ប្រវត្តិជីវិតនិងនយោបាយរបស់លោក Robert Mugabe

បើគេនិយាយពីមេដឹកនាំដែលមានអាយុច្រើនជាងគេនៅលើពិភពលោក​នោះ គេនឹកដល់ លោក រ៉ូប៉ឺត មូហ្គាបេ អាយុ៩៣ឆ្នាំ ជាមេដឹកនាំចាស់ជាងគេនៅលើពិភពលោក​។​

មេដឹកនាំរូបនេះបើនិយាយពីអាយុគឺចាស់ជាងគេ ប្រៀបធៀបជាមួយមេដឹកនាំផ្សេងៗទៀតលើពិភពលោក​។​លោកដឹកនាំប្រទេស៣៧ឆ្នាំ គឺចាប់តាំងពីឆ្នាំ១៩៨០ ក្រោយពេលដែលប្រទេសនេះទទួលបានឯករាជ្យពីប្រទេសអង់គ្លេស។ លោកស្ថិតនៅក្នុងលេខរៀងទី៣ នៃមេដឹកនាំដែលស្ថិតនៅក្នុងតំណែងយូរបំផុតនៅលើពិភពលោក​ បន្ទាប់ពីលោក Paul Biya មេដឹកនាំប្រទេសកាម៉ារ៉ូន ស្ថិតនៅក្នុងតំណែង៤២ឆ្នាំ និង​លោក Teodoro Obiang Nguema Mbasogo មេដឹកនាំប្រទេសហ្គេនេ អ៊ឺក្វាតូរីយ៉ាល់ ដឹកនាំប្រទេស៣៨ឆ្នាំ។​

មេដឹកនាំវ័យចំណាស់នេះ ត្រូវពួកយោធាដកហូតតំណែង ហើយឃុំខ្លួននៅក្នុងផ្ទះកាល ពីថ្ងៃទី១៥ខែច្ឆិកា បន្ទាប់មកសភាបោះឆ្នោតព្យួរការងារ និងបានដកតំណែងកាល ពីថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា។​

ពេលនេះយើងតាមដានពីប្រវត្តិរបស់មេដឹកនាំវ័យចាស់រូបនេះ តើមានចំណុចអ្វីដែលគួរឲ្យចាប់អារម្មណ៍។​

ស្ថានភាពគ្រួសារនិងការសិក្សា

លោក មូហ្គាបេ កើតថ្ងៃទី២១ខែកុម្ភៈឆ្នាំ១៩២៤ នៅជិតទីក្រុង Kutamaនៅភាគខាងជើងរដ្ឋ ធានី Salisbury (បច្ចុប្បន្ន​ឈ្មោះ Harare ជារដ្ឋធានីរបស់ហ្ស៊ីមបាវេ)។ លោកកើតក្នុងគ្រួសារក្រីក្រមួយនៃជនជាតិភាគតិច Shona ប៉ុន្តែលោកបានសិក្សាបញ្ចប់នៅសាកលវិទ្យាល័យ និងបានធ្វើជាគ្រូបង្រៀននៅតាមមហាវិទ្យាល័យនានាទៀតផង។​

លោកបានរៀបការជាមួយប្រពន្ធទី១ឈ្មោះ ហ្កាន់ណៃអាន ហៃហ្វន់ ហើយប្រពន្ធរបស់លោក​រូបនេះ​បានស្លាប់នៅឆ្នាំ១៩៩២ ហើយលោករៀបការជាមួយប្រពន្ធទី២ គឺជាមួយ​លោកស្រី មូលហ្គាបេ ហ្រ្គាស នៅឆ្នាំ១៩៩៦។ ជាចំណងដៃជាមួយប្រពន្ធទាំងពីរ មេដឹកនាំអាយុជិត១០០ឆ្នាំរូបនេះ មានកូនចំនួន​៤នាក់។​

ជីវិតនយោបាយ

លោក មូហ្គាបេ លេចមុខល្បីនៅពេលដែលលោកចូលរួមជាមួយកម្លាំងដឹកនាំធ្វើបដិវត្ត និងធ្វើសង្គ្រាមបង្ហូរឈាមប្រឆាំងជាមួយពួកអាណានិគមន៍អង់គ្លេស។ លោកត្រូវបានរដ្ឋាភិបាលក្រោមអាណានិគមន៍ ចាប់ខ្លួនដាក់ពន្ធនាគារកាលពីឆ្នាំ១៩៦៤ ហើយត្រូវបានដោះលែងវិញនៅឆ្នាំ១៩៧៣ រយៈពេលជាប់ពន្ធនាគារប្រមាណ​១០ឆ្នាំ។​

លោក មូហ្គាបេ បន្តដឹកនាំកម្លាំងទ័ពព្រៃច្បាំងប្រឆាំងទាមទារឯករាជ្យពីអាណានិគមអង់គ្លេស ហើយទទួលបានឯករាជ្យនៅឆ្នាំ១៩៨០។

ក្រោយការទទួលបានឯករាជ្យ លោក មូហ្គាបេ ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ហើយនៅឆ្នាំ១៩៨៧លោក ជាប្រធានាធិបតី។​

ការបង្ក្រាបលើក្រុមប្រឆាំង

ក្រោយការឡើងកាន់តំណែងភ្លាមរបស់លោកមានការសរសើរថា បម្រើសេវាសាធារណៈបានល្អរួមទាំងការកសាងសាលារៀននិងមន្ទីរពេទ្យជាដើម។ ប៉ុន្តែក្រោយមក លោកក្លាយជាមេដឹកនាំដែលវាយបង្ក្រាបសម្លាប់អ្នកដែលចេញមុខប្រឆាំងយ៉ាងព្រៃផ្សៃនៅក្នុងអំឡុងឆ្នាំ១៩៨៧។​

តាមរបាយការណ៍របស់គណៈកម្មាធិកាកាតូឡិច ដើម្បីយុត្តិធម៌និងសន្តិភាពបង្ហាញថា លោក មូហ្គាបេ បានសម្លាប់ក្រុមដែលប្រឆាំងដឹកនាំដោយលោក ចូសហួ កូមូ អស់ជាង២០ ០០០នាក់។​

ជាបន្តបន្ទាប់ទៀត លោក មូហ្គាបេ រងការចោទថា ជាមេដឹកនាំហិង្សាបង្ក្រាបលើក្រុមដែលហ៊ានចេញមុខតវ៉ាដោយមិនមានការយោគយល់ទេ។​ លោកក៏រងការចោទថា ប្រព្រឹត្តអំពើពុករលួយ បក្ខពួកនិយម និងការបំពានច្បាប់ដើម្បីតែផលប្រយោជន៍បក្ខពួក។​

មូលហេតុនៃការដកហូតតំណែង

ក្រុមយោធាបានដកហូតតំណែងលោក រ៉ូប៉ឺត មូហ្គាបេ កាលពីថ្ងៃទី១៥ ដោយសារមេដឹកនាំវ័យ៩៣ឆ្នាំរូបនេះ ត្រៀមរៀបចំ​ប្រពន្ធទី២របស់លោកឲ្យគ្រប់គ្រងគណបក្សនិងឈរជាបេក្ខភាពប្រធានាធិបតី សម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយ នាំឲ្យមានជម្លោះផ្ទៃក្នុងនៃគណបក្សកាន់អំណាច។​

បន្ទាប់ពីការដកហូតតំណែងហើយ លោក មូហ្គាបេ ក៏កំពុងតែប្រឈមមុខជាមួយផ្លូវតុលាការទៀតដែរ ជុំវិញបទល្មើសផ្សេងៗ រួមទាំងអំពើពុករលួយកឹបកេងលុយជាតិ។​

លោក មូហ្គាបេ មានលុយរាប់ពាន់លានដុល្លារ និងទ្រព្យសម្បត្តិជាច្រើនទៀតរក្សាទុកនៅក្រៅប្រទេស រួមមាននៅអាហ្វ្រិកខាងត្បូង នៅចិន សិង្ហបុរី និងនៅប្រទេសម៉ាឡេស៊ីជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ