ឡុង សុភី របូត​​​ខ្សែ​ក្រវាត់និងទឹកប្រាក់​​​​​​​​​៥ពាន់ដុល្លារ ​​ក្នុងជំនួប​ប៉ះថៃ

ឡុង សុភី និង Super Chhai (សុខ ឆាយ)

នៅទីបំផុតកីឡាករថៃបានក្លាយជាម្ចាស់ជើងឯកខុសពីការគ្រោងទុក ក្នុងការប្រកួតប្រភេទទម្ងន់៦៥គីឡូក្រាមសម្រាប់ព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់អន្តរជាតិ ដែលមានកីឡាករខ្មែរនិងបរទេសប្រជែងគ្នា។ នេះជាការប្រកួតដែលបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីរសៀលថ្ងៃទី៧ ខែកក្កដា និងជារដូវកាលទី១ ខណៈដែលរដូវកាលទី១ កីឡាករកម្ពុជា មឿណ សុខហ៊ុច ជាអ្នកគ្រងតំណាងម្ចាស់ខ្សែក្រវាត់។

យោងតាមការបញ្ជាក់របស់លោក ញាណ សុធី អ្នករៀបចំការប្រកួតបានអះអាងថា ព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់អន្តរជាតិនេះ មានការចូលរួមដោយកីឡាករកម្ពុជា៤រូបនិងកីឡាករថៃចំនួន៤រូប។ លោកថា នេះជាការប្រកួតវគ្គទី២ ដោយកីឡាករទាំង៤ត្រូវកំណត់ចែកពូលដាច់ដោយឡែក គឺមួយក្រុមកម្ពុជា និងមួយក្រុមខាងបរទេស។ កីឡាករក្នុងក្រុមនីមួយៗ ប្រកួតខ្វែងគ្នាទៅវិញទៅមក ហើយសន្សំពិន្ទុក្នុងពូលរៀងខ្លួន ដើម្បីស្វែងរកអ្នកមានពិន្ទុខ្ពស់ជាងគេក្នុងក្រុមកម្ពុជា និងមួយរូបក្នុងក្រុមថៃអោយឡើងប្រកួតយកលេខ១និងលេខ២ ឬប្រកួតយកទឹកប្រាក់២០លានរៀល ស្មើនឹង៥ពាន់ដុល្លារ និងខ្សែក្រវាត់ជើងឯក។

លោកបានពន្យល់ថា កីឡាករខ្មែរត្រូវប្រកួតជាមួយកីឡាករបរទេសក្នុងម្នាក់៤ប្រកួត ហើយបន្ទាប់ពីការប្រកួតចប់ គឺយកពិន្ទុដែលពួកគេបានទទួលយកមកគិតសម្រាប់តែក្រុមរបស់ពួកគេប៉ុណ្ណោះ ដោយកីឡាករកម្ពុជានិងកីឡាករបរទេសណាទទួលបានពិន្ទុនាំមុខគេ២រូប នឹងត្រូវឡើងប្រកួតវគ្គខ្វែងឬហៅថាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ យ៉ាងណាក៏ដោយ លោកបានសម្ដែងការសោកស្ដាយ ដោយសារតែវគ្គផ្ដាច់ព្រ័ត្រ គឺកីឡាករ ឡុង សុភី ដែលមានការរំពឹងខ្លាំងថានឹងក្លាយជាម្ចាស់ជើងឯក បានចាញ់ពិន្ទុកីឡាករថៃ ហើយរបូតទឹកប្រាក់៥ពាន់និងតំណែងជើងឯកសម្រាប់រដូវកាលទី២របស់ក្រុមហ៊ុនស្រាក្នុងស្រុកមួយ។

លោក ញាណ សុធី បន្តថា កីឡាករ២រូបចុងក្រោយដែលបានឡើងប្រកួតដណ្ដើមគ្នាយកខ្សែក្រវាត់ជើងឯកអន្តរជាតិនោះ គឺកីឡាករ ឡុង សុភី មកពីក្លឹបសាលវន្តកីឡានិងកីឡាករថៃ Super Chhai។ កីទ្បាករទាំងពីរបានឡើងប្រកួតគ្នាយ៉ាងស្វិតស្វាញបំផុត ដោយសារតែម្នាក់ៗសុទ្ធតែចង់ដណ្ដើមយកចំណាត់ថ្នាក់លេខ១ ដើម្បីគ្រងតំណែងជាម្ចាស់ខ្សែក្រវាត់។

លោកនិយាយថា៖ «សម្រាប់ជើងឯកអន្តរជាតិស្រាប៊ៀកម្ពុជាគឺជាលើកទី២ ហើយព្រឹត្តិការណ៍នេះកាលពីរដូវកាលទី១ កីឡាករកម្ពុជាដណ្ដើមបានជើងឯក ចឹងហើយទើបខ្ញុំស្ដាយដែលរដូវកាលលើកទី២ ឡុង សុភី ត្រូវគេមើលឃើញថានឹងមានឱកាសសម្រាប់ខ្សែក្រវាត់នេះដូចគ្នា តែគាត់នៅតែទៅមិនរួចជាមួយកីឡាករថៃ»។

លោកថា មឿន សុខហ៊ុច គឺជាម្ចាស់ខ្សែក្រវាត់អន្តរជាតិជំនាន់ទី១របស់ព្រឹត្តិការណ៍នេះ ហើយសម្រាប់រដូវកាលទី២ កីឡាករថៃ Super Chhai ជាអ្នកក្ដោបក្ដាប់ខ្សែក្រវាត់នេះម្ដង។ លោកចាត់ទុកជាការស្មើភាពដែលការប្រកួតអន្តរជាតិ២លើកដែលបានធ្វើឡើង គឺថៃនិងកម្ពុជាទទួលបានមួយម្នាក់ បន្ទាប់ពីព្រឹត្តិការណ៍នេះតម្រូវអោយកីឡាករថៃនិងខ្មែរប្រកួតគ្នាចំនួន២រដូវមកហើយ។ លោកថាព្រឹត្តិការណ៍នេះមិនមានចំណាត់ថ្នាក់លេខ៣និងលេខ៤នោះទេ ដោយសារតែការប្រកួតជើងឯកជាលក្ខណៈអន្តរជាតិនេះ គឺគណៈកម្មការប្រដាល់សម្រេចអោយមានតែជើងឯកនិងជើងឯករង។

លោក ញាណ សុធី បន្តថាក្រោយពេលទទួលបានតំណែងជើងឯក កីឡាករថៃនឹងត្រូវរៀបចំឲ្យប្រកួតជាលក្ខណៈការពារខ្សែក្រវាត់អន្តរជាតិជាមួយកីឡាករជើងឯករងក្នុងរយៈពេលពី៣ទៅ៦ខែក្រោយ ដោយលោកក៏រំពឹងថាការប្រកួតដណ្ដើមខ្សែក្រវាត់នៅក្នុងពេលនោះ ក៏ពិតជាឱកាសរបស់កីឡាករកម្ពុជា ឡុង សុភី ផងដែរ។

ងាកមកកាន់កីឡាករ ឡុង សុភី គេចាប់អារម្មណ៍ថា លោកមានការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានប្រើពេល៥ទឹក  តែមិនអាចយកប្រៀបលើកីឡាករថៃជាគូប្រកួតបាន។ លោកត្រូវគេឃើញញញឹមទទួលយកលទ្ធផល ប៉ុន្តែនៅខាងក្រោយឆាកលោកបានបញ្ជាក់ទាំងហួសចិត្តថា មិនសមនឹងរបូតខ្សែក្រវាត់សម្រាប់ការប្រកួតដ៏សំខាន់នេះទាល់តែសោះ។

លោកថា ខ្លួនពិបាកវាយចូលកីឡាករ Super Chhai ទើបបណ្ដាលឲ្យឱកាសឈ្នះពិន្ទុមិនអាចកើតឡើង កុំថាដល់វាយអោយកីឡាករថៃសន្លប់មុនទឹកទី៥។ លោកថាខ្លួនស្ដាយដោយសារតែចំណាត់ថ្នាក់ជើងឯកនិងចំណាត់ថ្នាក់ជើងរង ខុសគ្នាទាំងកិត្តិយសនិងប្រាក់រង្វាន់។ លោកទទួលបានតែទឹកប្រាក់១២លានរៀល ស្មើនឹង៣០០០ដុល្លារប៉ុណ្ណោះ បន្ថែមពីលើពានកិត្តិយសក្នុងនាមជាជើងឯករងសម្រាប់ព្រឹត្តិការណ៍អន្តរជាតិនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ