អាជ្ញាធរខេត្ដសៀមរាប​ហាមជនបរទេសបើកបរយាន​យន្ត​ក្នុង​ខេត្ត​នេះ

ជនបរទេសបើកបរយាន​យន្ត​ក្នុង​ខេត្តសៀមរាប

អាជ្ញាធរខេត្ដសៀមរាប បានសម្រេច​ហាមឃាត់​អាជីវករកម្ពុជា មិន​ឲ្យ​ជួលយានយន្ដគ្រប់ប្រភេទ ឲ្យទៅភ្ញៀវទេសចរណ៍បរទេស ដោយលើក​ឡើង​ថា ជន​បរទេស​បើកបរ​មិនគោរពច្បាប់ចរាចរណ៍​ប្រទេសនេះ ដែលឲ្យបង្កគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់។

អាជ្ញាធរ​ខេត្ត​សៀមរាប បាន​សម្រេច​បែប​នេះ នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​មួយ​ចុះ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​កន្លង​មក​នេះ ដែល​វីអូឌី​ទើប​ទទួល​បាន​នៅ​ថ្ងៃ​នេះ។

ក្នុង​លិខិត​ជូន​ដំណឹង​នោះ អាជ្ញាធរ​ខេត្ត​នេះ បាន​ជូន​ដំណឹង​ទៅ​ម្ចាស់​អាជីវកម្ម​កម្ពុជា​នៅ​ក្នុង​ខេត្ត​នេះ​ទាំង​អស់ មិន​អនុញ្ញាត​ឲ្យ​ជួល ឬផ្ដល់មធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ ទៅ​ដល់ជនបរទេសទេស​នោះ​ឡើយ។ អាជ្ញាធរ​ខេត្ត​នេះ អះ​អាង​ថា ភ្ញៀវ​ទេសចរ​បរទេស​ មិនគោរពច្បាប់ចរាចរណ៍​កម្ពុជា ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់។

អាជ្ញាធរបានព្រមានចាត់វិធានការតាមផ្លូវច្បាប់​ចំពោះម្ចាស់អាជីកម្ម ឬ​បុគ្គលណាមួយ ដែល​បានផ្ដល់យានយន្ដគ្រប់​ប្រភេទ ដល់​ភ្ញៀវ​ទេសចរអន្ដរជាតិ ឬជនបរទេស ឲ្យ​ធ្វើដំណើរដោយខ្លួនឯង ប៉ុន្តែ សេចក្ដី​សម្រេច​នេះ មិន​គ្រប​ដណ្ដប់​ល​ទោចក្រ​យាន និងកង់ដើរ​ដោយ​ថាមពល​អគ្គិសនីនោះ​ឡើយ។

ក្រៅ​ពី​ភ្ញៀវ​ទេសចរ អាជ្ញាធរ​ខេត្ត​នេះ បាន​តម្រូវ​ឲ្យ​ជន​បរទេស​ដែល​បម្រើ​ការងារ​ និង​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា ត្រូវ​មាន​ប័ណ្ណ​បើក​បរ សម្រាប់​យាន​យន្ត​មាន​កម្លាំង​លើស​ពី ១២៥​CC៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ