មន្ទីរថាទឹកក្នុងអាងត្រពាំងថ្មកើនឡើងខ្លាំងដោយសារហូរមកពីថៃ

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០១៧​ ម៉ោង 9:19 AM | បរិស្ថានសង្គម | 0 | 4175 រូបភាពពីគេហទំព័រ អគ្គស្នងការដ្ឋាននគរបាលជាតិ

ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តបន្ទាយមានជ័យ អះអាងថា ទឹកក្នុងអាងត្រពាំងថ្ម បានកើនឡើងយ៉ាងខ្លាំងលើសពីចំនួនផ្ទុក ដោយសារ ហូរមកពីថៃនិងជំនន់ទឹកភ្លៀងក្នុងស្រុក ប៉ុន្តែ មិនទាន់ដល់កម្រិតប្រកាសអាសន្ននោះទេ។

តាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃសុក្រម្សិលមិញ​ បានឲ្យដឹងថា អាងទឹកស្តុកទឹកត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក បានកើនឡើងខ្លាំងលើសពីចំនួនកំណត់ បណ្តាលឲ្យប្រជាពលរដ្ឋមួយចំនួនព្រួយបារម្ភ។

ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តបន្ទាយមានជ័យ លោក យឹម ប៊ុនរ៉ុម បានឲ្យដឹងថា ទឹកក្នុងអាងត្រពាំងថ្ម បានកើនឡើងលើសពីចំនួនកំណត់នៅពេលនេះ គឺបណ្តាលមកពីមានជំនន់ទឹកភ្លៀងនៅខេត្តឧត្តរមានជ័យ ពិសេស ទឹកដែលហូរមកពីប្រទេសថៃ។

លោកបញ្ជាក់ថា អាងស្កុកទឹកត្រពាំងថ្ម អាចផ្ទុកទឹកបានចំនួន ១៨០លានម៉ែត្រគីប ប៉ុន្តែ កាលពីថ្ងៃទី ១៩ខែតុលា ទឹកបានហក់ឡើងយ៉ាងខ្លាំងលើសពីកម្រិតនៃការផ្ទុក របស់អាងស្កុកទឹកនេះ តែលោកថា មិនទាន់ដល់កម្រិតនៃការប្រកាសអាសន្ននោះទេ។

លោក យឹម​ ប៊ុនរ៉ុម បានបន្ថែមទៀតថា បើសិនជាទឹកនៅតែបន្តហក់ឡើង រហូតដល់លើសកម្រិតទឹកនៅពេលបច្ចុប្បន្ននេះកន្លះម៉ែត្រទៀត នោះទើបជាចំនុចដែលត្រូវប្រកាសអាសន្ន។លោក បានប្រកាសប្រាប់ប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្ន ដោយថា ភ្លៀងនៅតែបន្តធ្លាក់ រហូតដល់ថ្ងៃទី ១៤ខែវិឆ្ឆិកា ខាងមុខនេះ។

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required