តុលាការថៃបញ្ជាឲ្យរឹបអូសទ្រព្យសម្បត្តិអតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់

អតីតនាយករដ្ឋមន្ត្រីថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (ប្រភពពី Reuters)

អតីតនាយករដ្ឋមន្ត្រីថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បានថ្លែងថា របបយោធាដែលបានទម្លាក់អ្នកស្រីពីតំណែង បានបញ្ជាឲ្យរឹបអូសទ្រព្យសម្បត្តិអ្នកស្រី និងពិន័យប្រាក់ ៣៥ពាន់លានបាត ឬប្រហែល ៩៩៦លានដុល្លារអាមេរិក ជុំវិញផែនការស្រូវអង្ករ ដែលអ្នករិះគន់និយាយថា បានធ្វើឲ្យខាត់បង់ប្រាក់រាប់ពាន់លានដុល្លារ។ ការថ្លែងដូច្នេះរបស់អ្នកស្រី យីងឡាក់ ត្រូវបានចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

បើតាម Reuters ផែនការស្រូវអង្ករ ដែលផ្ដល់តម្លៃដល់កសិករក្នុងកម្រិតខ្ពស់ជាងទីផ្សារនោះ គឺជាគោលនយោបាយរបស់រដ្ឋាភិបាលអ្នកស្រី យីងឡាក់ ហើយបានជួយឲ្យអ្នកស្រីឈ្នះការបោះឆ្នោតជាតិកាលពីឆ្នាំ២០១១កន្លងមក។

បន្ទាប់ពីអ្នកស្រី ត្រូវបានទម្លាក់ពីតំណែងនៅឆ្នាំ២០១៤មក អ្នកស្រី យីងឡាក់ ត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែស ដែលនាំឲ្យផែនការស្រូវអង្ករបរាជ័យ ហើយអ្នកស្រីកំពុងតស៊ូក្ដីនេះនៅតុលាការ។

អ្នកស្រី យីងឡាក់ បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅតុលាការនៅទីក្រុងបាងកកនៅថ្ងៃនេះថា អ្នកស្រីទទួលបានសាលដីកាកាលពី ២ថ្ងៃមុន ដែលបញ្ជាឲ្យរឹបអូសទ្រព្យសម្បត្តិរបស់អ្នកស្រី។

អ្នកស្រីបានថ្លែងថា ការសម្រេចរបស់តុលាការមិនត្រឹមត្រូវ និងមិនយុត្តិធម៌នោះឡើយ ហើយអ្នកស្រីនឹងប្រើគ្រប់មធ្យោបាយទាំងអស់ ដើម្បីប្រយុទ្ធនឹងក្ដីនេះ។ ផែនការស្រូវអង្ករនេះ គឺជាគោលនយោបាយដ៏មានប្រជាប្រិយ ដែលផ្ដួចផ្ដើមដោយអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បងប្រុសអ្នកស្រី យីងឡាក់ ដែលត្រូវបានបណ្ដេញចេញពីអំណាចកាលពីឆ្នាំ២០០៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ