសន៍ត្រូវចាត់វិធានការតាមច្បាប់។

នៅថ្ងៃទី២១ ខែតុលា នេះដែរ លោក សម រង្ស៊ី ក៏បានសរសេរលើហ្វេសប៊ុករបស់លោកថា៖ «គេហាមឃាត់មិនឲ្យខ្ញុំវិល ត្រឡប់មកប្រទេសកម្ពុជាវិញ»

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា លោកមិនបានដឹងពីលិខិតនោះទេ ដោយបង្វែរឲ្យទៅសួរ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី។ ប៉ុន្តែ វីអូឌី មិនទាន់អាចទាក់ទងលោក ផៃ ស៊ីផាន បានឡើយ ដើម្បីសុំការបញ្ជាក់បន្ថែម រហូតមកដល់ម៉ោងចុះផ្សាយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ