នាយករដ្ឋមន្រ្តីអំពាវនាវកុំឲ្យកសិករលក់ស្រូវទាំងសើម

លោក ហ៊ុន សែន (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថា ទិន្នផលស្រូវរបស់កសិករនឹងបន្តធ្លាក់ចុះនៅរដូវប្រមូលផលខាងមុខនេះ ប្រសិនបើពួកគេប្រញាប់លក់ស្រូវទាំងសើម។

ក្នុងពិធីសម្ភោធផ្លូវមួយខ្សែក្នុងខេត្តរតនគិរី នៅថ្ងៃចន្ទទី២១ ខែវិច្ឆិកា ២០១៦នេះ លោក ហ៊ុន សែន បានអំពាវនាវកុំឲ្យកសិករប្រញាប់លក់ស្រូវទាំងសើមដោយថា ប្រសិនបើកសិករលក់ស្រូវទាំងសើម នឹងទទួលបានតម្លៃថោក ហើយឈ្មួញកណ្តាលនឹងបន្តទម្លាក់តម្លៃថែមទៀត។

លោកបានជំរុញឲ្យកសិករអត់ធ្មត់ដោយរក្សាស្រូវទុកមួយរយៈនិងខិតខំធ្វើយ៉ាងណាឲ្យស្រូវមានគុណភាពល្អដើម្បីទុកលក់ពេលស្រូវឡើងថ្លៃទើបទទួលបានផលចំណេញច្រើន។

លោកបន្ថែមថា៖ «ដូច្នេះខ្ញុំ ព្រះករុណា អំពាវនាវចំពោះប្រជាពលរដ្ឋ មេត្តាខិតខំហាលស្រូវថែទាំស្រូវនេះទុកសិន នៅពេលដែលតម្លៃស្រូវឡើងថ្លៃ ចាំធ្វើការលក់ កុំលក់ទាំងស្រូវទទឹក ធ្វើឲ្យឈ្មួញបង្អាប់ថ្លៃ ឈ្មួញបង្អាប់ថ្លៃ ដោយសារតែកសិករមិនសម្ងួតអាស្រូវហ្នឹង ដល់គេឃើញស្រូវកាន់តែពិបាកមិនព្រមហាល ឈ្មួញកាន់តែបង្អាប់»។

អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សារឿង មានប្រសាសន៍ថា កសិករមិនអាចរក្សាទុកស្រូវបានយូរនោះទេ ដោយលោកថាបច្ចុប្បន្នកសិករកំពុងខ្វះឃ្លាំងស្តុកនិងខ្វះឡសម្ងួត ហើយម្យ៉ាងទៀតលោកថាកសិករភាគច្រើនជំពាក់លុយធានាគារ គឺត្រូវការលុយសងធានាគារវិញ។ លោកថា រដ្ឋាភិបាលគួរពង្រឹងការអនុវត្តផែនការរបស់ខ្លួន ដោយស្វែងរកទីផ្សារពីក្រៅប្រទេសនិងដាក់ថវិកាជាតិឲ្យបានច្រើនទៅក្នុងវិស័យកសិកម្ម ដើម្បីជួយដល់កសិករជាជាងជំរុញកសិករឲ្យរក្សាស្រូវទុក។

លោកបន្ថែមថា៖ «មេរៀនដែលរដ្ឋាភិបាលរៀនបានឆ្នាំនេះ ពិសេសលោកនាយករដ្ឋមន្រ្តីនិងក្រួសួងពាក់ព័ន្ធហ្នឹង ត្រូវដាក់ថវិកាជាតិទៅរដ្ឋសភាជាតិដើម្បីអនុម័ត។ អញ្ចឹងគួរតែដាក់ថវិកាជាតិឲ្យបានច្រើនទៅលើវិស័យកសិកម្ម ដើម្បីកសិករខ្ចីក្នុងការប្រាក់ទាប ដើម្បីកសិករដាំបន្លែនិងធ្វើស្រូវរបស់ពួកគេ»។

កសិករម្នាក់នៅខេត្តពោធិ៍សាត់ លោក ឆាំ ខន មានប្រសាសន៍ថា គាត់មិនអាចរក្សាទុកស្រូវឲ្យនៅយូរបានទេប្រសិនមានភ្លៀងធ្លាក់ គ្មានថ្ងៃហាល ហើយម្យ៉ាងទៀតលោកត្រូវការលុយសងធនាគារ។

លោកបន្ថែមថា៖ «ប្រឈមទី១ មានពេលដែលគាត់ច្រូត ហើយភ្លៀង គាត់មិនដឹងយកពេលហាលអីណា បើគាត់បន្តទុកស្រូវហ្នឹង អាចខូចគុណភាព មួយទៀតប្រសិនបើគាត់សម្ងួត ត្រូវសម្ងួតគឺត្រូវការរយៈពេលវែង ដើម្បីរក្សាស្រូវហ្នឹងឲ្យបានយូរ គាត់ត្រូវជំពាក់អង្គការហ្នឹងកាន់តែច្រើនថែមទៀត»។

ទោះជាយ៉ាងណានៅថ្ងៃនេះ លោកនាយករដ្ឋមន្រ្តីក៏អំពាវនាវសុំឲ្យធនាគារមានការយោគយល់ចំពោះកសិករនៅពេលរដូវប្រមូលផលនេះផងដែរ។

បើតាមលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រដ្ឋាភិបាលបានកំពុងសហការជាមួយប្រទេសមួយចំនួន ដើម្បីនាំស្រូវទៅក្រៅប្រទេសប្រមាណ៥០ម៉ឺនតោនក្នុងមួយឆ្នាំ ក្នុងនោះប្រទេសចិនទទួលទិញស្រូវពីកម្ពុជា២០ម៉ឺនតោន និងវៀតណាមសន្យាទិញ៣០ម៉ឺនតោនផងដែរ។

កាលពីថ្ងៃទី១៨ ខែកញ្ញា កសិករប្រមាណ១ពាន់នាក់នៅខេត្តបាត់ដំបងបាននាំគ្នាចាក់ស្រូវប្រមាណ៣០០គីឡូក្រាម បិទផ្លូវជាតិលេខ៥ ដើម្បីតវ៉ាទាមទារឲ្យរដ្ឋាភិបាលជួយដោះស្រាយរកទីផ្សារសម្រាប់លក់ស្រូវរបស់ពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ